ភ្នំពេញៈ ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក (KNPG Investment) បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការវិនិយោគលើអាជីវកម្មរ៉ែខ្សាច់ស្រុកគិរីសាគរ ខេត្តកោះកុង។
ការទទួលសិទ្ធិអាជីវកម្មនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់សបន្តពីក្រុមហ៊ុន SIBELCO (Cambodia) Company Limited។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងកាលពីថ្ងៃទី ១៣ ឧសភា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអាជីវកម្មរ៉ែខ្សាច់ស ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគររបស់ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន តាមអនឡាញ។
លោក ភ័ក្ត្រា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយពីការស្តាប់របាយការណ៍ និងបទបង្ហាញរបស់តំណាងក្រុមហ៊ុនឃើញថា គម្រោងអាជីវកម្មរ៉ែខ្សាច់សនេះជាគម្រោងអាជីវកម្មចាស់ដែលក្រុមហ៊ុនបានទទួលសិទ្ធិបន្តពី SIBELCO។
លោកឱ្យដឹងទៀតថា គម្រោងនេះមិនមានផលប៉ះពាល់ច្រើននោះទេ ប៉ុន្តែរដ្ឋបាលខេត្តបានស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានច្បាស់អំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការគ្រប់គ្រងសំរាម និងកាកសំណល់រឹងឱ្យបានត្រឹមត្រូវ។
លោកនិយាយថា៖ «យើងសូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះនៅក្នុង និងក្បែរទីតាំងគម្រោងវិនិយោគ ហើយរាល់ការសាងសង់ និងអនុវត្តគម្រោងអាជីវកម្មរ៉ែខ្សាច់ស របស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែមេសា ឆ្នាំ ២០២០ បានអនុម័តគម្រោងវិនិយោគរោងចក្រកែច្នៃ ខ្សាច់សមានតម្លៃ ៦ លានដុល្លាររបស់ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតក្នុងឃុំព្រែកសណ្ដរ ស្រុកគិរីសាគរ ខេត្តកោះកុង។
លោក យស់ មុនីរ៉ាត់ អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា ក្រសួងរ៉ែ និងថាមពល បានសម្រេចបន្តអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុននេះ ហើយសព្វថ្ងៃក្រុមហ៊ុនកំពុងតែរៀបចំទីតាំងសង់រោងចក្រកែច្នៃខ្សាច់ស។
លោកថ្លែងថា៖ «អាជីវកម្មនេះ យើងមិនឱ្យនាំចេញខ្សាច់សទៅក្រៅប្រទេសទេ យើងចង់ឱ្យមានការកែច្នៃក្នុងស្រុកទៅជាផលិតផលសម្រេចតាមគម្រោងគេបង្កើតរោងចក្រកញ្ចក់។ ការបង្កើតរោងចក្រនេះនឹងជួយបង្កើនតម្លៃបន្ថែមជាជាងយើងនាំចេញវត្ថុធាតុដើម ហើយវាក៏នឹងបង្កើតការងារមួយចំនួនក្នុងស្រុកបន្ថែមទៀត»។
កាលពីដើមឆ្នាំ ២០២១ ក្រសួងរ៉ែ និងថាមពលបានប្រកាសដេញថ្លៃទីតាំងអាជីវកម្មល្បាយខ្សាច់សមុទ្រចំនួន ៧ ទីតាំងក្នុងខេត្តកោះកុង និងព្រះសីហនុដែលមានទំហំជាង ២ ០០០ ហិកតា។
បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទសរុបជាង ១០០ អាជ្ញាប័ណ្ណនៅទូទាំងប្រទេស។ ក្នុងឆ្នាំ ២០១៩ កម្ពុជារកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែប្រមាណ ២១ លានដុល្លារកើនជាង ៥ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដែលមានប្រមាណ ២០ លានដុល្លារ។ នេះបើតាមលោក មុនីរ៉ាត់៕