ភ្នំពេញៈ ក្រុមហ៊ុន LOLC Holdings Plc ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ធំ​ទី​ ២ នៅ​ផ្សារ​ហ៊ុន​របស់​ប្រទេស​ស្រីលង្កា គ្រោង​នឹង​លក់​ភាគហ៊ុន ៧០ ភាគរយ​ របស់ខ្លួន​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​។ នេះ​បើ​យោងតាម​អនុប្រធាន​របស់​ក្រុមហ៊ុន LOLC​។

លោក Ishara Nanayakkara អនុប្រធាន​ក្រុមហ៊ុន LOLC បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ថា ក្រុមហ៊ុន LOLC Holdings គ្រោង​នឹង​លក់​ភាគហ៊ុន​របស់ខ្លួន​ក្នុង​អង្គភាព​អាជីវកម្ម​មួយ​នៅ​កម្ពុជា និង​ប្រើប្រាស់​ប្រាក់​នេះ​ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ការទិញ​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​នានា​នៅក្នុង​ទីផ្សារ​កំពុង​ស្ទុះ​ងើប​ខ្លាំង​ក្នុងប្រទេស​នានា​រាប់​ចាប់ពី​ប្រេស៊ីល​រហូតដល់​ឥណ្ឌា​។

លោក​កត់សម្គាល់​ថា ក្រុមហ៊ុន LOLC នឹង​លក់​ភាគហ៊ុន ៧០ ភាគរយ ​របស់ខ្លួន​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ដែល​ធនាគារ Bank of East Asia Ltd របស់​ក្រុង​ហុងកុង​ក៏​ជា​ភាគទុនិក​មួយ​របស់​គ្រឹះស្ថាន​នេះ​ផងដែរ​។

លោក Nanayakkara វ័យ​ ៤៦ ​ឆ្នាំ​ បាន​ឲ្យ​ដឹង​ក្នុង​បទសម្ភាស​មួយ​នៅ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន LOLC នៅ​ទីក្រុង​កូឡំបូ​ថា​៖ «​វា​ធំ​ខ្លាំង​ក្នុងនាម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ ខ្ញុំ​គិតថា ប្រាសាក់​ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​ធនាគារ​មួយ​»​។

លោក​បន្តថា ប្រាក់ចំណេញ​ពី​មូលធន​វិនិយោគ ៣០ ​ភាគរយ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​ខ្លាំង​ធ្វើឲ្យ​វា​មាន​ការទាក់ទាញ​។

លោក សាយ សូនី អនុប្រធាន​ជាន់ខ្ពស់​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​បដិសេធ​អត្ថាធិប្បាយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនអាច​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ ដោយសារ​តែ​ខ្ញុំ​មិនមាន​ព័ត៌មាន​ណាមួយ​នៅឡើយ​»​។

គិត​នៅត្រឹម​ចុងឆ្នាំ​ ២០១៨ ទ្រព្យសកម្ម​របស់​ប្រាសាក់​សរុប​មាន​ចំនួន ២,៣៧ ​ពាន់​លាន​ដុល្លារ​។ កម្ចី​មាន​ចំនួន ១,៩៦ ​ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​បាន​កើនឡើង​សរុប​ដល់​ ១,២៩ ​ពាន់​លាន​ដុល្លារ​។ កាលពី​ចុងឆ្នាំ​មុន ប្រាសាក់​បាន​ដំឡើង​ម៉ាស៊ីន អេធីអឹម ជាង ១២៦ គ្រឿង ម៉ាស៊ីន​ឆូតកាត ៤៩៨ គ្រឿង និង​មាន​អ្នកប្រើប្រាស់​ធនាគារ​ចល័ត ១១ ២០០ នាក់​។

លោក ប៊ុន មុនី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា វា​មិនមែន​ជា​ផលប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នោះទេ​។ លោក​បាន​បញ្ជាក់ថា វា​នឹង​ទាក់ទាញ​ក្រុម​វិនិយោគិន​ផ្សេងទៀត​ឲ្យ​ចូលរួម​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​។

