ភ្នំពេញៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង Kiwi Pay Group បានប្រកាស​ពី​ការច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង Meal Temple Group ដែល​ចែកចាយ​ស្បៀងអាហារ និង​គ្រឿងទេស​កម្ពុជា​ដើម្បី​បង្កើត​កម្មវិធី​ថ្មី​មួយ​ដែល​ហៅថា «KiwiGo»​។ នេះ​បើ​យោងតាម Tech in Asia​។

ព័ត៌មាន​ Tech in Asia បានឱ្យដឹងថា កម្មវិធី​នេះ​នឹង​រួមបញ្ចូល​នូវ​មាតិកា ដូចជា ពាណិជ្ជកម្ម ឡូជីស្ទិក និង​សេវា​ហិរញ្ញវត្ថុ​នៅ​ទីផ្សារ​អាហ្វ្រិក និង​អាស៊ី ដែល​សម្របសម្រួល​ដោយ​ដៃគូ​ប្រតិបត្តិការ​ក្នុងស្រុក​។

លោក Maxime Rosburger អគ្គនាយក​ក្រុមហ៊ុន Meal Temple Group បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន Kiwi Pay និង​ក្រុមហ៊ុន Meal Temple មាន DNAs ស្រដៀង​គ្នា យើង​ដំណើរការ​ដោយ​មាន​ការគ្រប់គ្រង​កាន់តែ​ប្រសើរ​នៃ​ចង្វាក់​តម្លៃ​ជា​ដំណើរ​ផ្លូវ​ថ្មី​ឆ្ពោះ​ទៅ​ទីផ្សារ និង​ធ្វើឱ្យ​មាន​ភាពប្រសើរ​ឡើង​»​។

លោក​កត់សម្គាល់​ថា​៖ «​ក្រុមហ៊ុន​ទាំង​ ២ បានផ្ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏ធំធេង​ដើម្បី​ធានា​ឱ្យ​ការច្របាច់​បញ្ចូល​គ្នា​ប្រកប​ដោយ​ជោគជ័យ ដែល​ស្រប​គ្នា​នឹង​ការធ្វើ​ចត្តាឡីស័ក ការបិទ​ការធ្វើ​ដំណើរ និង​រាល់​បញ្ហា​ប្រឈម​ជាច្រើន​ផ្សេងទៀត​ដែល​បាន​បណ្ដាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

កម្មវិធី KiwiGo មាន​កិច្ចព្រមព្រៀង និង​អាជ្ញាប័ណ្ណ​ជាមួយ​ធនាគារកណ្ដាល និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ជាង ២០ ​នៅ​អាហ្វ្រិក និង​អាស៊ី​ដែល​រួមមាន​កម្ពុជា មីយ៉ាន់ម៉ា និង​សាធារណរដ្ឋ​កុងហ្គោ កេនយ៉ា កូតឌឺវ័រ ម៉ាដាហ្កាស្កា សេណេហ្គាល់ និង​ហ្គាណា​។ នេះ​បើ​យោងតាម​របាយការណ៍​។

លោក Gregory Schmidt ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Kiwi Pay ប្រកាសថា​៖ «​អាស៊ី និង​អាហ្វ្រិក គឺជា​កន្លែង​ដែល​ប្រជាជន​មិន​ទទួលបាន​សេវា​ធនាគារ​ភាគច្រើន​លើ​ពិភពលោក​។ ជាមួយ​គ្នា​នេះ​យើង​នឹង​បន្ត​វិនិយោគ​លើ​បចេ្ចកវិទ្យា និង​ទីផ្សារ​ជួរមុខ និង​បង្ក​លទ្ធភាព​ទទួល​បាន​សេរីភាព​សេដ្ឋកិច្ច​សម្រាប់​មនុស្ស​គ្រប់គ្នា និង​ក្រុមហ៊ុន​ក្នុង​សេដ្ឋកិច្ច​ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​បំផុត​នេះ​»​។

កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក កាលពី​ថ្ងៃទី​ ២៥ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ក្នុង​បំណង​ដើម្បី​សម្រេចបាន និង​ជំរុញ​ឆ្ពោះ​ទៅ​រក​កំណើន​ប្រកួតប្រជែង​ទាក់ទង​នឹង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​៕ LA