ភ្នំពេញៈ ក្រុមហ៊ុន​ប្រេង KrisEnergy របស់​សិង្ហបុរី​បាន​ចាប់ផ្ដើម​សាងសង់​ផ្លាតហ្វម​ក្បាល​អណ្តូង​ផលិតកម្ម​ខ្នាតតូច (​មីនីផ្លាតហ្វូម​) នៅ​តំបន់​ប្រេង​អប្សរា ក្នុង​ប្លុក A ដែនសមុទ្រ​កម្ពុជា​ដែល​បង្ហាញ​ពី​ជំហាន​វិជ្ជមាន​ឆ្ពោះ​ទៅរក​ទិសដៅ​របស់​ក្រុមហ៊ុន​ដើម្បី​ទាញយក​តំណក់​ប្រេង​ដំបូង​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២០​។

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីតាំង​របស់​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី PT Profab1 ដែល​ទទួលបាន​កិច្ចសន្យា​ផ្គត់ផ្គង់​សម្ភារ​សាងសង់​ក្បាល​អណ្តូង​នៅលើ​កោះ Batan ប្រទេស ឥណ្ឌូនេស៊ី​ ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​រួមទាំង​លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​មន្ត្រី​របស់​ក្រុមហ៊ុន​ដូចជា​លោក Kelin Tang នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន KrisEnergy ប្រចាំ​កម្ពុជា​លោក Brian Helyer នាយករង​ផ្នែក​ប្រតិបត្តិ​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​ដែល​ភ្នំពេញប៉ុស្ដិ៍ ​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​។

លោក ម៉េង សក្ដិធារ៉ា បាន​ឲ្យ​ដឹងថា ពិធី​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​សប្ដាហ៍​មុននេះ​បង្ហាញ​ជំហាន​ដ៏សំខាន់​មួយ និង​ការរីកចម្រើន​ដ៏ល្អ​នៃ​ឧស្សាហកម្ម​ប្រេង​របស់​កម្ពុជា​ដែល​ក្រុមហ៊ុន KrisEnergy បាន​ប្ដេជ្ញា​អភិវឌ្ឍ​គម្រោង​នេះ​។

លោក សក្ដិធារ៉ា ត្រូវបាន​ដកស្រង់​សម្ដី ខណៈ​លោក​ថ្លែង​ថា​៖ «​ថ្ងៃនេះ​គឺជា​ការបោះ​ជំហាន​ដ៏ធំ​មួយ​ក្នុង​ការអភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​។ យើង​សូម​អបអរសាទរ​ដល់ KrisEnergy ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន មិន​ត្រឹម​តែ​ទៅលើ​មីនីផ្លាតហ្វម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទៅលើ​នាវា​ផលិតកម្ម Ingenium II ក្នុងប្រទេស​សិង្ហបុរី​ផងដែរ​»​។

លោក​បន្ថែមថា​៖ «​ការផលិត​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នៅក្នុង​ដែនសមុទ្រ​របស់​យើង​នឹង​ក្លាយជា​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វិបុលភាព​ជាតិ​ដែល​ស្រប​ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​រដ្ឋាភិបាល​កម្ពុជា​»​។

លោក Kelin Tang បាន​ឲ្យ​ដឹងថា ការសាងសង់​ផ្លាតហ្វម​បូម​ប្រេង​លើកដំបូង ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការអភិវឌ្ឍ​តំបន់​អប្សារា និង​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​តាម​ទិសដៅ​នៃ​ការទាញ​យក​ប្រេង​ក្នុង​ឆ្នាំ ២០២០​។