លោក​បន្ថែមថា​៖ «​វា​ជា​រឿង​ធម្មតា​ថា ភាគទុនិក​ចង់​ដក​ភាគហ៊ុន​របស់​ពួកគេ និង​វិនិយោគ​លើ​គម្រោង​ផ្សេងទៀត​។ ដូច​ករណី​នេះ ខ្ញុំ​មិន​មើលឃើញ​ថា វា​មាន​ផលប៉ះពាល់​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFI) នោះទេ ព្រម​ទាំង​ប្រាសាក់​ផងដែរ​»​។ លោក​បន្តថា​៖ «​ខ្ញុំ​ជឿជាក់​ថា ភាគទុនិក​ថ្មី​នឹង​ប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើឲ្យ​វា​មាន​កំណើន​ក្នុង​គ្រឹះស្ថាន​របស់​ពួកគេ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​គឺ​នៅ​តែ​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា​»​។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg សម្រាប់​លោក Nanayakkara ដែល​ដំណើរការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ២ ​នៅ​កម្ពុជា​នោះ ការលក់​ប្រាសាក់ ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ធំជាងគេ​របស់​កម្ពុជា​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ ដោយសារតែ​​ទីផ្សារ​នេះ​ចង្អៀត​ហើយ​។

MFI ដែល​ចុះបញ្ជី​ជាង ៧០ ប្រកួតប្រជែង​អាជីវកម្ម​នៅក្នុង​ប្រទេសមួយ​ដែលមាន​ប្រជាជន ១៦ លាន​នាក់​។ កម្ពុជា​មាន​កម្ចី​ជា​មធ្យម ៣ ៣៧០ ដុល្លារ​ ក្នុង​អ្នក​ខ្ចី​ម្នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពីដើម​ឆ្នាំនេះ​។

លោក Sanjay Sinha នាយក​គ្រប់គ្រង​ក្រុមហ៊ុន Micro-Credit Ratings International មាន​មូលដ្ឋាន​នៅ​ទីក្រុង Gurgaon ប្រទេស​ឥណ្ឌា​ឲ្យ​ដឹងថា «​មិនមាន​វិសាលភាព​ច្រើន​ទេ​» សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​ខ្លួន​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ទំហំ​កម្ចី​កំពុង​កើនឡើង​។ ជា​លទ្ធផល ផលបត្រ​កំពុង​កើនឡើង​ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​តែ​បំណុល​វ័ណ្ឌក​»​។

សេចក្តីរាយការណ៍​នេះ​បាន​ដកស្រង់​សម្តី​របស់លោក Nanayakkara ខណៈ​លោក​ថ្លែងថា នៅ​ឆ្នាំក្រោយ​ក្រុមហ៊ុន LOLC ដែល​ប្រហែល ៨៤ ភាគរយ​នៃ​ប្រាក់ចំណូល​មុន​បង់ពន្ធ​របស់ខ្លួន​ទទួល​បាន​ពី​បរទេស គ្រោង​នឹង​ពង្រីក​អាជីវកម្ម​ទៅ​កាន់​ប្រទេស​អ៊ូហ្គង់ដា កេនយ៉ា តង់សានី ហ្ស៊ីមបាវ៉េ និង​ម៉ូហ្សំប៊ិក​។ លោក​បន្ថែមថា ក្រុមហ៊ុន​ជិត​បញ្ចប់​ការទិញ​ក្រុមហ៊ុន​មួយ​នៅ​រដ្ឋ Tamil Nadu របស់​ប្រទេស​ឥណ្ឌា​ផងដែរ ហើយ​កំពុង​ស្វែងរក​ឱកាស​នៅក្នុង​ប្រទេស​ប្រេស៊ីល​។

លោក Nanayakkara បញ្ជាក់ថា​៖ «​អ្វីដែល​យើង​កំពុង​ព្យាយាម​ក្នុង​ការបង្កើត​គឺ​វេទិកា​ហិរញ្ញវត្ថុ​ខ្នាតតូច​ឈានមុខ​គេ​របស់​ពិភពលោក​»៕ LA