ប៉េកាំងៈ នៅពេលក្រុមហ៊ុន Starbucks បានចូលទៅប្រទេស ចិន ២ ទសវត្សរ៍កន្លងមក ក្រុមហ៊ុននេះអះអាងថា នឹងបើកហាងថ្មីរៀងរាល់ ១៥ ម៉ោង តែនៅពេលនេះក្រុមហ៊ុន Luckin Coffee ជាដៃគូប្រកួតប្រជែងបង្កើតឡើងក្នុងស្រុក គ្រោងនឹងបង្កើតហាងដែលជំរុញដោយបចេ្ចកវិទ្យាខ្ពស់ រៀងរាល់ ៣ ម៉ោងកន្លះម្ដង ដើម្បីទម្លាក់តំណែងក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ។
ក្រុមហ៊ុនបង្កើតថ្មីរបស់ប្រទេស ចិន មួយនេះ កំពុងចំណាយប្រាក់រាប់រយលានដុល្លារដើម្បីទាក់ទាញអតិថិជន ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន ដែលប្រកួតប្រជែងនឹងឥទ្ធិពលរបស់ក្រុមហ៊ុន Starbucks ដោយការកំណត់ទិសដៅបុគ្គលិកការិយាល័យ និងសិស្ស ដោយដឹកជញ្ជូនទៅដល់មាត់ទ្វាររបស់ពួកគេតែម្តង។
ខណៈក្រុមហ៊ុន Starbucks និង Costa Coffee ជាដៃគូប្រកួតប្រជែងចក្រភពអង់គ្លេស ផ្ដល់ទីតាំងអង្គុយសម្រាប់មនុស្សដើម្បីធ្វើការងារ ឬជួបជុំមិត្តភកិ្ដ ភាគច្រើននៃហាងលក់របស់ហាង Luckin គឺមានលក្ខណៈដូចជា «ការដឹកជញ្ជូននៅផ្ទះបាយ»។
ហាងនេះមិនធំជាងបន្ទប់ស្ទូឌីយោមួយនោះទេ មិនមានតុ បញ្ជរតាំងបង្ហាញ ឬសូម្បីតែការកត់ត្រាសាច់ប្រាក់ ដោយសារតែការទូទាត់ទាំងអស់ត្រូវបានធ្វើឡើង ដោយប្រើប្រាស់ទូរស័ព្ទចល័ត។
ដំណោះស្រាយដោយមិនមានភាពចាំបាច់របស់ហាង Luckin មានន័យថា អតិថិជនចំណាយប្រហែល ១ ភាគ ៣ កាន់តែតិច សម្រាប់កាហ្វេ ១ ពែង ធៀបនឹងយីហោពិភពលោកផ្សេងទៀត។ កាហ្វេ ឡាតេ ទំហំកែវខ្ពស់ តម្លៃ ៣១ យន់ (ប្រហែល ៥ ដុល្លារ) នៅក្នុងហាង Starbucks ប៉ុន្តែ នៅហាង Luckin តែ ២៤ យន់ប៉ុណ្ណោះ ។
អតិថិជនដែលដើរចូលក្នុង ហាងខៀវ-ស របស់ក្រុមហ៊ុន Luckin ត្រូវការចំណាយពេលវេលា ២-៣ នាទីប៉ុណ្ណោះនៅទីនោះ ដើម្បីស្កេនកូដ និងបង់ប្រាក់សម្រាប់កាហ្វេរបស់ពួកគេ ដែលបានបញ្ជាទិញជាមុន តាមរយៈកម្មវិធីទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន។
លោក Yu Qian អ្នកវិភាគហិរញ្ញវត្ថុនៅទីក្រុងប៉េកាំងបានថ្លែងថា៖ «ខ្ញុំចូលចិត្តភាពងាយស្រួល មិនមានការតម្រង់ជួរដ៏វែង ឬការអង្គុយម្នាក់ឯង ខណៈកាហ្វេរបស់អ្នកត្រូវបានឆុង»។ លោកបន្តថា៖ «កាហ្វេគឺផ្អែមបន្តិច ដូចនឹងតែទឹកដោះគោផ្អែម ដែលពេញនិយមនៅក្នុងប្រទេស ចិន»។
យុទ្ធសាស្ដ្រដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Luckin ឆ្លុះបញ្ចាំងពីយុទ្ធសាស្ដ្រ ដែលប្រើប្រាស់ដោយក្រុមហ៊ុនបង្កើតថ្មីរបស់ប្រទេស ចិន ផ្សេងទៀត ដែលបានបណ្ដេញយីហោរបស់ប្រទេសលោកខាងលិចចេញពីទីផ្សារអតិថិជនឈានមុខគេរបស់ពិភពលោកមួយនេះ។
លោក Reinout Schakel ប្រធានផ្នែកយុទ្ធសាស្ដ្ររបស់ក្រុមហ៊ុន Luckin បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «អត្ថប្រយោជន៍ដ៏ធំសម្រាប់ពួកយើងនៃការជ្រើសរើសហាងធៀបនឹងហាងធំៗ គឺថា ទាក់ទងនឹងតម្លៃជួល យើងចំណាយតិចខ្លាំងជាងដៃគូប្រកួតប្រជែងរបស់យើង»។
បន្ទាប់ពីចូលក្នុងអាជីវកម្មនេះរយៈពេល ១ ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុននេះបានប្រកាសផែនការកាលពីដើមខែនេះថា នឹងបើកហាងសរុបឲ្យបានចំនួន ២ ៥០០ ត្រឹមចុងឆ្នាំនេះ ហើយដែលនឹងជំរុញភាពខ្លាំងនៃហាងសរុបរបស់ខ្លួនដល់ចំនួនសរុប ៤ ៥០០ ហើយក្រុមហ៊ុន Starbucks មានហាងប្រហែល ៣ ៦០០ នៅទូទាំងប្រទេសនេះ៕ AFP/LA