ក្រុង​ញូវយ៉កៈ ក្រុមហ៊ុន​ផលិត​ខោ​ខូវប៊យ​ Levi Strauss & Co (Levi''s) របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ​បាន​​ប្រកាស​ពី​ការ​កំណត់​តម្លៃ​ភាគហ៊ុន មុន​ពេល​វិល​ត្រឡប់​ទៅ​រក​ការ​ជួញ​ដូរ​ឡើង​វិញ​នៅ​តំបន់​ហិរញ្ញវត្ថុ Wall Street បន្ទាប់​ពី​ដក​ខ្លួន​ជាង ៣០ ឆ្នាំ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ប្រាក់​បាន ៦២៣ លាន​ដុល្លារ ដែល​ជា​បរិមាណ​លើស​ពី​ការ​រំពឹង​ទុក។

ក្រុមហ៊ុន​ផលិត​​ខោ​ខូវប៊យ​ម៉ាក​​ដ៏​ល្បី​ដែល​ភាគហ៊ុន​របស់​​​ខ្លួន​​គ្រោង​នឹង​ចាប់​ផ្តើម​ជួញដូរ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ (ថ្ងៃ​នៅ​អាមេរិក) នៅ​លើ​ផ្សារហ៊ុន​ក្រុង​ញូវយ៉កនេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​កំណត់​តម្លៃ​បឋម​ចំនួន ១៧ ដុល្លារ​ក្នុង ​១ ហ៊ុន ពោល​គឺ​​លើ​កម្រិត​​ទិសដៅ​ដែល​មាន​ពី ១៤ ទៅ ១៦ ដុល្លារ​ដែល​ក្រុមហ៊ុន​​​បាន​កំណត់​នាពេល​កន្លង​មក។

តម្រូវ​ការ​ខ្លាំង​ចំពោះ​ភាគហ៊ុន​​ក្រុមហ៊ុន​ Levi''s មាន​ន័យ​ថា ការ​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IP​O) នឹង​ប្រមូល​ប្រាក់​បាន​ចំនួន ៦២៣ លាន​ដុល្លារ។

ក្រុមហ៊ុន Levi''s មាន​ផែនការ​​ប្រើប្រាស់​សាច់​ប្រាក់​បាន​ពី​ការ​បោះ​ផ្សាយ​លក់​ភាគហ៊ុន​នេះ​សម្រាប់​គោល​បំណង​សាជីវកម្ម​ទូទៅ ព្រម​ទាំង​សម្រាប់​ការ​ទិញ​ក្រុមហ៊ុន​ណា​ដែល​មាន​​​សក្តានុពល។ នេះ​បើ​យោង​​​តាម​ឯកសារ​របស់​ក្រុមហ៊ុន​ដែល​​ដាក់​ជូន​ផ្សារហ៊ុន​ក្រុង​ញូវយ៉ក។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​គឺ​ជា​ថ្ងៃ​ដែល​បង្ហាញ​ពី​ការ​វិល​ត្រឡប់​មក​ទីផ្សារ​ហ៊ុន​វិញ​របស់​ក្រុមហ៊ុន Levi''s បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ចាក​ចេញ​ពី​ទីផ្សារ​មូលធន​នេះ​ក្នុង​ឆ្នាំ ១៩៨៥ ក្នុង​កិច្ច​ព្រមព្រៀង​​ទិញ​​យក​ភាគហ៊ុន​ភាគ​ច្រើន​មួយ​ដែល​កើត​មាន​ឡើង ១៤ ឆ្នាំ បន្ទាប់​ពី​ក្រុមហ៊ុន​​នេះ​បាន​ឡើង​​ផ្សារហ៊ុន៕ AFP/KC