ភ្នំពេញៈ ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស​សិង្ហបុរី KrisEnergy ដែល​កំពុង​អភិវឌ្ឍ​អណ្ដូងប្រេង​ក្នុង​សមុទ្រ​នៅក្នុង​ប្លុក A ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា ការកសាង​ផ្លាតហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម​សម្រាប់​ការអភិវឌ្ឍ​អណ្ដូង​ប្រេងកាត​អប្សរា​ក្នុង​ប្លុក A បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ដែល​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​ទិសដៅ​របស់​ក្រុមហ៊ុន​ក្នុង​ការទាញ​យក​ប្រេង​នៅ​ឆ្នាំនេះ​។

សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ២៦ ខែ​សីហា បាន​ឲ្យ​ដឹងថា ការកសាង​ផ្លាតហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម​ប្រេង​ត្រូវ​បានបញ្ចប់​ជា​ស្ថាពរ ហើយ​ផ្នែក​ខាងលើ និង​ជើង​ទម្រ​ផ្លាតហ្វម​ខ្នាតតូច​នេះ​កំពុង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅកាន់​ដែនទឹក​នៃ​ប្រទេស​កម្ពុជា​ដែល​ស្ថិតក្នុង​ឈូងសមុទ្រ​ថៃ​។

ក្រុមហ៊ុន​នេះ​បាន​បន្តថា ការកសាង​ផ្លាតហ្វម​ខ្នាតតូច​សម្រាប់​ការអភិវឌ្ឍ​អណ្ដូង​ប្រេងកាត​ដំបូង​គេ​បង្អស់​នៃ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​កាលពី​ដើម​ខែធ្នូ​ឆ្នាំ​ ២០១៩ នៅឯ​រោងចក្រ​របស់​ក្រុមហ៊ុន NOV''s PT Profab1 ​ស្ថិតនៅ​កោះ​បាតាម ប្រទេស​ឥណ្ឌូនេស៊ី​។ ការលើកដាក់ និង​ការដឹកចេញ​ផ្លាតហ្វម ខ្នាតតូច​នេះ​បាន​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​ ២៥ ខែ​សីហា ឆ្នាំ​ ២០២០​។

លោក Kelvin Tang នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន KrisEnergy ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ការរៀបចំ​កាត់​ដែក​ដំបូង​រហូត​ដល់​ការដឹក​ចេញ​ផ្លាតហ្វម​ខ្នាតតូច​នេះ​គឺ​មាន​រយៈពេល​ ៩ ​ខែ ហើយ​សមិទ្ធផល​នេះ​រឹត​តែ​វិសេសវិសាល​ថែមទៀត បើទោះបី​ជា​មាន​ការពិបាក និង​បម្រាម​នានា​ដែល​ក្រុមការងារ និង​សហការី​នៅឯ NOV Profab បាន​ប្រឈម​តាំងពី​ដើមឆ្នាំ​ ២០២០ ដោយសារ​ការរាតត្បាត​មេរោគ​កូរ៉ូណា​។

លោក​ថ្លែងថា​៖ «​សូម​ថ្លែង​អំណរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏ធំធេង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​អ្នកផ្គត់ផ្គង់ និង​អ្នកម៉ៅការ​ដែល​បាន​ជម្នះ​រាល់​ឧបសគ្គ​ផ្នែក​ភ័ស្ដុភារ​ទាំងឡាយ​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​ការប្រគល់​នូវ​ឧបករណ៍ និង​សម្ភារ​នានា​ពី​គ្រប់​ទីកន្លែង​លើ​សកលលោក​មក​ឲ្យ​រោងចក្រ​នៅ បាតាម បាន​ទាន់​ពេលវេលា​តាម​កាលកំណត់ ដើម្បី​ឈាន​ទៅ​រក​គោលដៅ​នៃ​ការផលិត​ប្រេង​អប្សរា​ដំបូង​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំនេះ​»​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដា្ឋន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា បច្ចុប្បន្ន​ផ្លាតហ្វម​នោះ​កំពុង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅកាន់​ទីតាំង​អភិវឌ្ឍន៍ ហើយ​រំពឹង​ថា​វា​នឹង​មកដល់​ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​។

លោក​បន្តថា​៖ «​យើង​ពេញ​ចិត្តនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​សម្រាប់​ការអភិវឌ្ឍ​គម្រោង​នេះ ដើម្បី​សម្រេច​បាន​តាម​ទិសដៅ ទោះបី​ជា​ការរំខាន​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​»​។

លោក​លើកឡើង​ថា​៖ «​បើ​មិន​មាន​អាកាសធាតុ​អាក្រក់​ទេ​នោះ​ការដំឡើង​ផ្លាតហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម​នេះ​ត្រូវការ​រយៈពេល​ ១២ ​ថ្ងៃ​ទៀត​។ ផ្លាតហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ការខួង​អណ្ដូង​ប្រេង និង​ទាញយក​ប្រេង ខណៈ​ដែល​នាវា​ផលិត​នឹង​ត្រូវ​ដឹកជញ្ជូន​នៅពេល​បន្ទាប់​»​។

លោក Kim Lamb នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា វា​ជាការ​រួមចំណែក​ដ៏សំខាន់​នៅក្នុង​គម្រោង​ដំបូង​គេ​មួយ​នេះ​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ទាំង​ក្រុមការងារ​របស់ NOV និង KrisEnergy សុទ្ធតែ​បានធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ដោយ​ប្រើប្រាស់​វិធីសាស្ដ្រ​ធ្វើការ​រួមគ្នា​ជា​ក្រុម​ដ៏ពេញលេញ​មួយ ដើម្បី​ផលិត​ផ្លាតហ្វម​មាន​គុណភាព ហើយ​នេះ​ជា​សក្ខីភាព​ពិត​នៃ​ការប្តេជ្ញាចិត្ត​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់​»​។

យោងតាម​ក្រុមហ៊ុន KrisEnergy តំបន់​ប្រេង​អប្សរា​នៅក្នុង​ប្លុក​ A ​កម្ពុជា លាតសន្ធឹង​នៅលើ​បាសាំង​ខ្មែរ ដែល​ជា​បា​សាំង​ភូគព្ភសាស្ដ្រ​មិនទាន់​ត្រូវបាន​ផលិត​ស្ថិត​ក្នុង​ដែនសមុទ្រ​កម្ពុជា​ឈូង​សមុទ្រ​ថៃ​។ ដោយសារ​ភាពមិន​ច្បាស់លាស់​នៃ​សមត្ថភាព​ផលិតកម្ម​របស់​បាសាំង​នេះ ការអភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​នឹង​ត្រូវ​ធ្វើឡើង​ជាច្រើន​ដំណាក់កាល ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ផ្ដល់​ពេលវេលា​សម្រាប់​ការប្រមូល និង​វិភាគ​លើ​ទិន្នន័យ​សំខាន់ៗ ដើម្បី​អនុវត្ត​ក្នុង​ដំណាក់កាល​នាពេល​អនាគត​។

ក្រុមហ៊ុន​បាន​បន្តថា ដំណាក់កាល​អភិវឌ្ឍន៍​ត្រូវ​បាន​រំពឹងថា នឹង​ឈានដល់​អត្រា​ផលិតកម្ម​ខ្ពស់​បំផុត ៧ ៥០០ ​បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ​៕ LA