ភ្នំពេញៈ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ LOLC ​(Cambodia) Plc ​នឹង​ក្លាយ​ជា​ស្ថាប័ន​ទី២ ដែល​បោះ​ផ្សាយ​លក់​សញ្ញាប័ណ្ណ​ ឬ​មូលបត្រ​បំណុល​ នៅ​កម្ពុជា​ បន្ទាប់​ពី​បាន​ទទួល​ការ​យល់ព្រម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) កាល​ពី​ថ្ងៃ​សុក្រ​មុន​។ ​នេះ​​បើ​យោង​តាម​សេចក្ដី​ប្រកាស​​​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ​​កាល​​ពី​ថ្ងៃ​ចន្ទ​។​

ខុស​គ្នា​បន្តិច​ពី​សញ្ញាប័ណ្ណ​​ដែល​បោះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​មុន​ សញ្ញាប័ណ្ណ​​បំណុល​របស់​ក្រុមហ៊ុន​ LOLC ​នឹង​ ផ្ដល់​​ដល់​ក្រុម​វិនិយោគិន​នៅ​ជម្រើស​២ គឺ​វិនិយោគិន​អាច​ទិញ​សញ្ញាប័ណ្ណ​​ ដែល​មាន​ការ​ធានា​លើ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់ និង​សញ្ញាប័ណ្ណ​ធម្មតា ​ដែល​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់។ ក្រុមហ៊ុន​បោះ​ផ្សាយ​ទី​១ ​​មាន​តែ​សញ្ញាប័ណ្ណ​​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ប៉ុណ្ណោះ​។

ក្រុមហ៊ុន ​LOLC​ គ្រោង​នឹង​ប្រមូល​ដើមទុន​ពី​ការ​បោះផ្សាយ​​សញ្ញាប័ណ្ណ​ចំនួន​ ៨០ ​ពាន់​លាន​រៀល (២០ លាន​ដុល្លារ​​) ​តាម​រយៈ​ការ​លក់​សញ្ញាប័ណ្ណ​របស់​ខ្លួន​លើក​ដំបូង​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា។ មូល​បត្រ​​បំណុល​នេះ​នឹង​មាន​រយៈ​ពេល ៣ ឆ្នាំ ហើយ​អត្រា​ការ​ប្រាក់​ពី​សញ្ញាប័ណ្ណ​នេះ​នឹង​សម្រេច​បន្ទាប់​ពី​​ដំណាក់​កាល​បរិវិសកម្ម​។

លោក ​សុខ ​វឿន ​អគ្គនាយក LOLC បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា៖ «​យើង​រីករាយ​យ៉ាង​ខ្លាំង​ ដែល​យើង​បាន​ទទួល​ការ​យល់ព្រម​លើ​ការ​ចេញ​លក់​សញ្ញាប័ណ្ណ​លើក​ដំបូង​នេះ​ពី​ធនាគារ​ជាតិ​ ដែល​យើង​អាច​បង្ហាញ​​ផលិតផល​ថ្មី សញ្ញាប័ណ្ណ​ដែល​មាន​ការ​ធានា​លើ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​​ដល់​ទីផ្សារ​នេះ»។​

លោក​បាន​​បន្ត​ថា​៖ «​ការ​ធ្វើ​ពិពិធកម្ម​ប្រភព​ដើមទុន​​របស់​យើង​ ជា​ពិសេស​ដើមទុន​ដែល​មាន​រយៈ​ពេល​វែង ​នឹង​ធានា​កំណើន​​របស់​គ្រឹះស្ថាន​​របស់​យើង​នា​ពេល​ខាង​មុខ​​ព្រម​ទាំង​កែ​លម្អ​ស្ថានភាព​​​ហិរញ្ញវត្ថុ​របស់​យើង​​ផង​ដែរ​»។​

បន្ទាប់​​ពី​ការ​ទទួល​បាន​ការ​យល់ព្រម​ពី​ធនាគារ​ជាតិ LO​L​C នឹង​ដាក់​ពាក្យ​សុំការ​ពិនិត្យ​ឡើង​​វិញ​នូវ​សិទ្ធិ​ចុះ​បញ្ជី ទៅ​ក្រុមហ៊ុន​​ផ្សារ​មូលបត្រ​កម្ពុជា ​និង​បែបបទ​ពាក្យ​សុំ​សម្រាប់​ការ​បោះ​ផ្សាយ​មូលបត្រ​​ជា​សាធារណៈ​លើក​ដំបូង និង​​មូលបត្រ​បំណុល ​ការ​បង្ហាញ​ឯកសារ​ និង​​ឯកសារ​ពាក់ព័ន្ធ​ទៅ​កាន់​​គណៈកម្មការ​មូលបត្រ​កម្ពុជា (​SECC​) ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​។

