ភ្នំពេញៈ Bank of East Asia ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេរបស់ទីក្រុងហុងកុង និងក្រុមហ៊ុន LOLC របស់ស្រីលង្កា បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានក្លាយជាភាគទុនិកភាគច្រើនរបស់ប្រាសាក់ ដែលកិច្ចព្រមព្រៀងនេះត្រូវបានរាយការណ៍ថាមានតម្លៃ ១៨៦ លានដុល្លារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ធនាគារ Bank of East Asia (BEA) និងក្រុមហ៊ុន LOLC បានទិញភាគហ៊ុនភាគច្រើនរបស់ ប្រាសាក់ ដែលបានគ្រប់គ្រងដោយក្រុមហ៊ុន Dragon Capital Group Limited ក្រុមហ៊ុន , Belgian Investment Company for Developing Countries SA (BIO) និងក្រុមហ៊ុន Netherlands Development Finance Company (FMO)។
កិច្ចព្រមព្រៀងនេះបង្កើនភាគហ៊ុនដែលមានស្រាប់របស់ក្រុមហ៊ុន LOLC ពី ២២ ភាគរយ ដល់ ៧០ ភាគរយ ដោយក្រុមហ៊ុន BEA កាន់កាប់ភាគហ៊ុន២១ភាគរយ និងប្រាសាក់កាន់កាប់ភាគហ៊ុននៅសល់៩ភាគរយ។
ប្រព័ន្ធព័ត៌មានស្រីលង្កា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានតម្លៃ ១៨៦លានដុល្លារ ខណៈប្រាសាក់ និងភាគទុនិកផ្សេងទៀតមិនអាចទាក់ទងសុំការអត្ថាធិប្បាយទេកាលពីម្សិលមិញ។
ប៉ុន្តែ សេចក្ដីប្រកាសព័ត៌មានរួមបានឲ្យដឹងថា ប្រាសាក់បានរីកចម្រើនក្លាយជា MFI ឈានមុខគេរបស់កម្ពុជាជាមួយនឹងផលបត្រទ្រព្យសកម្ម ១,៣ពាន់លានដុល្លារ។
សេចក្ដីប្រកាសព័ត៌មាននេះបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងជួយត្រួសត្រាយផ្លូវឲ្យប្រាសាក់ក្លាយជាធនាគារពាណិជ្ជនៅពេលអនាគតដ៏ខ្លីខាងមុខ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា៖ «ប្រាសាក់មានអ្នកដាក់ប្រាក់បញ្ញើប្រហែល ៥៣០ ០០០ នាក់ ជាមួយនឹងប្រាក់បញ្ញើមូលដ្ឋានជាង៦៦០លានដុល្លារ គិតត្រឹម ខែកុម្ភៈ ឆ្នាំ ២០១៧»។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ប្រាសាក់គ្រោងនឹងធ្វើពិពិធកម្មអាជីវកម្ម របស់ខ្លួន និងការផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជពេលអនាគតដ៏ខ្លី»។
លោក ស៊ឹម សេនាជាតិ អគ្គនាយក ប្រាសាក់ ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មានដោយថ្លែងថា BEA គឺជាវិនិយោគិនយុទ្ធសាស្ដ្រមួយ ហើយនឹង «រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុគ្រប់ៗគ្នាប្រកបដោយស្ថិរភាពនៅប្រទេសកម្ពុជា»។
លោក Ishara Nanayakkara អនុប្រធានក្រុមហ៊ុនLOLC Group បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា កិច្ចព្រមព្រៀងនេះបានបង្ហាញការពង្រីកការវិនិយោគនៅក្រៅប្រទេសជាលើកដំបូងរបស់ខ្លួន និងថា ភាគទុនិកមានចក្ខុវិស័យរួមនៃការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
លោក David Li ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន BEA បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះបានបង្ហាញទីតាំងឈរជើងលើកដំបូងនៅកម្ពុជា ហើយនឹងជួយដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលទៅដល់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកត្រូវបានដកស្រង់សម្ដីថា៖«តាមរយៈប្រាសាក់ ធនាគាររបស់យើងនឹងពង្រឹងបន្ថែមដល់វត្តមានរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ ការវិនិយោគជាយុទ្ធសាស្ដ្រនេះ នឹងជំរុញឲ្យពួកយើងទាញយកផលប្រយោជន៍កាន់តែប្រសើរលើឱកាសកើនឡើងពី «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ និងផ្លូវមួយរបស់ចិន»។
ការទិញភាគហ៊ុននេះមិនមែនជាលើកដំបូងឡើយ ដែលប្រាសាក់បានដើរឆ្ពោះទៅរកការទទួលបានវិនិយោគិនយុទ្ធសាស្ដ្រនោះ។
កាលពីខែសីហា ឆ្នាំមុន NBC បានបដិសេធនូវកិច្ចព្រមព្រៀងមួយរវាងប្រាសាក់ និងធនាគារ Woori Bank ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ភាគហ៊ុន៥០ភាគរយ ដោយបញ្ជាក់ថា ធនាគារកូរ៉េមិនមែនជាធនាគារដេញថ្លៃមួយដ៏ស័ក្តិសម ដែលបានទទួលស្គាល់ដោយស្ថាប័ននិយតករឯករាជ្យនោះទេ។
មិនអាចទាក់ទង NBC ដើម្បីសុំការបញ្ជាក់ថាតើខ្លួនបានយល់ ព្រមលើកិច្ចព្រមព្រៀងនេះឬយ៉ាងណានោះទេ កាលពីថ្ងៃម្សិលមិញ៕ LA