
ភ្នំពេញៈ ក្រុមហ៊ុនLG Electronics ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះG-Gear បើកដំណើរការហាង LG Brand Shop នៅរាជធានីភ្នំពេញដើម្បីបំពេញតាមតម្រូវការឧស្សាហកម្មបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានឲ្យដឹងថា ការកើនឡើងនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាគឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗជាច្រើនក្នុងការទាក់ទាញវិនិយោគិនបរទេស។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយអំឡុងពិធីបើកសម្ពោធថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅកម្ពុជាបានកើនឡើងប្រហែលពី៧៣៨ដុល្លារនៅក្នុងឆ្នាំ២០០៩ដល់៩១៥ដុល្លារក្នុងឆ្នាំ២០១២ហើយត្រូវបានគេប៉ាន់ស្មានថាអាចកើនឡើងដល់១០០០ដុល្លារក្នុងឆ្នាំ២០១៣។
លោក សុខ អានលើកឡើងថា៖«កំណើនប្រាក់ចំណូលនេះបានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងជាបន្តបន្ទាប់អំពីអំណាចទិញរបស់ប្រជាជនកម្ពុជាដែលវាក៏ផ្តល់សក្តានុពលដ៏ខ្លាំងក្លាផងដែរសម្រាប់ក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ពោធហាង LG Brand Shop នៅក្នុងប្រទេសកម្ពុជានេះគឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវស្របពេលដែលកម្ពុជាបានកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ»។
លោក Micheal Jung ប្រធានប្រតិបត្តិនៃក្រុមហ៊ុន LG Electronics ប្រចាំប្រទេសថៃបានលើកឡើងថា LG Electronics មានសកម្មភាពលក់នៅកម្ពុជាតាំងពីឆ្នាំ២០០៧មក។ ឥឡូវក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុន G-Gearដើម្បីបង្កើតប្រតិបត្តិការជំនួញឲ្យរឹងមាំនៅទីផ្សារកម្ពុជា។
លោកបានថ្លែងថា៖ «ក្រុមហ៊ុនG-Gear គឺជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា ដែលបានចូលរួមចំណែកអភិវឌ្ឍគួរឲ្យកត់សម្គាល់លើបច្ចេកវិទ្យាអេឡិចត្រូនិក។ យើងរីករាយធ្វើការជាមួយ G-Gear ហើយយើងសង្ឃឹមយ៉ាងមុតមាំថា យើងនឹងរីកលូតលាស់រួមគ្នាដូចដែលG-Gear ធ្លាប់ធ្វើ»។
លោកបន្ថែមថា៖ «ឥឡូវយើងកំពុងព្យាយាមធ្វើឲ្យម៉ាក [LG] ល្បីជាងគេនៅកម្ពុជា។ ដើម្បីបំពេញនូវមហិច្ឆតារបស់យើងនេះ វាមិនត្រឹមតែទាមទារឲ្យយើងមានផលិតផលដាក់លក់នៅគ្រប់ទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវមានហាងដ៏ល្អដើម្បីបម្រើអតិថិជនផងដែរ។ យើងនឹងគ្រប់គ្រងBrand Shop នេះឲ្យក្លាយជាទីតាំងវប្បធម៌ និងទីតាំងចំហសម្រាប់បែបបទជីវិតរស់នៅរបស់ប្រជាជន»៕ CC