ភ្នំពេញ៖ ក្រុមហ៊ុន​ Kubota Construction Co បាន​ចុះ​កិច្ចព្រមព្រៀង​គម្រោង​តម្លៃ​ ២,៣៤ ​ពាន់​លាន​យ៉េន (២១.៧ ​លាន​ដុល្លារ​) សម្រាប់​ការអភិវឌ្ឍន៍​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន​។

Kubota Construction ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​របស់​ក្រុមហ៊ុន​ Kubota Corporation ដែល​បានប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​ទីក្រុង​ភ្នំពេញ កម្ពុជា​ជា​ការវិនិយោគ​រួមមួយ​ជាមួយ​ក្រុមហ៊ុន​ METAWATER Co., Ltd ។

លោក Akitaka Seto អ្នកគ្រប់គ្រង​ទូទៅ​នៅ​ការិយាល័យ​សាខា​នៅ​ទីក្រុង​តូក្យូ​របស់​ក្រុមហ៊ុន​ Kubota Construction បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​លោក អ៊ុង រចនា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន​នៅ​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃទី​ ២០ ​ខែ​មេសា​។

គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​ឥតសំណង​ ODA ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​កម្ពុជា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ២០១​៩។

ក្រុមហ៊ុន​នេះ​នឹង​រួមចំណែក​សម្រាប់​ការអភិវឌ្ឍ​បរិយាស្ថាន​អនាម័យ​ទឹក​នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​លើកកម្ពស់​បរិសា្ថន​រស់នៅ​របស់​ប្រជាជន​របស់​ប្រទេស​នេះ​តាមរយៈ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​បង្ហូរទឹក ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​ជប៉ុន​។

ទីក្រុង​ភ្នំពេញ​ត្រូវបាន​ចាត់ទុកថា ត្រូវការ​វិធានការ​ផ្សេងទៀត ដែល​រួមទាំង​ការអភិវឌ្ឍ​រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រព័ន្ធ​បង្ហូ​ទឹក ដោយសារ​តែ​សមត្ថភាព​បន្សុទ្ធ​ធម្មជាតិ​របស់ខ្លួន បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​តែ​បរិមាណ​ប្រព័ន្ធ​បង្ហូរទឹក បណ្ដាល​មកពី​កំណើន​ការធ្វើ​នគរូបនីយកម្ម និង​ប្រជាជន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ រួម​ជាមួយ​នឹង​ការរីកចម្រើន​លើ​ការចាក់ដី​បំពេញ​បឹង វាល និង​វាលភក់​ជាច្រើន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​ក្នុង​បរិបទ​នេះ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​អភិវឌ្ឍ​ផែនការមេ​លើ​ការកែលម្អ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​បង្ហូ​ទឹក និង​បានសម្រេច​ថា នឹង​សាង់សង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រព័ន្ធ​បង្ហូរទឹក​នៅ​បឹង​ជើងឯក ដែល​បន្សុទ្ធ​តាមបែប​ធម្មជាតិ​នូវ​ទឹក​កខ្វក់​ចំនួន​ច្រើន​សម្រាប់​ទីក្រុង​នេះ​»​។

ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រព័ន្ធ​លូ​ដែល​អាច​បូមទឹក​កខ្វក់​ប្រមាណ​ ៥ ០០០ ​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ និង​បណ្ដាញ​បំពង់​បង្ហូ​ទឹក​ប្រវែង​ ១,៩ ​គីឡូម៉ែត្រ​។

ការអភិវឌ្ឍ​រោងចក្រ​ប្រព្រឹត្តិកម្ម​ប្រព័ន្ធ​បង្ហូ​ទឹក​នេះ​នឹង​អាច​ឲ្យ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ត្រឹមត្រូវ​នៅក្នុង​ខ័ណ្ឌ​ដែល​អាច​អនុវត្ត​បាន​របស់​ទីក្រុង​ភ្នំពេញ ខណៈ​ដែល​កាត់បន្ថយ​ការបំពុល​នៅ​អាងទឹក​បឹង​ជើងឯក​។

ការអភិវឌ្ឍ​នេះ​នឹង​រួមចំណែក​ដល់​ការកែលម្អ​បរិស្ថាន​ទឹក និង​អនាម័យ​នៅក្នុង​សង្កាត់​ដែល​ជាប់​ពាក់ព័ន្ធ និង​ដើម្បី​លើកកម្ពស់​បរិស្ថាន​រស់នៅ​របស់​ប្រជាជន​ពួកគេ​។

ការសាងសង់​នឹង​ចាប់ផ្ដើម​នៅ​ខែមេសា ហើយ​រោងចក្រ​បង្ហូ​ទឹក​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ខែវិច្ឆិកា​ឆ្នាំ​ ២០២៣៕LA