ភ្នំពេញៈ ​​Leong Hup ជា​ក្រុមហ៊ុន​ចិញ្ចឹម​ និង​ផ្គត់ង់​មាន់​ទា​ មាន​​មូលដ្ឋាន​នៅ​​​​​ម៉ាឡេស៊ី​ បាន​បង្ហាញ​ផែនការ​ក្នុង​ការ​បង្កើត​ប្រតិបត្តិការ​នៅ​​ក្នុង​ប្រទេស ​កម្ពុជា ​​បន្ទាប់​ពី​​​បាន​ប្រមូល​មូលនិធិ​ ២៤៧ ​លាន​ដុល្លារ ​ប្រកប​ដោយ​ជោគជ័យ​ពី​ការ​បោះផ្សាយ​​មូលបត្រ​សាធារណៈ​លើក​ដំបូង​ (IPO)។

ក្រុមហ៊ុន​​បច្ចុប្បន្ន​​បាន ​និង​កំពុង​​នាំចូល​​​ចំណី​សត្វ ​និង​កូន​មាន់​មក​លក់​​ក្នុង​ទីផ្សារ​ប្រទេស ​កម្ពុជា ​រួច​ហើយ​។

របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ ក្រុមហ៊ុន ​Leong Hup International ​ដែល​បាន​​ឡើង​​​ផ្សារ​ហ៊ុន ​Bursa ​Securities កាល​ពី​សប្ដាហ៍​មុន ​លោក​ Chew Eng Loke អគ្គនាយក​​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​​ថា ​ការ​លក់​ចំណី​សត្វ​ និង​កូន​មាន់​នៅ​កម្ពុជា​ កំពុង​ទទួល​បាន​ជោគជ័យ ​ហើយ​ឃ្លាំង​ស្តុក​​មួយ​ស្ថិត​ក្រោម​ការ​សាងសង់ ​ដើម្បី​ជំរុញ​​កំណើន​។​

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​ទំហំ​លក់​កូន​មាន់​អាយុ ​១ ថ្ងៃ​បាន​កើន​ឡើង​នៅ​ពេល​នោះ​យើង​នឹង​បង្កើត​​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នេះ ​ជំនួស​ការ​នាំចេញ​ពី​ប្រទេស ​វៀតណាម​»។​

ការ​ចិញ្ចឹម​មាន់​​ភាគ​ច្រើន​នៅ​កម្ពុជា​​ ជា​លក្ខណៈ​​គ្រួសារ​។​ សម្រាប់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​ក្រុមហ៊ុន CP ​របស់​ថៃ​ កំពុង​​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស ​កម្ពុជា។ ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​​កាល​ពី​ឆ្នាំ ​២០១៧ ​ក្រុមហ៊ុន CP Cambodia ​​​បញ្ជាក់​ថា ​មាន់​រាប់​លាន​​ក្បាល​ និង​ពង ត្រូវ​បាន​ចិញ្ចឹម​​ប្រចាំ​ឆ្នាំ ជា​ប្រភព​​មួយ​នៃ​អាហារ​នៅ​កម្ពុជា​។​

លោក ​តាន់​ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ ​និង​នេសាទ ​បាន​ឲ្យ​ដឹង​កាល​ពី​​ថ្ងៃ​អាទិត្យ​ថា ​លោក​​មិន​បាន​ឮ​សំណើ​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន Leong Hup ​នៅ​ឡើយ​ទេ​ អំពី​ផែនការ​របស់​ខ្លួន​សម្រាប់​ការ​វិនិយោគ​នៅ​​កម្ពុជា ​ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា ក្រសួង​កសិកម្ម នឹង​​ស្វាគមន៍​​ក្រុមហ៊ុន​​​ថ្មី​នេះ ដោយ​លើក​​ឡើង​ថា កម្ពុជា​ត្រូវ​ការ​​ក្រុមហ៊ុន​ផ្គត់ផ្គង់​មាន់​ក្នុង​ស្រុក​កាន់​តែ​ច្រើន​ ដើម្បី​បំពេញ​តម្រូវ​ការ​។​

លោក ​ផាន់​ណារ៉ា ​ឲ្យ​ដឹង​ថា​ ៨១ ​ភាគរយ​ប៉ុណ្ណោះ ​នៃ​តម្រូវ​ការ​មាន់​សរុប​​នៅ​ក្នុង​ប្រទេស​នេះ​ ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​​ក្រុមហ៊ុន​​ផលិត​មាន់​ទា​​ក្នុង​ស្រុក ខណៈ​ចំនួន​នៅ​សល់​ ត្រូវ​នាំចូល​​ពី​ប្រទេស​ជិត​ខាង​ ដូច​ជា​វៀតណាម និង​ថៃ​។​ ​​

លោក​​បាន​​ថ្លែង​ថា​៖ «​យើង​នៅ​តែ​​មាន​កង្វះ​ការ​ផ្គត់ផ្គង់​ ខណៈ​យើង​នាំចូល​​មាន់​​ប្រហែល​ពី ​១០ ០០០ ​ក្បាល ទៅ ​១៥ ០០០ ​ក្បាល​ ក្នុង ​១ ​ថ្ងៃ ពី​ប្រទេស​ជិត​ខាង ​ដើម្បី​បំពេញ​តម្រូវ​ការ​​ក្នុង​ស្រុក​»។ លោក​បន្ថែម​ថា វា​ជា​ឱកាស​ដ៏​ល្អ​ សម្រាប់​​ក្រុមហ៊ុន​ផលិត​​ថ្មីៗ ក្នុង​ការ​ចាប់​យក​សក្ដានុពល​​​​ក្នុង​ទីផ្សារ​កម្ពុជា​ និង​សង្ឃឹម​ថា ការ​ប្រកួត​ប្រជែង​​កាន់​តែ​ច្រើន​នឹង​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់​ជាក់​ស្ដែង​។​

​លោក​ ផាន់​ណារ៉ា ​បាន​ឲ្យ​ដឹង​ថា បញ្ហា​​ប្រឈម​សំខាន់​សម្រាប់​​ក្រុមហ៊ុន​ចិញ្ចឹម​​​មាន់​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ គឺ​​ទាក់ទង​ជាមួយ​តម្លៃ​ចំណី​សត្វ​ ដោយសារ​តែ​កង្វះ​វត្ថុធាតុ​ដើម​ និង​តម្លៃ​អគ្គិសនី​ខ្ពស់​។​

លោក​​បន្ត​ថា​៖ «​​បើ​​ក្រុមហ៊ុន​ផលិត​អាច​ស្វែងរក​តម្លៃ​ចំណី​សត្វ​កាន់​តែ​ទាប ​ចំពោះ​ប្រតិបត្តិការ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ខ្ញុំ​គិត​ថា ពួក​គេ​នឹង​ទទួល​បាន​ជោគជ័យ ​និង​ប្រាក់​ចំណេញ​នៅ​ក្នុង​ទីផ្សារ​នេះ​»៕LA​