ភ្នំពេញៈ ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន PT Profab1 Profab របស់​ឥណ្ឌូនេស៊ី​សម្រាប់​ការផ្គត់ផ្គង់​សម្ភារ​សាងសង់​ក្បាល​អណ្តូង (well-head platform) មួយ​ចំនួន​សម្រាប់​គម្រោង​អណ្ដូងប្រេង​អប្សរា ដើម្បី​សម្រេច​បាន​តាម​ទិសដៅ​របស់​ខ្លួន​ក្នុង​ការទាញ​យក​ប្រេង​នៅ​ប្លុក​ A ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០​។

សេចក្ដីប្រកាស​បាន​ពី​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា វិសាលភាព​នៃ​ការងារ​នេះ​គ្របដណ្ដប់​លើ​លទ្ធកម្ម​សំខាន់ៗ​ជាប់ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​សម្រាប់ Mini-Platform ដែល​រួម​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ពេញលេញ និង​ការផ្ទុក​លើ​នាវា​សម្រាប់​ការដឹកជញ្ជូន​។

អណ្ដូងប្រេង​អប្សរា​នៅក្នុង​ប្លុក A ជា​អាងទឹក​ភូមិសាស្ដ្រ​នៅក្នុង​ផ្ទៃ​ទឹកសមុទ្រ​កម្ពុជា​នៃ​ឈូង​សមុទ្រ​ថៃ ដែល​មិន​ទាន់​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការទាញ​យក​ប្រេង​។ ដោយសារ​ប្រតិបត្តិការ​ផលិត​មិនទាន់​បាន​សាកល្បង ការអភិវឌ្ឍ​តំបន់​អប្សរា​នឹង​ស្ថិតក្នុង​ដំណាក់កាល​ជាច្រើន​ក្នុង​ការកាត់បន្ថយ​ហានិភ័យ និង​ផ្ដល់​ពេលវេលា​សម្រាប់​ការប្រមូល និង​ការវិភាគ​ទិន្នន័យ​សំខាន់​ដែល​ត្រូវអនុវត្ត​នៅក្នុង​ដំណាក់កាល​ពេលអនាគត​។ នេះ​បើ​តាម​ក្រុមហ៊ុន​។

ក្រុមហ៊ុន​នេះ​បាន​បន្តថា​៖ «​ដំណាក់កាល​អភិវឌ្ឍ Mini Phase 1A រួមមាន Mini-Platform និង​អណ្ដូងប្រេង​អភិវឌ្ឍ​ដំបូង​ ៥ បាន​តភ្ជាប់​នាវា​ផលិត Ingenium II សម្រាប់​ការ​ចម្រាញ់​ប្រេង ឧស្ម័ន និង​ទឹក​។ ទូក​ដឹក​ប្រេង​នឹង​ដឹកជញ្ជូន​ប្រេង​ឆៅ​ពី​នាវា​ចម្រាញ់​ប្រេង​នេះ​។ ប្រេង​អប្សរា​គ្រោង​នឹង​ទាញ​យក​នៅ​ឆមាស​ទី​​ ១ ​ឆ្នាំ​ ២០២០ ហើយ​អណ្ដូងប្រេង​នេះ​ត្រូវ​បាន​រំពឹងថា​នឹង​អាច​បូម​ប្រេង​បាន​ ៧ ៥០០ ​បារ៉ែល​ក្នុង ១ ​ថ្ងៃ​»​។

លោក Kelvin Tang អគ្គនាយក និង​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​កម្ពុជា​របស់​ក្រុមហ៊ុន KrisEnergy បាន​ឲ្យ​ដឹងថា ដំណាក់កាល Mini Phase 1A បង្កើត​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ដំណាក់កាល​ផែនការ​ដើម Phase 1A ដែល​រួមមាន​រចនាសម្ព័ន្ធ​បូម​ប្រេង​កាន់តែ​ធំ អណ្ដូងប្រេង​ ២០ នាវា​ផលិត និង​នាវា​ស្ដុក​អណ្ដែត និង​ការផ្ទេរចេញ​។

លោក​ថ្លែងថា​៖ «​យើង​បាន​បញ្ចប់​ផ្នែក​ដ៏ធំ​នៃ​ការរៀបចំ​ក្នុង​ការ​នាំយក​ធាតុ​ទាំងអស់​នៃ​ការអភិវឌ្ឍ​នេះ​រួម​ជាមួយ​គ្នា​នៅក្នុង​រយៈពេល​ដ៏ខ្លី​ដែល​អាច​ធ្វើ​ទៅបាន​»​។

លោកស្រី Tanya Pang អ្នកនាំពាក្យ​ក្រុមហ៊ុន KrisEnergy បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការសម្រេចបាន​កិច្ចព្រមព្រៀង​នេះ​គឺ​សម្រាប់​ក្បាល​អណ្តូង​ទាញយក​ប្រេង​នៅ​អណ្ដូងប្រេង​អប្សរា​។ Profab នឹង​បង្កើត និង​សាងសង់​ក្បាល​អណ្តូង​ទាញយក​ប្រេង​។

លោកស្រី Tanya ថ្លែងថា​៖ «​នៅពេល​សាងសង់​រួច វា​នឹង​ត្រូវ​បាន​ដឹក​ទៅ​ដាក់​នៅ​ទីតាំង​អណ្ដូងប្រេង​អប្សរា​ដែល​វា​នឹង​ត្រូវបាន​ដំឡើង​ និង​ភ្ជាប់​ជាមួយ​នឹង​នាវា​ផលិត ហើយ​ការអភិវឌ្ឍ​អណ្តូងប្រេង​នឹង​ត្រូវ​បាន​ខួង​»​។

លោកស្រី​បន្តថា​៖ «​នេះ​គឺជា​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា និង​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ផលិត​នៅ​អណ្ដូងប្រេង​អប្សរា និង​ត្រួតពិនិត្យ​ប្រតិបត្តិការ​អណ្ដូងប្រេង​ក្នុង​របៀប​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​បំផុត មុនពេល​យើង​ឈាន​ទៅ​រក​ការអភិវឌ្ឍ​បន្ថែមទៀត​នៃ​តំបន់​អប្សរា​។ ដូចដែល​ក្រុមហ៊ុន​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ប្រេង​អប្សរា​គ្រោង​នឹង​ទាញយក​តំណក់​ប្រេង​ដំបូង​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០»​។

អណ្ដូងប្រេង​ប្លុក A គ្របដណ្ដប់​លើ​ផ្ទៃដី ៤ ៧០៩ ម៉ែត្រការ៉េ​ នៅ​ឈូង​សមុទ្រ​ថៃ ដែល​មាន​ចម្ងាយ​ប្រហែល​ ១៥០ គីឡូម៉ែត្រ​ នៅក្នុង​សមុទ្រ​កម្ពុជា​ដែល​ជម្រៅ​ទឹក​មាន​ចន្លោះ​ពី​ ៥០ ​ទៅ​ ៨០ ​ម៉ែត្រ​៕LA