ភ្នំពេញ: យ៉ាង​ហោចណាស់​កសិករ​ជិត​ ៧០ ​គ្រួសារ​ដែលជា​សមាជិក​របស់​សមាគម​លើកកម្ពស់​ម្រេច​កំពត (KPPA) ​ដែល​ចុះបញ្ជី​ដំបូង​បំផុត​ផលិត​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​កាលពី​ឆ្នាំ​ ២០១០ ​នោះ​បាន​សម្រេច​ចិត្ត​ដកខ្លួន​ពី​សមាគម​ដ៏ល្បី​មួយ​នេះ ដោយសារ​បញ្ហា​ទីផ្សារ​ម្រេច​កំពត​នៅ​តូចចង្អៀត​។

លោក ងួន ឡាយ ប្រធាន KPPA បាន​អះអាង​ថា គិត​មកដល់​ពេល​នេះ សមាជិក​សមាគម​លើកកម្ពស់​ម្រេច​កំពត​ចំនួន ៦៨ គ្រួសារ​ ក្នុង​ចំណោម​ ៤៤៧ ​គ្រួសារ​ បាន​លាឈប់​ពី​សមាជិក​ភាព​ដែល​ចំនួន​ស្មើនឹង ៤០ ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​សរុប​ ២៩០ ​ហិកតា​។

លោក​និយាយថា​៖ «​ឆ្នាំនេះ​យើង​ឃើញ​មាន​កសិករ​ជាច្រើន​បាន​សុំលាលែង​ពី​សមាគម​យើង​។ គាត់​សុំ​ចេញ​ពី​យើង​ស្របពេល​ដែល​ដើម​ម្រេច​របស់គាត់​ងាប់​ដោយសារ​ខ្វះ​បច្ចេកទេស​ថែទាំ ហើយ​វា​ទន្ទឹម​នឹង​ទីផ្សារ​តូចចង្អៀត​»​។

លោក​បន្ថែម​ថា ទោះបី​មាន​ការដក​ខ្លួន​របស់​សមាជិក​ទាំងនេះ​នឹង​មិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ផលិតផល​ម្រេច​កំពត​នៅលើ​ទីផ្សារ​អន្តរជាតិ​ដែលមាន​ស្រាប់​នោះទេ ព្រោះ​ម្រេច​ផលិត​បាន​លើស​តម្រូវការ​ជា​រៀងរាល់​ឆ្នាំ​ដែល​ប្រមូលផល​បាន​ជាង​ ១០០ ​តោន ខណៈ​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ក្នុង​រង្វង់​ ៧០ តោន​ប៉ុណ្ណោះ ​ក្នុង​ ១ ​ឆ្នាំៗ​។ ទីផ្សារ​អឺរ៉ុប និង​អាមេរិក​នៅតែ​ជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ម្រេច​កំពត​។

លោក​ថ្លែងថា​៖ «​វា​មិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​អ្វី​នោះ​ទេ​។ ការពិត​ផលិតផល​យើង​នៅតែ​លើស​តម្រូវការ​ទីផ្សារ​ដែល​មាន​ជា​រៀងរាល់​ឆ្នាំ​។ យើង​កំពុង​ខិតខំ​ប្រឹងប្រែង​រក​ទីផ្សារ​ថ្មី​បន្ថែមទៀត​ដូចជា​នៅ​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន ទីក្រុង​ហុងកុង និង​កោះ​តៃវ៉ាន់​»​។

លោក ងួន ឡាយ មាន​សុទិដ្ឋិនិយម​ថា ម្រេច​កំពត​នឹង​មាន​ទីផ្សារ​ល្អ​ឡើងវិញ​ចាប់ពី​ឆ្នាំក្រោយ​តទៅ​ស្រប​ពេល​ក្រុមហ៊ុន EU Land and Investment Co. ​បាន​សន្យា​បង្កើន​ការបញ្ជា​ទិញ​ម្រេច​កំពត​បន្ថែមទៀត​។

បើតាម​ប្រធាន​សមាគម​រូបនេះ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ ក្រុមហ៊ុន​នេះ​បាន​បញ្ជា​ទិញ​ម្រេច​កំពត​ចំនួន​ ២ ​តោន​រួចហើយ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ឆែក​នៅ​តំបន់​អឺរ៉ុប​។

លោក​បញ្ជាក់ថា​៖ «​យើង​ឃើញថា​រហូត​មក​ដល់​ពេល​នេះ​មាន​គេ​បញ្ជា​ទិញ​ម្រេច​សម្រាប់​ត្រៀម​ឆ្នាំ​ ២០២១ ជាច្រើន​តោន​ហើយ​យើង​សង្ឃឹមថា​ទីផ្សារ​ម្រេច​នឹង​ធំ​ទូលាយ​ឡើងវិញ​»​។

ទិន្នផល​ម្រេច​ចំនួន​ជាង ៤ ១២១ តោន​រួមទាំង​ម្រេច​កំពត​ផង ត្រូវ​បាន​នាំចេញ​ទៅកាន់​តែ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ​ដោយ​មាន​កំណើន​ជាង ២១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ការអះអាង​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

កម្ពុជា​នាំចេញ​ម្រេច​សម្គាល់​ភូមិសាស្ត្រ (GI) និង​នៅ​ក្រៅ​តំបន់​សម្គាល់​ភូមិសាស្ត្រ​ក្នុង​អំឡុង​ពេលនេះ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​យ៉ាងហោច​ ២១ ​ប្រទេស​នៅ​តំបន់​អាស៊ី អឺរ៉ុប និង អាមេរិក​។

បើ​តាម​លោក ងួន ឡាយ គិត​ត្រឹម​ខែ​តុលា ម្រេច​កំពត​បាន​លក់​ចេញ​ក្នុង​រង្វង់ ៥០ ​តោន ខណៈ​ម្រេច​នៅក្នុង​ស្តុក​ប្រមាណ​ជិត​ ១០០ ​តោន​ ដោយ​ម្រេចខ្មៅ​ថ្លៃ​ ១៥ ​ដុល្លារ ម្រេច​ក្រហម​ថ្លៃ​ ២៥ ដុល្លារ និង​ម្រេចស​ថ្លៃ​ ២៨ ​ដុល្លារ​នៅក្នុង​ ១ ​គីឡូក្រាម​ដូចគ្នា​។

កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ម្រេច​ពី​សមាគម​លើកកម្ពស់​ម្រេច​កំពត សម្រេច​បាន​ចំនួន ៧៨ តោន ​នៃ​ទិន្នផល​សរុប​ ១២០ ​តោន​៕ LA