ភ្នំពេញៈ សមាគម​សហប្រតិបត្តិការ​សហគមន៍​ជនបទ​របស់​កូរ៉េ (KRC) នឹង​បង្កើត​មជ្ឈមណ្ឌល​តាំង​បង្ហាញ​ផលិតកម្ម​បន្លែ​នៅ​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​ឆ្នាំ​ ២០២០ ដើម្បី​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​។

លោក Park Kiwook នាយក​គ្រប់គ្រង​ការិយាល័យ​អភិវឌ្ឍន៍​កសិកម្ម​នៅ​បរទេស​នៃ​ក្រសួងកសិកម្ម​កូរ៉េ បាន​លើក​ឡើង​​ពី​គម្រោង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ​ក្នុងជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ Park ឲ្យ​ដឹងថា KRC មាន​ចំណាប់អារម្មណ៍​លើ​ផលិតកម្ម​ដំឡូងបារាំង និង​ប្រភេទ​បន្លែ​សំខាន់ៗ​ដែល​កសិករ​កំពុង​ផលិត​នាពេល​បច្ចុប្បន្ន​នៅ​ខេត្តមណ្ឌលគិរី​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​ដោយ​យល់ឃើញ​ថា ខេត្ត​មណ្ឌលគិរី​មាន​សក្តានុពល​ល្អ​សម្រាប់​ផលិតកម្ម​ដំឡូងបារាំង​។

លោក​ថ្លែងថា​៖ «​កម្ពុជា​មាន​សក្តានុពល ប៉ុន្តែ​គ្រាន់តែ​ថា​ផលិតផល​នេះ​នៅ​មិនទាន់​អនុវត្តបាន​ពេញលេញ និង​ត្រឹមត្រូវ​លើ​ខ្សែចង្វាក់​ផលិតកម្ម និង​ទីផ្សារ​»​។ លោក​បាន​បន្តថា​៖ «​ហេតុនេះ​នាពេល​អនាគត​គម្រោង​នេះ​គ្រោង​នឹង​បង្កើន​ផលិតភាព ផលិតកម្ម​ដំឡូងបារាំង និង​បន្លែ​ផ្សេងៗ​ទៀត​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ឈាន​ទៅ​ធ្វើការ​កាត់បន្ថយ​បរិមាណ​នាំចូល ជាពិសេស​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​»​។

លោក វេង សាខុន បាន​ស្វាគមន៍​ចំពោះ​គម្រោង​នេះ ហើយ​ថា​នេះ​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួងកសិកម្ម​កម្ពុជា និង​ក្រសួងកសិកម្ម​កូរ៉េ​។

លោក​ថ្លែងថា​៖ «​វា​ជាការ​បើកផ្លូវ​ឲ្យ KRC មក​សិក្សា​ស្វែងយល់​បន្ថែម​អំពី​សក្តានុពល​ដំណាំ​ដំឡូង​បារាំង​នៅ​ខេត្តមណ្ឌលគិរី និង​បន្លែ​សំខាន់​ផ្សេងៗ​ទៀត ដើម្បី​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ដំណាំ​នេះ​ដែល​បច្ចុប្បន្ន KRC បាននិង​កំពុង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ស្ថានភាព​ទូទៅ​ទាក់ទង​គុណភាព​ដី ទឹក អាកាសធាតុ ផលិតកម្ម ពូជ ទីផ្សារ និង​បច្ចេកទេស​»​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​លើកកម្ពស់​តម្លៃ​បន្លែ​ក្នុងស្រុក ក្រសួង​កំពុង​ជំរុញ​ការផលិត​បន្លែ​សុវត្ថិភាព​តាមរយៈ​គោលការណ៍ GAP​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​កំពុង​ជំរុញ​ការផលិត​បន្លែ​សុវត្ថិភាព ចងក្រង​ជា​ក្រុម​កសិករ ឬ​សហគមន៍​កសិកម្ម​ដែល​ផលិត​បន្លែ​តាម​គោលការណ៍ GAP ភ្ជាប់​ដោយ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​អ្នក​ប្រមូល​ទិញ ហើយ​ផ្សព្វផ្សាយ​លក់​ផលិតផល​នេះ​ឲ្យ​បាន​ខ្លាំង​ទើប​អាច​ប្រជែង​ទីផ្សារ​​ជាមួយ​ផលិតផល​បន្លែ​នាំចូល​បាន​»​។

បច្ចុប្បន្ន​កម្ពុជា​ប្រើប្រាស់​បន្លែ​ប្រមាណ​ ៥០០ ​តោន​ ក្នុង​ ១ ​ថ្ងៃ​ ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ២០ ​ម៉ឺន​ទៅ ៣០ ​ម៉ឺន​ដុល្លារ​។

ប្រទេស​ កម្ពុជា​ នាំចូល​បន្លែ និង​ផ្លែឈើ​ប្រហែល ៤០ ​ភាគរយ​ ក្នុងតម្លៃ​ប្រហែល ២០០ ​លាន​ដុល្លារ​​​ ក្នុង​ ១ ​ឆ្នាំ​ ជាពិសេស​ពី​ប្រទេស​វៀតណាម​ដែល​ត្រូវបាន​គេ​និយាយថា មាន​ផ្ទុក​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​៕