កាល​បរិច្ឆេទ​ការ​ចុះ​បញ្ជី​សម្រាប់​មូលបត្រ​បំណុល​នេះ ​ត្រូវ​​បាន​រំពឹង​ថា ​នឹង​ធ្វើ​ឡើង​នៅ​ចុង​​ខែ​មីនា។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ LOLC ​បង្ហាញ​ថា សញ្ញាប័ណ្ណ​​ ដែល​មាន​ការ​ធានា​លើ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់ និង​សញ្ញាប័ណ្ណ​ធម្មតា​ ដែល​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​នឹង​ចូល​រួម​ជា​មួយ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នៃ​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​ ដោយ​សារ​តែ​​វា​​គិត​ជា​ប្រាក់​រៀល​ខ្មែរ និង​ការ​ទូទាត់​អត្រា​​ការ​​​ប្រាក់​របស់​សញ្ញាប័ណ្ណ​នេះ​ក៏​​​ត្រូវ​បាន​ធ្វើ​ឡើង​ជា​​ប្រាក់​រៀល​​ខ្មែរ​ផង​ដែរ។​

លោក KT Han នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Yuanta Securities ​ដែល​ជា​អ្នក​ពិគ្រោះ​យោបល់ និង​ជា​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​របស់​​​ក្រុមហ៊ុន​​ LOLC សម្រាប់​គម្រោង​​មូលបត្រ​បំណុល​នេះ​បាន​ឲ្យ​ដឹង​ថា​ សញ្ញាប័ណ្ណ​នេះ​ត្រូវ​បាន​គេ​ដាក់​បញ្ជា​ទិញ​លើស​ពី​ទំហំ​បោះផ្សាយ​រួច​ទៅ​ហើយ។

លោក​​ថ្លែង​ថា​៖ «​យើង​ជឿជាក់​ថា​សញ្ញាប័ណ្ណ​​ដែល​មាន​ការ​​ធានា​លើ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ជា​​ផលិតផល​មាន​ប្រយោជន៍​ដ៏​ពិសេស​មួយ​សម្រាប់​​ប្រទេស ​កម្ពុជា ​នៅ​ក្នុង​អំឡុង​ពេល​អន្តរកាល​នេះ ​ដោយ​ហេតុ​ថា​ ទីផ្សារ​នេះ​នឹង​សម្រេច​បាន​ទិស​ដៅ ​២ គឺ​ការ​លើក​កម្ពស់​ប្រាក់​រៀល​ខ្មែរ ​និង​ការ​ទាក់ទាញ​ប្រាក់​រៀល​ខ្មែរ និង​​ក្រុម​វិនិយោគិន​ជា​​ប្រាក់​ដុល្លារ​ ទៅ​ទីផ្សារ​​មូលធន​​ក្នុង​ស្រុក​»​។

លោក ​Ha Jong Weon ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់ CSX ​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​​ស្តីពី​ការ​បោះផ្សាយ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន​ទី​២ ​នេះ ​ជា​សញ្ញា​ដ៏​ល្អ​មួយ​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​ប្រភព​មូលនិធិ​ ក្នុង​ចំណោម​ក្រុមហ៊ុន​របស់​​​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​​​រយៈ​ពេល​ខ្លី ​យ៉ាង​ហោច​ណាស់​នៅ​ឆ្នាំ​នេះ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ច្រើន​ចង់​បោះផ្សាយ​​លក់​​មូលបត្រ​​បំណុល ដោយ​​សារ​តែ​ការ​រួច​​​ពន្ធ [រដ្ឋាភិបាល​ផ្តល់​ការ​លើក​ទឹក​ចិត្ត​]»។

លោក​បន្ត​ថា៖ «​ក្នុង​រយៈ​ពេល​វែង ​ពួក​គេ​អាច​នឹង​ចង់​លក់​ហ៊ុន​តាម​រយៈ​ទីផ្សារ​មូលបត្រ​ ដើម្បី​សន្សំ​ការ​ចំណាយ​លើ​ថ្លៃ​ដើម​ ជា​មួយ​​នឹង​ការ​ប្រកួត​ប្រជែង​​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​»៕LA