ភ្នំពេញ: ក្រុមហ៊ុន Khmer Fresh Milk ដែល​កំពុង​វិនិយោគ​លើ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ ១ ​កន្លែង​នៅលើ​ផ្ទៃដី​ទំហំ ៣០០ ​ហិកតា ​ក្នុង​ខេត្តតាកែវ គ្រោង​នឹង​ចាប់ផ្តើម​ពង្រីក​ការចែកចាយ​ផលិតផល​ទឹកដោះគោ​ខ្លួន​ទៅកាន់​ផ្សារ​ទំនើប​ធំៗ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍​ខាងមុខ​នេះ​។

Khmer Fresh Milk ជា​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ដែល​បាន​បណ្តាក់ទុន​ ១០ ​លាន​ដុល្លារ​ លើ​ការវិនិយោគ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ (Kirisu Farm) នឹង​មាន​រោងចក្រ​កែច្នៃ​​ទឹកដោះគោ​ស្រស់​ផ្ទាល់ខ្លួន​ផងដែរ​។

លោក ជី សិលា សហស្ថាបនិក​ក្រុមហ៊ុន Khmer Fresh Milk បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នៅពេល​នេះ​ក្រុមហ៊ុន​លោក​បាន​ចែកចាយ​ផលិតផល​ទឹកដោះគោ​ស្រស់ យ៉ាអួរស្រស់ និង​ប៊័រ​នៅ​ផ្សារ​ទំនើប​បាយ័ន​ក្នុង​ទីក្រុង​ភ្នំពេញ​រួចហើយ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ការចែកចាយ​បន្ថែម​ទៀត​នៅ​សប្តាហ៍​ក្រោយ​។

លោក​ថ្លែងថា​៖ «​ផលិតផល​របស់​យើង​បាន​តាំង​លក់​នៅ​ផ្សារ​ទំនើប​បាយ័ន​រួចហើយ​កាលពី​ពេល​ថ្មីៗ​នេះ​។ ដោយមាន​ការគាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន យើង​នឹង​ពង្រីក​ការចែកចាយ​ផលិតផល​របស់​យើង​បន្តទៀត​នៅតាម​ផ្សារ​ទំនើបៗ​ដូចជា ផ្សារឡាក់គី អ៊ីអន និង​ម៉ាក្រូ ជាដើម​នៅក្នុង​សប្តាហ៍​ទី​ ២ ខែកញ្ញា​ នេះ​»​។

លោក​ឲ្យ​ដឹង​ទៀតថា កសិដ្ឋាន​គិរីសួគ៌ (Kirisu Farm) មាន​ចក្ខុវិស័យ​នាំយក​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​ផលិត​តាម​បច្ចេកទេស​កសិកម្ម​ទំនើប និង​ការកែច្នៃ​ចំណីអាហារ​តាម​ស្តង់ដា​អនាម័យ​លំដាប់​ពិភពលោក​មក​ទីផ្សារ​កម្ពុជា​។

លោក​បន្តថា​៖ «​ផលិតផល​របស់​យើង​មាន​រសជាតិ​ឆ្ងុយឆ្ងាញ់​នឹង​លក់​ក្នុងតម្លៃ​សមរម្យ ឬ​ទាប​ជាង​តម្លៃ​ទីផ្សារ​បន្តិច​»​។

បច្ចុប្បន្ន​កសិដ្ឋាន Kirisu Farm មាន​សមត្ថភាព​ផលិត​ទឹកដោះគោ​ស្រស់​បាន​ចន្លោះ​ពី ៥ ០០០ ទៅ ៦ ០០០ លីត្រ​ក្នុង​ ១ ​ថ្ងៃ ហើយ​នឹង​អាច​ផលិត​បាន ១០ ០០០ ​លីត្រ​ក្នុង​ ១ ​ថ្ងៃ​ នៅពេលដែល​ដំណើរការ​ផលិតកម្ម​ពេញលេញ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងអំឡុងពេល​ទស្សនកិច្ច​កសិដ្ឋាន Kirisu Farm កាលពី​សប្តាហ៍​មុន​បាន​និយាយថា គម្រោង​វិនិយោគ​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការលើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ជួយ​នាំយក​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ វៃឆ្លាត និង​ចុងក្រោយ​មក​ប្រើ​ក្នុង​ការចិញ្ចឹម និង​ផលិត​ទឹកដោះ ដើម្បី​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​»​។

លោក​បន្ថែមថា​៖ «​គម្រោង​ពិតជា​បាន​បំពេញ​ឲ្យ​ខ្សែចង្វាក់​ផលិតកម្ម​គ្រប់​ជ្រុងជ្រោយ​ស្រប​តាម​ឆន្ទៈ​ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម​ជាមួយ​វិស័យ​ឯកជន ដើម្បី​បង្កើន​តម្លៃបន្ថែម និង​កាត់បន្ថយ​ការនាំចូល​ផលិតផល​ទឹកដោះ ធានា​បាន​នូវ​អាហារូបត្ថម្ភ​ដល់​កុមារ​»​។

យោងតាម​លោក គួច សុខលី នាយកចាត់ការ​ទូទៅ​ក្រុមហ៊ុន Khmer Fresh Milk ក្រុមហ៊ុន​បាន​នាំចូល​គោ​សម្រាប់​ផលិត​ទឹកដោះ​ពូជ Holstein heifers ចំនួន ៥៦០ ​ក្បាល​ ពី​អូស្ត្រាលី​ក្នុង​នោះ​គោ​ចំនួន​ ៣០០ ក្បាល​ កំពុង​ផលិត​ទឹកដោះ​។ ជា​មធ្យម​គោ ១ ​ក្បាល​ អាច​ផលិត​ទឹកដោះ​បាន​ចំនួន ២០ លីត្រ​ក្នុង​ ១ ​ថ្ងៃ​។

ក្រៅពី​កសិដ្ឋាន Kirisu Farm នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ចំនួន ២ ​កន្លែង​ទៀត​ដែល​កសិដ្ឋាន​ទាំង ២ មាន​សមត្ថភាព​ផលិត​ទឹកដោះ​បាន​ប្រមាណ ២ ០០០ ​លីត្រ​ ក្នុង​ ១ ​ថ្ងៃ​៕LA