ភ្នំពេញៈ ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដែល​ទទួល​សិទ្ធិ​ទាញ​យក​ប្រេង​នៅ​តំបន់​អប្សរា​ក្នុង​ប្លុក​ A របស់​កម្ពុជា​កំពុង​ត្រួតពិនិត្យ​ពាក្យ​ស្នើ​ពី​ក្រុមហ៊ុន​ជាច្រើន​ដើម្បី​ដេញថ្លៃ​ផ្តល់​សេវា​បន្ត​លើ​គម្រោង​ខួង​បូម​ប្រេង និង​សាងសង់​ផ្លេតហ្វម​ធ្វើ​ផលិតកម្ម​ប្រេង បន្ទាប់ពី​បាន​បិទ​ការទទួល​ពាក្យ​កាលពី​ចុង​ខែ​កក្កដា​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​។

នីតិវិធី​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​ពី​ក្រុមហ៊ុន KrisEnergy ក្នុង​ការ​អនុវត្ត​តាម​ផែនការ​រវាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាញ​យក​ប្រេង​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​ ២០១៩​។

លោក ជៀប សួរ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ថា ការរីកចម្រើន​នេះ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ឈាន​មួយ​ជំហាន​កាន់តែ​ជិត​នឹង​ការទាញ​យក​ប្រេង បន្ទាប់ពី​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​លើ​ការចែករំលែក​ប្រាក់ចំណូល​ប្រេង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែ​សីហា ឆ្នាំ​មុន​។ បន្ទាប់ពី​ការត្រួតពិនិត្យ និង​ការជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​បន្ត​លោក សួរ បាន​ថ្លែង​ថា​ក្រុមហ៊ុន KrisEnergy នឹង​ជូន​ដំណឹង​ដល់​អាជ្ញាធរ​កម្ពុជា​សម្រាប់​ការយល់​ព្រម​។

លោក​ថ្លែង​ថា​៖ «​ការវិវឌ្ឍ​នេះ​បង្ហាញ​ពី​ភាព​កាន់តែ​ច្បាស់លាស់​ថែម​ទៀត ថា​គាត់​កំពុង​ដើរ​តាម​ផែនការ ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​កាលបរិច្ឆេទ​ចុងក្រោយ​ដែល​បាន​ឯកភាព​គ្នា​ថា​នឹង​ចាប់ផ្តើម​ផលិត​ប្រេង​ដំបូង​នៅ​ចុង​ឆ្នាំ​ ២០១៩»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន KrisEnergy បង្ហាញ​ថា​ការប្រកាស​ដាក់​ដេញ​ថ្លៃ​ត្រូវ​បាន​បើក​នៅ​ត្រីមាស​ទី​​ ២ ឆ្នាំ​ ២០១៨ សម្រាប់​សេវា​ខួង​បូម​ប្រេង និង​សាងសង់​ផ្លេតហ្វម​ធ្វើ​ផលិតកម្ម​ប្រេង វិស្វកម្ម​លទ្ធកម្ម​ការ​សាងសង់ ការដំឡើង និង​ការជ្រើសរើស​។ ការដេញ​ថ្លៃ​ទាំង​ ២ ​បាន​បញ្ចប់​ពី​ខែ​កក្កដា​។

ក្រុមហ៊ុន KrisEnergy បាន​ចូល​មក​ក្នុង​ប្លុក A កាលពី​ឆ្នាំ​ ២០១០ ហើយ​បាន​ទិញ​យក​ភាគហ៊ុន Chevron ក្នុង​តម្លៃ ៦៥ ​លាន​ដុល្លារ​នៅក្នុង​ប្លុក A កាលពី​ឆ្នាំ​ ២០១៤ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​នេះ​កាន់កាប់​ភាគហ៊ុន​ស្ទើរតែ​ទាំងអស់​ក្នុង​ប្លុក​នេះ​។ ក្រុមហ៊ុន KrisEnergy កាន់កាប់​ ៩៥ ​ភាគរយ​នៃ​អណ្ដូងប្រេង​អប្សារា នៅ​ប្លុក A ខណៈ​រដ្ឋាភិបាល​កម្ពុជា​កាន់កាប់​ភាគហ៊ុន​នៅ​សល់ ៥ ​ភាគរយ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ជាក់​កាលពី​ខែ​សីហា​ឆ្នាំ​មុន​ថា ប្លុក A ត្រូវ​បាន​ជឿជាក់​ថា​នឹង​មាន​ប្រេង​ប្រហែល ៣០ ​លាន​បារ៉ែល​ដែល​នឹង​ត្រូវ​បាន​ទាញ​យក​ក្នុង​រយៈពេល​ ៩ ​ឆ្នាំ​។ ខណៈ​តម្លៃ​ប្រេងឆៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅពេល​នោះ​ប្រហែល ៥០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល រដ្ឋាភិបាល​រំពឹង​ថា​នឹង​រក​បាន​ប្រាក់​ចំណូល​សរុប ៥០០ ​លាន​ដុល្លារ​ពី​​សួយ​សារអាករ និង​ពន្ធ​លើ​រយៈពេល​ដំណើរការ​របស់​គម្រោង​នេះ​៕LA