ទីក្រុងហ្វ្រែងហ្វឺតៈ Lufthansa ជា​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អះអាង​ថា ខ្លួន​បាន​ជជែក​ជាមួយ​រដ្ឋាភិបាល​ជុំវិញ​ទឹកប្រាក់​សង្គ្រោះ​ក្រុមហ៊ុន​នេះ​ចំនួន​ ៩ ​ពាន់​លាន​អឺរ៉ូ​ ($១០ ​ពាន់​លាន​) ដែល​នឹង​ធ្វើឲ្យ​ទីក្រុង​ប៊ែរឡាំង​គ្រប់គ្រង​ហ៊ុន​ច្រើន​បំផុត​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​រង​ផលប៉ះពាល់​ដោយ​វីរុស​កូរ៉ូណា​។

ក្រុមហ៊ុន​អាកាសចរណ៍​យក្ស​របស់​អាល្លឺម៉ង់​នេះ​បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​គំនិត​នោះ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​សម្រាប់​វិធានការ​ធ្វើឲ្យ​មាន​ស្ថិរភាព​ក្នុង​ចំនួន​ទឹកប្រាក់​ដល់​ទៅ​ ៩ ​ពាន់​លាន​អឺរ៉ូ​ដែល​ទឹកប្រាក់​ ៣ ​ពាន់​លាន​អឺរ៉ូ​គឺជា​ទម្រង់​ប្រាក់កម្ចី​» ​ពី​ធនាគារ​វិនិយោគ​សាធារណៈ​ KfW​។

តាម​ផែនការ​ដែល​បាន​ស្នើ​ពិភាក្សា​ជាមួយ​មូលនិធិ​ស្ថិរភាព​សេដ្ឋកិច្ច​រដ្ឋាភិបាល​សហព័ន្ធ (WSF) ដែល​បាន​ដាក់​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការរីករាលដាល​វីរុស WSF ​នឹង​ទិញយក​ភាគហ៊ុន​ ២០ ​ភាគរយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ព្រម​ជាមួយ​បណ្ណ​បំណុល​ដែល​អាច​ប្តូរ​បាន​តម្លៃ​ ៥ ​ភាគរយ​បន្ថែម​ទៀត​ក្នុង​ ១ ​ភាគហ៊ុន​។

ប្រសិន​បើ​យល់ព្រម ដំណោះស្រាយ​អាច​បិទ​បញ្ចប់​ភាពមិន​ចុះសម្រុង​គ្នា​ជាច្រើន​សប្តាហ៍​ជុំវិញ​រឿងរ៉ាវ​របស់​អាកាសចរណ៍ Lufthansa រវាង​ក្រុម​អភិរក្សនិយម​ (CDU) ​របស់​លោកស្រី​អធិការបតី Angela Merkel និង​ដៃគូ​វ័យក្មេង​និយម​កណ្តាល (SPD)​។

អ្នកនយោបាយ​គាំទ្រ​សេដ្ឋកិច្ច​ក្នុង​ចំណោម​អ្នកនយោបាយ​របស់ Merkel បាន​បដិសេធ​ជាយូរ​មកហើយ​ចំពោះ​ការជាប់​ទាក់ទិន​ដោយ​រដ្ឋ​ក្នុង​ចំណែក​ហ៊ុន​ច្រើន​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ Lufthansa ដែល​និយាយថា ការសម្រេច​ចិត្ត​អាជីវកម្ម​គួរ​ស្នើ​ទៅកាន់​គណៈនាយក​។

ប៉ុន្តែ​ខាង SPD ​ប្រកាន់ខ្ជាប់​នូវ​ការកាន់កាប់​ភាគហ៊ុន​ធំ​ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង​មាន​​ឥទ្ធិពល​លើ​ថៅកែ​ជុំវិញ​ការកាត់បន្ថយ​ការងារ​ដែល​មាន​សក្តានុពល​ ឬ​ក៏​គោលដៅ​បរិស្ថាន​។

គោលបំណង​ខ្លះ​របស់​ក្រុម​និយម​កណ្តាល​នឹងត្រូវ​បាន​បំពេញ​ជាមួយ​កៅអី​ ២ តែងតាំង​ដោយ​រដ្ឋ​នៅ​គណៈគ្រប់គ្រង​របស់​ក្រុមហ៊ុន Lufthansa ព្រម​ជាមួយ​លក្ខខណ្ឌ​ទាំងឡាយ​ដែល​មាន​ចែង​ពី​ «​ការលះបង់​សិទ្ធិ​នៃ​ការទូទាត់​ភាគលាភ​នាពេល​អនាគត និង​ការរឹតត្បិត​លើ​ការគ្រប់គ្រង​ប្រាក់​បំណាច់​»​។

កាសែត​សេដ្ឋកិច្ច​ប្រចាំថ្ងៃ Handelsblatt បាន​រាយការណ៍​កន្លងមក​ថា អ្នក​ដែល​ត្រូវ​តែងតាំង​ទៅកាន់​តួនាទី​ក្នុង​ក្រុមប្រឹក្សា​ក្នុង​ក្រុមហ៊ុន​នេះ​នឹង​ «​មិនមែន​ជា​អ្នកនយោបាយ ឬ​មន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​នោះទេ​» ប៉ុន្តែ​ជា​ពាណិជ្ជករ​ក្នុង​គំរូ​ប្រហាក់ប្រហែល​ទៅ​នឹង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ក្នុង​តំបន់​អឺរ៉ុប Airbus​។

Lufthansa បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន​វិសាមញ្ញ​នឹងត្រូវ​សម្រេច​ទៅលើ​ការបង្កើន​មូលធន​ដែល​ត្រូវការ​ដែល​នឹង​ធ្វើឲ្យ​ចុះខ្សោយ​នូវ​តម្លៃ​ភាគហ៊ុន​របស់​ម្ចាស់​ភាគហ៊ុន​ដែល​មាន​ស្រាប់​។

ក្នុងតួនាទី​របស់​ខ្លួន​ជា​អ្នកតាមដាន​ឃ្លាំមើល​ការប្រកួតប្រជែង គណៈកម្មការ​អឺរ៉ុប​ត្រូវតែ​ផ្តល់នូវ​ឱកាស​ក្នុង​ការត្រួតពិនិត្យ​ដល់​កញ្ចប់​ទឹកប្រាក់​សង្គ្រោះ​នោះ មុន​ពេល​រឿងនេះ​នឹង​បន្ត​ដំណើរ​នីតិវិធី​ទៅ​មុខ​ទៀត​៕ RR