ភ្នំពេញៈ បើ​ទោះ​ទើប​ដាក់លក់​លើ​ទីផ្សារ​ពេល​ខ្លី​ក៏ដោយ ក៏​តម្រូវការ​ទឹកដោះ​គោ​ស្រស់​ផលិត​ក្នុងស្រុក Kirisu Farm ត្រូវគេ​ដឹងថា កំពុង​ទទួល​នូវ​ការចាប់អារម្មណ៍​យ៉ាងច្រើន​នៅលើ​ទីផ្សារ​។ នេះ​បើតាម​សហ​ស្ថាបនិក​ក្រុមហ៊ុន Khmer Fresh Milk​។

Kirisu Farm ជា​ផលិតផល​របស់​ក្រុមហ៊ុន Khmer Fresh Milk ដែល​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់ ១០ ​លាន​ដុល្លារ​ លើ​កសិដ្ឋាន​ចិញ្ចឹម​គោ​ ១ ​កន្លែង​មាន​ផ្ទៃដី ៣០០ ​ហិកតា និង​មាន​រោងចក្រ​កែច្នៃ​ទឹកដោះគោ​ស្រស់​ស្ថិត​ក្នុង​ស្រុក​បាទី ខេត្តតាកែវ​។

លោក ជី សិលា សហស្ថាបនិក​ក្រុមហ៊ុន Khmer Fresh Milk បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទោះ​ទើប​ចូល​ទីផ្សារ​បាន​ជិត​កន្លះ​ឆ្នាំ ប៉ុន្តែ​ផលិតផល​ទឹកដោះគោ​ស្រស់ និង​យ៉ាអ៊ួរ​របស់ Kirisu Farm ពិតជា​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ជា​បន្តបន្ទាប់ ដោយសារ​តែ​ផលិតផល Kirisu Farm ត្រូវបាន​ផលិត​ពី​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ ជាមួយ​នឹង​បច្ចេកទេស​កសិកម្ម​ទំនើប និង​ការកែច្នៃ​ចំណីអាហារ​តាម​ស្តង់ដា​អនាម័យ​លំដាប់​ពិភពលោក​។

លោក​ថ្លែងថា​៖ «​ទោះបី​យើង​ទើប​ដាក់ចូល​ទីផ្សារ ប៉ុន្តែ​កំណើន​តម្រូវការ​ផលិតផល Kirisu Farm បាន​កើនឡើង​ជា​លំដាប់ គ្រាន់តែ​នៅពេល​នេះ​ក្រុមហ៊ុន​នៅ​មិនទាន់​មាន​ប្រព័ន្ធ​ចែកចាយ​ (​រថយន្ត​ត្រជាក់​) ​គ្រប់គ្រាន់​»​។

ជាមួយ​នឹង​កំណើន​តម្រូវការ​លោក​បាន​អះអាង​ថា នៅ​ដើមឆ្នាំ​ ២០២១ ខាងមុខ​ក្រុមហ៊ុន​សង្ឃឹមថា ការចែកចាយ​នឹងមាន​វិសាលភាព​កាន់តែ​ធំ​។

បន្ទាប់ពី​បើក​ដំណើរ​រោងចក្រ​កែច្នៃ​ទឹកដោះគោ​ស្រស់​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០២០ បច្ចុប្បន្ន​កសិដ្ឋាន​នេះ​មាន​គោ​ផ្តល់​ទឹកដោះ​ពូជ Holstein heifers ជាង ៥០០ ​ក្បាល​ និង​មាន​សមត្ថភាព​ផលិត​ទឹកដោះ​បាន​ជាង ៨ ០០០ ​លីត្រ ​ក្នុង ១ ​ថ្ងៃ ហើយ​អាច​កើន​ដល់ ១២ ០០០ ​លីត្រ​នៅពេល​ឆាប់ៗ​។

ខណៈ​តាម​ផ្សារ​ទំនើប​ក្នុង​រាជធានីភ្នំពេញ​គេ​តែង​សង្កេតឃើញ​មាន​ដាក់លក់​ទឹកដោះគោ​ស្រស់​ភាគច្រើន​នាំចូល​ពី​បរទេស​នោះ​លោក សិលា បាន​ប្រាប់ថា កម្ពុជា​បាន​នាំចូល​ទឹកដោះគោ​ស្រស់​ស្ទើរ​ទាំងស្រុង​ពី​បរទេស​។

បើតាម​លោក សិលា Kirisu Farm កំពុង​ត្រូវបាន​ដាក់លក់​នៅ​ផ្សារ​ជាច្រើន​ដូចជា ម៉ាក្រូ ឡាក់គី បាយ័ន ស៊ូភើស្ទ័រ និង​ជីបម៉ុង ជាដើម​។

ក្រៅពី Kirisu Farm នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ធំៗ​ចំនួន ២ ​កន្លែង​ទៀត គឺ​កសិដ្ឋាន​ផលិត​ទឹកដោះគោ​តេជោ​សែន​ឫស្សីត្រឹប និង​កសិដ្ឋាន Moo Moo Farms៕ LA