ភ្នំពេញៈ​​ គណៈកម្មការ​មូលបត្រ​កម្ពុជា ​បាន​​អនុម័ត​​ជា​គោលការណ៍​ទៅ​លើ​​​សំណើ​សុំ​បោះផ្សាយ​​លក់​មូលបត្រ​បំណុល​​​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​LOLC ដែល​នឹង​​ក្លាយ​ជា​ក្រុមហ៊ុន​ទី២ បន្ទាប់​ពី​​ហត្ថាកសិករ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ SECC ​កាល​​ពី​ល្ងាច​ថ្ងៃ​ទី ​៣ ខែ ​មេសា បាន​ឲ្យ​ដឹង​ថា មូលបត្រ​បំណុល ឬ​សញ្ញាបណ្ណ​ដែល​ស្នើ​សុំ​បោះផ្សាយ​នេះ ២ ​ប្រភេទ ដែល​ជា​ទី១ គឺ​ជា​សញ្ញាបណ្ណ​ធម្មតា​មាន​អាទិភាព​ខ្ពស់ គ្មាន​​វត្ថុ​ធានា និង​គ្មាន​ការ​ការពារ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់ ​ដែល​​អត្រា​គូប៉ុង ​(ការប្រាក់) ប្រចាំ​ឆ្នាំ​ចន្លោះ​ពី ៨ ភាគរយ​ទៅ ៩ ភាគរយ និង​ទី២ គឺ​ជា​សញ្ញាបណ្ណ​ធម្មតា​មាន​អាទិភាព​ខ្ពស់ គ្មាន​​វត្ថុ​ធានា និង​មាន​ការ​​ការពារ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់ ក្នុង​អត្រា​គូប៉ុង​ប្រចាំឆ្នាំ​ចន្លោះ​ពី ៧,៥ ភាគរយ​ទៅ ៨ ភាគរយ​ក្នុង ​១ ឆ្នាំ។

ការ​​បោះ​ផ្សាយ​មូលបត្រ​បំណុល​កន្លង​​មក​​​ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​​ហត្ថាកសិករ​​​ មាន​តែ​សញ្ញាបណ្ណ​​មួយ​ប្រភេទ​ប៉ុណ្ណោះ​ នោះ​គឺ​​សញ្ញាបណ្ណ​​មិន​មាន​ធានា​ហានិភ័យ​​អត្រា​ប្តូរ​ប្រាក់​ដែល​​បាន​បោះផ្សាយ​ដំបូង​គេ​កាល​ពី​ចុង​ឆ្នាំ ២០១៨។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ LOLC ​គ្រោង​នឹង​​បោះផ្សាយ​ក្នុង​ទំហំ​ប្រាក់​សរុប ៨០ ពាន់​លាន​រៀល (ប្រហែល ២០ លាន​ដុល្លារ) មាន​តម្លៃ​ចារឹក​ក្នុង​មួយ​ឯកតា​មូលបត្រ​បំណុល ​១០០ ០០០ រៀល។

លោក​ ស៊ឹម ​តារា ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Yuanta Securities ​ដែល​ជា​ក្រុមហ៊ុន​​ប្រឹក្សា​ និង​ធានា​ទិញ​មូលបត្រ​បំណុល​របស់ LOLC កាល​ពី​ចុង​ខែ​មីនា ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​​​ធ្វើ​បរិវិសកម្ម​ទៅ​លើ​មូលបត្រ​បំណុល​​នេះ​ត្រូវ​បាន​រំពឹង​​ថា​​​ នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា។

លោក​បន្ថែម​ថា ក្រុមហ៊ុន​​​​មាន​វិនិយោគិន​​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ​រួច​ហើយ​ដែល​​រង់ចាំ​ទិញ​បណ្ណ​បំណុល​​នេះ​ ដែល​ភាគ​ច្រើន​ពួក​គាត់​សុទ្ធសឹង​ជា​វិនិយោគិន​​​ស្ថាប័ន​​នៅ​ក្នុង​ប្រទេស។ LOLC ត្រូវ​បន្ត​នីតិវិធី​​នៃ​ការ​បោះផ្សាយ​​លក់​មូលបត្រ​បំណុល​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន មុន​​ទទួល​បាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ក្នុង​ការ​​ចុះ​បញ្ជី​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា៕