ក្រុងហ្សាការតាៈ ក្រុមហ៊ុន​អាកាសចរណ៍ Lion Air Group របស់​ឥណ្ឌូនេស៊ី បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ពី​ការបញ្ជា​ទិញ​យន្តហោះ​ខ្នាត​តូច​ម៉ូដែល Boeing Co 737 MAX 10 ចំនួន ៥០ គ្រឿង​ដែល​មាន​តម្លៃ ៦,២៤ ពាន់​លាន​ដុល្លារ និង​បាន​ឲ្យ​ដឹង​ទៀត​ថា​ខ្លួន​មាន​ផែនការ​បញ្ជា​ទិញ​ជា​បណ្តោះអាសន្ន​នូវ​យន្តហោះ​ខ្នាត​ធំ​ម៉ូដែល Boeing 787 ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​។

លោក Rusdi Kirana សហ​ស្ថាបនិក​ក្រុមហ៊ុន Lion Air បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ក្រុមហ៊ុន Lion Air ដែល​មាន​សាខា​រួច​ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​នោះ​ក៏​មាន​ផែនការ​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។

តែ​លោក​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ស្តីពី​ចំនួន​យន្តហោះ​ម៉ូដែល 787s ដែល​ត្រូវ​បាន​បញ្ជា​ទិញ ឬ​ប្រទេស​ណា​មួយ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា អនុស្សរណៈ​យោគយល់​មួយ​សម្រាប់​ការទិញ​យន្តហោះ​ម៉ូដែល 787s នឹង​ត្រូវ​ប្រកាស​ក្នុង​រយៈពេល «​ពីរ​ទៅ​បី​សប្តាហ៍​ខាង​មុខ​នេះ​»​។

ការអធិប្បាយ​របស់​លោក​បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន​មួយ​នេះ បាន​បញ្ជាក់​នាពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ពី​ការទិញ​យន្តហោះ​ម៉ូដែល Boeing 737 MAX 10 ចំនួន ៥០ គ្រឿង តាមរយៈ​ការប្រកាស​ពី​ការបញ្ជា​ទិញ​មួយ​របស់​ក្រុមហ៊ុន​។ យន្តហោះ​នោះ​មាន​តម្លៃ ៦,២៤ ពាន់​លាន​ដុល្លារ តែ​ក្រុមហ៊ុន​អាកាសចរណ៍​ជាធម្មតា​ទទួល​បាន​ការ​បញ្ចុះតម្លៃ​សម្រាប់​ការទិញ​យន្តហោះ​ក្នុង​ចំនួន​ច្រើន​។

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កំពុង​ពង្រីក​អាជីវកម្ម​យ៉ាង​ឆាប់​រហ័ស​នេះ កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៧ បាន​ដាក់​ការបញ្ជា​ទិញ​បណ្តោះអាសន្ន​នូវ​យន្តហោះ​មួយ​ចំនួន​ពោល​គឺជា​ប្រភេទ​យន្តហោះ​ថ្មី និង​ខ្នាត​ធំ​ជាង​គេ​នៃ​ប្រភេទ​យន្តហោះ​ដែល​មាន​តួ​ខ្លួន​តូច​របស់​ក្រុមហ៊ុន Boeing​។

លោក Kirana មាន​ប្រសាសន៍​ថា​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ដែល​រួមមាន​អាកាសយានដ្ឋាន​កំពុង​ជំរុញ​តម្រូវការ​យន្តហោះ​បន្ថែម​របស់​ក្រុមហ៊ុន Lion​។

ចំនួន​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ជា​បឋម​មាន​យន្តហោះ​ដែល​មាន​តួ​ខ្លួន​តូច តែ​ក្រុមហ៊ុន​មាន​យន្តហោះ​ខ្នាត​ធំ​ម៉ូដែល Airbus SE A330 ចំនួន ៣ គ្រឿង​។ លោក Kirana ពុំ​បាន​បញ្ជាក់​ពី​ផ្លូវ​ហោះហើរ​ដែល​ត្រូវ​ប្រើប្រាស់​យន្តហោះ​ម៉ូដែល 787 នេះ​ទេ​។

ក្រុមហ៊ុន Lion Air អាច​នឹង​ទទួល​បាន​យន្តហោះ Boeing 737 MAX 10 ដំបូង​នៅ​ឆ្នាំ​ ២០២០៕ BP