ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy Ltd (KrisEnergy) របស់ សិង្ហបុរី បានប្រកាសកាលពីម្សិលមិញថា បានបញ្ចប់ការទិញភាគហ៊ុន Chevron ក្នុងប្លុក A នៅកម្ពុជាហើយ។
កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់កាលពីថ្ងៃ ទី១ ខែតុលា រវាងក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Limited (COPCL) ជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Chevron Corp របស់អាមេរិក និង Kris Energy។
រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីការផ្លាស់ប្តូរការគ្រប់គ្រងប្រេងក្នុងប្លុក A កាលពីថ្ងៃ ទី១៧ ខែកញ្ញា។
ក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងទិញភាគហ៊ុននេះពី COPCL ក្នុងតម្លៃ ៦៥ លានដុល្លារអាមេរិក កាលពីថ្ងៃ ទី១១ ខែសីហា។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានពីក្រុមហ៊ុន KrisEnergy កាលពីថ្ងៃព្រហស្បត្តិ៍បានឲ្យដឹងថា ក្រុមហ៊ុន COPCL ដែលកាន់កាប់ភាគហ៊ុន ៣០ ភាគរយក្នុងដំណើរការអាជីវកម្ម និងជាប្រតិបត្តិករនៅក្នុងប្លុក A នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ Kris Energy (Asia) Ltd ទាំងមូល។
ស្ថិតក្រោមកិច្ចព្រមព្រៀងនេះវានឹងត្រូវបានធ្វើការផ្លាស់ប្តូរឈ្មោះទៅជាក្រុមហ៊ុន Kris Energy (Apsara) Ltd។ មុនពេលការបញ្ចប់ការទិញនេះក្រុមហ៊ុន Kris Energy កាន់កាប់ភាគហ៊ុនមិនផ្ទាល់ ២៥ ភាគរយក្នុងប្រតិបត្តិការនៅ Block A ប៉ុន្តែពេលនេះកាន់កាប់ភាគហ៊ុនសរុប ៥៥ ភាគរយក្នុងការរុករកប្រេង និងឧស្ម័នក្នុងប្លុក A នេះ។
អាជ្ញាធរប្រេងកាតជាតិកម្ពុជា មានបំណងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការទិញយកភាគហ៊ុន ៥ ភាគរយនៅក្នុងប្លុកនេះ ដែលនៅពេលបញ្ចប់នៃគម្រោងនឹងកាត់បន្ថយភាគហ៊ុនរបស់ Kris Energy មកនៅត្រឹម ៥២,២៥ ភាគរយ។ ដៃគូវិនិយោគរួមគ្នារួមមានក្រុមហ៊ុន MOECO និងក្រុមហ៊ុន GS Energy បានយល់ព្រមលើការទិញភាគហ៊ុនរបស់ក្រុមហ៊ុន Kris Energy។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននេះ។
ប្រធានប្រតិបត្តិ និងជាប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ Kris Energy លោក Richard Lorentz បានថ្លែងថា៖ «ក្រុមហ៊ុន Kris Energy សម្រេចបានជោគជ័យសំខាន់ៗជាច្រើននៅក្នុងប្រវត្តិសាស្ដ្ររយៈពេល ៥ឆ្នាំ របស់ខ្លួន ប៉ុន្តែការទទួលបានភាពជាប្រតិបត្តិករក្នុងប្លុក A នេះជាការបោះជំហានថ្មីនៅក្នុងសកម្មភាពទាំងឡាយរបស់យើង។ ចំពោះការអភិវឌ្ឍនេះ គឺជាអ្វី ដែលយើងជឿជាក់ថា ជាប្រភពធនធានប្រេងដ៏សំខាន់នៅក្នុងទីតាំងនេះនឹងជាគម្រោងចម្បងរបស់ក្រុមហ៊ុន ព្រមទាំងសម្រាប់ប្រទេសកម្ពុជា។ យើងអរគុណដល់រដ្ឋាភិបាលសម្រាប់ការទទួលស្គាល់យ៉ាងរហ័សនៃការផ្លាស់ប្តូរលើការគ្រប់គ្រងនេះ ហើយពេលនេះយើងនឹងធ្វើការងារជាមួយដៃគូរបស់យើងដើម្បីដាក់ជូនផែនការអភិវឌ្ឍដែលបានកែលម្អរួចនេះក្នុងការធ្វើឲ្យតំបន់អណ្ដូងប្រេងអប្សរា (Apsara) ក្លាយជាការពិតបានឆាប់ៗ និងមានប្រសិទ្ធភាពឲ្យបានលឿនតាមដែលអាចធ្វើទៅបាន និងការចាប់ផ្ដើមដាក់ កម្ពុជា ជាប្រទេសផលិតប្រេងមួយ»។
លោក សុខា វ៉ាន់ អគ្គនាយកអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃព្រហស្បត្តិ៍អំពីបញ្ហានេះ។
ក្រុមហ៊ុន Chevron Cambodia បានចំណាយពេលជាងមួយទសវត្សរ៍ក្នុងការសិក្សាពីលទ្ធភាពរុករក ប្រេង និងឧស្ម័ននៅប្លុក A ដែលមានទំហំសរុប ៤ ៧០៩ គីឡូម៉ែត្រការ៉េ ហើយក្រុមហ៊ុននេះមានភាគហ៊ុន ៣០ ភាគរយដោយបានចំណាយជាង ១៦០ លានដុល្លារក្នុងការសិក្សាពីលទ្ធភាពរុករកប្រេងក្នុងប្លុក A។
ដំបូងរដ្ឋាភិបាលកម្ពុជា បានកំណត់ថា នឹងទទួលបានដំណក់ប្រេងដំបូងរបស់ខ្លួនពីប្លុក A នេះនៅម៉ោង ១២ ថ្ងៃ ទី១២ ខែ១២ ឆ្នាំ២០១២ ប៉ុន្តែក្តីស្រមៃនេះត្រូវបានរលាយសាបសូន្យដោយសារបញ្ហាបច្ចេកទេសមួយចំនួនដែលទាក់ទងនឹងច្បាប់ និងបទប្បញ្ញត្តិក្នុងការគ្រប់គ្រង។ មន្ត្រីពីក្រសួងរ៉ែ និងថាមពល ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កន្លងមកថា ដំណក់ប្រេងដំបូងនឹងរំពឹងថា អាចកើតមាននៅ ឆ្នាំ២០១៦។
តាមសេចក្តីប្រកាសព័ត៌មានរបស់ KrisEnergy ប្លុក A អាចមានលទ្ធភាពទាញយកប្រេងបានប្រមាណ ១ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ៕