លោក​ថ្លែងថា​៖ «​យើង​សូម​ស្វាគមន៍​ភ្ញៀវកិត្តិយស​មកពី​រដ្ឋាភិបាល​កម្ពុជា​ដែល​អញ្ជើញ​មកដល់​កោះ Batam ដើម្បី​ធ្វើជា​សាក្សី​ចំពោះ​ពិធី​បើក​ការសាងសង់​ផ្លាតហ្វម​បូម​ប្រេង ខណៈ​យើង​កំពុង​បន្ត​អភិវឌ្ឍ​សកម្មភាព​ការងារ​សំខាន់ៗ​ជាច្រើន​ទៀត​។ ពិធី​នេះ​បង្ហាញថា បន្ទាប់ពី​ការធ្វើ​ផែនការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ការសាងសង់​រចនាសម្ព័ន្ធ​ដ៏សំខាន់​នេះ​កំពុងតែ​ដំណើរការ​ទៅមុខ​»​។

លោក​បន្តថា​៖ «​ទោះបី​យ៉ាងណា​យើង​ក៏​មិនត្រូវ​ភ្លេច​ដែរ​ថា មាន​ការងារ​ជាច្រើន​ផ្សេងទៀត​ត្រូវ​បាននិង​កំពុង​ដំណើរការ​សម្រាប់​ការអភិវឌ្ឍ​តំបន់​អប្សរា​។ ស្របពេល​ដែល​យើង​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​នាវា​ផលិតកម្ម យើង​ក៏បាន​បញ្ចប់​ការធ្វើ 3D ស៊ីស្មីក​លើ​ទំហំ​ផ្ទៃដី ១.២០០ ​គីឡូម៉ែត្រ​ការ៉េ និង​ការធ្វើអង្កេត​រូប​ភូគព្ភសាស្ត្រ​នៅ​ទីតាំង​របស់​ផ្លាតហ្វម​នេះ​ផងដែរ​»​។

តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A របស់​កម្ពុជា​លាតសន្ធឹង​លើ​បាសាំង​ខ្មែរ​ដែល​ជា​បា​សាំង​ភូគព្ភសាស្ដ្រ​មិនទាន់​ត្រូវ​បាន​ផលិត​ស្ថិត​ក្នុង​ដែនសមុទ្រ​កម្ពុជា​នៃ​ឈូង​សមុទ្រ​ថៃ​។ ដោយសារ​តែ​លទ្ធភាព​ផលិតកម្ម​មិនទាន់​មាន​ការបញ្ជាក់​ច្បាស់​នៅ​បាសាំង​នេះ ការអភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់កាល​ជាច្រើន ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ផ្ដល់​ពេលវេលា​សម្រាប់​ការប្រមូល និង​វិភាគ​ទិន្នន័យ​សំខាន់ៗ​ដើម្បី​អនុវត្ត​ក្នុង​ដំណាក់កាល​នានា​នៅពេល​អនាគត​។

ក្រុមហ៊ុន KrisEnergy បាន​ឲ្យ​ដឹងថា​៖ «​ដំណាក់កាល​អភិវឌ្ឍ Mini Phase 1A នេះ​រួមមាន​មីនីផ្លាតហ្វម និង​អណ្ដូង​អភិវឌ្ឍ​ដំបូង​ចំនួន​​ ៥ ដែល​ត្រូវបាន​ភ្ជាប់​ទៅកាន់​នាវា​ផលិតកម្ម Ingenium II សម្រាប់​ដំណើរការ​ប្រព្រឹត្តិកម្ម ប្រេង ឧស្ម័ន និង​ទឹក​។ នាវា​ដឹក​ប្រេង​នឹង​ដឹក​ប្រេងឆៅ​ពី​នាវា​ផលិតកម្ម​»​។

ក្រុមហ៊ុន​ឲ្យ​ដឹង​ទៀតថា ប្រេង​តំបន់​អប្សរា​គ្រោង​នឹង​ផលិត​នៅ​ឆមាស​ទី​ ១ ឆ្នាំ​២០២០ ហើយ​តំបន់​នេះ​ត្រូវបាន​រំពឹង​ថា នឹង​ឈានដល់​អត្រា​ផលិតកម្ម​ខ្ពស់បំផុត ៧.៥០០ ​បារ៉ែល​ក្នុង ​១ ​ថ្ងៃ​៕ LA