
ក្រុមហ៊ុន KrisEnergy គ្រោងនឹងសាងសង់នៅប្លុក A ដើម្បីទាញយកប្រេងពីសមុទ្រកម្ពុជា។ សហការី
ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅប្រទេស សិង្ហបុរី ដែលកំពុងប្រតិបត្តិការទាញយកប្រេងនៅក្នុងប្លុក A នៅសមុទ្ររបស់កម្ពុជា បានចុះកិច្ចព្រមព្រៀងតម្លៃ ២១,៧ លានដុល្លារជាមួយក្រុមហ៊ុន Keppel Shipyard Ltd សម្រាប់ការទាញយកប្រេងនៅក្នុងគម្រោងអប្សរា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃសុក្រ។
ក្រុមហ៊ុន KrisEnergy ប្រកាសថា SJ Production Barge Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ខ្លួនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Keppel Shipyard Ltd សម្រាប់ការកែលម្អ និងធ្វើឲ្យប្រសើរនូវកប៉ាល់ផលិតកម្មញែកប្រេងពីគម្រោងអប្សរា។
លោក Brian Helyer អនុប្រធានប្រតិបត្តិការទទួលបន្ទុកក្រុមហ៊ុន KrisEnergy បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា ភាពជាដៃគូជាមួយក្រុមហ៊ុន Keppel Shipyard នឹងជាជំហានដ៏សំខាន់មួយសម្រាប់ការផលិតប្រេងនៅកម្ពុជា។
លោកថ្លែងថា៖ «យើងរីករាយក្នុងការចាប់ដៃជាមួយក្រុមហ៊ុន Keppel Shipyard លើគម្រោងអភិវឌ្ឍន៍ប្រេងដ៏សំខាន់នេះសម្រាប់ប្រទេស កម្ពុជា»។
លោកបានបន្តថា៖ «ដោយមានការគាំទ្ររបស់ដៃគូមានបទពិសោធ និងសមត្ថភាព យើងជឿជាក់ថា យើងនឹងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវទ្រព្យសកម្មប្លុក A សម្រាប់អត្ថប្រយោជន៍របស់កម្ពុជា ព្រមទាំងភាគទុនិករបស់យើងផងដែរ»។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការងាររបស់ក្រុមហ៊ុន Keppel Shipyard លើកប៉ាល់ផលិតកម្មញែកប្រេង រួមមានការដំឡើងម៉ាស៊ីនផលិតថាមពល Electrical House កន្លែងស្នាក់នៅថ្មី និងការងារកែលម្អថ្មីផ្សេងទៀត។
នៅពេលបញ្ចប់ក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នាវាផលិតនេះនឹងអាចញែកល្បាយប្រេងបានរហូតដល់ ៣០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ក្នុងនោះក៏មានបំពាក់ដោយម៉ាស៊ីនញែកឧស្ម័ន ប្រេង និងទឹកផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Kris Energy។
ក្រុមហ៊ុន KrisEnergy បានក្លាយជាភាគទុនិកលើកដំបូងសម្រាប់ប្លុក A កាលពីឆ្នាំ ២០១០ បន្ទាប់ពីការទិញភាគហ៊ុនគ្រប់គ្រងដោយក្រុមហ៊ុន Chevron ក្នុងតម្លៃ ៦៥ លានដុល្លារ។ ក្រុមហ៊ុន KrisEnergy គ្រប់គ្រង ៩៥ ភាគរយនៃអណ្ដូងប្រេងអប្សរានៅប្លុក A ខណៈរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងភាគហ៊ុនដែលនៅសល់។
Keppel Shipyard គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន Keppel Offshore & Marine Ltd (Keppel O&M)។
លោក Chor How Jat នាយកគ្រប់គ្រងក្រុមហ៊ុន Keppel O&M បានឲ្យដឹងថា ជាមួយនឹងភាពរឹងមាំនៅក្នុងគម្រោងជួសជុល កែលម្អថ្មី និងការធ្វើឲ្យប្រសើរឡើង ក្រុមហ៊ុន Keppel Shipyard បានស្ថិតនៅក្នុងទីតាំងដ៏ល្អខាងវិស្វកម្ម និងអនុវត្តដំណោះស្រាយដ៏ទូលំទូលាយមួយចំនួនសម្រាប់នាវាផ្សេងៗ។
លោកថ្លែងថា៖ «កិច្ចព្រមព្រៀងថ្មីពីក្រុមហ៊ុន KrisEnergy បង្ហាញគម្រោងដំបូងរបស់យើងរួមគ្នា ចាប់តាំងពីក្រុមហ៊ុន Keppel O&M ត្រូវបានចាត់តាំងកាលពីដើមឆ្នាំនេះជាដៃគូពេញចិត្តរបស់ខ្លួន សម្រាប់ភាពត្រឹមត្រូវដ៏ទូលំទូលាយនៃដំណោះស្រាយប្រេង និងឧស្ម័នក្នុងសមុទ្រ»។
ក្រុមហ៊ុន KrisEnergy កំពុងអភិវឌ្ឍប្រេងនៅក្នុងប្លុក A របស់កម្ពុជាដែលគ្របដណ្ដប់លើទំហំ ៣ ០៨៣ គីឡូម៉ែត្រការ៉េ នៅឈូងសមុទ្រថៃ ដែលជម្រៅទឹកជ្រៅចាប់ពី ៥០ ម៉ែត្រទៅ ៨០ ម៉ែត្រ។
ប្រេងឆៅដែលផលិត នឹងត្រូវបានដឹកជញ្ជូនតាមរយៈបំពង់បង្ហូរប្រេងប្រវែង ១,៥ គីឡូម៉ែត្រសម្រាប់ស្ដុកទុកទៅដាក់នៅលើនាវាស្ដុកបណ្ដែតទឹក។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រសួងមិនទាន់បានដឹងពីព័ត៌មាននៃការវិវឌ្ឍនេះនៅឡើយទេ។ ប៉ុន្តែលោកអះអាងថា កិច្ចព្រមព្រៀងរវាង Kris Energy និងក្រុមហ៊ុន Keppel Shipyard Ltd គឺជាជំហានវិវឌ្ឍថ្មីមួយទៀតសម្រាប់ដំណើរការទាញយកប្រេងរបស់កម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ផែនការក្នុងការទាញយកប្រេងនៅចុងឆ្នាំ ២០១៩ ខាងមុខនឹងសម្រេចបានតាមការគ្រោងទុក»។
ខណៈបច្ចុប្បន្នក្រុមហ៊ុន Krisenergy បានចុះកិច្ចសន្យាជាមួយ Keppel Shipyard ដើម្បីអភិវឌ្ឍកប៉ាល់ផលិតកម្មញែកប្រេង ក្រុមហ៊ុននេះកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសដៃគូដើម្បីសាងសង់ក្បាលអណ្ដូង និងក្រុមហ៊ុនខួង និងបូមប្រេង។
រដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ប្លុក A ត្រូវបានជឿជាក់ថា នឹងមានប្រេងប្រហែល ៣០ លានបារ៉ែល ដែលអាចត្រូវបានបូមយករហូតដល់រយៈពេល ៩ ឆ្នាំ។
អេមីរ៉ាតអារ៉ាប់រួម ថ្មីៗនេះក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងផលិតកម្មប្រេង និងឧស្ម័នកម្ពុជាផងដែរ ខណៈសន្យាថានឹងផ្ដល់កម្ចី ៥០០ លានដុល្លារ ដើម្បីនាំចូលទំនិញពីបណ្ដាប្រទេស អារ៉ាប់៕LA