ភ្នំពេញៈ ខណៈកម្ពុជានៅប្រឈមនឹងកង្វះថាមពលអគ្គិសនីរដ្ឋាភិបាលបានស្វះស្វែងរកប្រភពផ្សេងៗដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។ ការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញបានស្ថិតក្នុងជម្រើសរបស់រដ្ឋាភិបាល ខណៈអគ្គិសនីកម្ពុជាបានអះអាងថា នឹងផ្តោតជាពិសេសលើថាមពលកកើតឡើងវិញជាជាងប្រភពផ្សេងទៀត។
ទាក់ទងនឹងការអភិវឌ្ឍវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ លោក Martin Klose គណៈប្រតិភូនៃឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសអាល្លឺម៉ង់នៅមីយ៉ាន់ម៉ារៀបចំសន្និសីទនៅថ្ងៃអង្គារនេះស្ដីពីថាមពលពន្លឺព្រះអាទិត្យ (សូឡា) នៅកម្ពុជាដោយប្រមូលផ្ដុំក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់ និងកម្ពុជាជាង ១០០ ក្រុមហ៊ុន ដើម្បីជួបជុំគ្នាក្នុងការស្វែងរកឱកាសសម្រាប់ការវិនិយោគនេះ ។
ខាងក្រោមនេះជាបទសម្ភាសរវាងអ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ជាមួយលោក Martin Klose អំពីការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។
តើសន្និសីទនេះមានន័យដូចម្ដេចសម្រាប់ការអភិវឌ្ឍវិស័យថាមពលនៅប្រទេសកម្ពុជា?
សន្និសីទនេះគឺនិយាយអំពីឧស្សាហកម្មថាមពលសូឡា និងដំណោះស្រាយពាណិជ្ជកម្ម ខណៈយើងនឹងនាំយកកម្មវិធីមួយហៅថា « Mittelstand Global» ជាដំណោះស្រាយថាមពលមួយដែលបានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។ កម្មវិធីនេះត្រូវបានផ្ដល់ហិរញ្ញប្បទានដោយក្រសួងកិច្ចការសេដ្ឋកិច្ច និងថាមពលអាល្លឺម៉ង់ ហើយយើងបាននាំយកក្រុមហ៊ុនដ៏សកម្មរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងវិស័យនេះមកប្រទេសកម្ពុជា។
អត្ថប្រយោជន៍សម្រាប់កម្ពុជាគឺថានឹងមានការផ្លាស់ប្តូរទស្សន និងការយល់ដឹងអំពីថាមពល ហើយសន្និសីទដែលយើងរៀបចំនៅថ្ងៃនេះ ដែលមានសហគ្រាសកម្ពុជាជាច្រើនក្នុងវិស័យចូលរួមអាចរៀនសូត្រពីបទពិសោធ ដែលអាល្លឺម៉ង់មាននៅពេលនិយាយអំពីការប្រើប្រាស់ថាមពលកកើតឡើងវិញ ជាប្រភពថាមពលដ៏សំខាន់ ហើយពួកគេអាចប្រើប្រាស់ និងគំនិតការយល់ដឹង និងឱកាសអាជីវកម្មពីក្រុមហ៊ុនអាល្លឺម៉ង់។
មានក្រុមហ៊ុនរបស់អាល្លឺម៉ង់ឈានមុខគេនៅក្នុងតំបន់មួយចំនួនដែលនឹងចូលរួមនៅក្នុងសន្និសីទនេះ។ ក្រុមហ៊ុនទាំងនោះគឺជាសហគ្រាសធុនតូច និងមធ្យមដែលមានបទពិសោធខ្ពស់បំផុត និងការយល់ដឹងពីដំណោះស្រាយ ការផលិត និងសេវាដែលពួកគេផ្ដល់។
តើអ្នកយល់យ៉ាងណាដែរចំពោះការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា?
ជាការពិតខ្ញុំមើលឃើញថាវាមានលក្ខខណ្ឌទាក់ទាញសម្រាប់ក្រុមហ៊ុនបរទេស ពិសេសសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ដែលមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើគំនិតផ្តួចផ្ដើមស្ដីពីការធ្វើទំនើបកម្ម និងក្របខ័ណ្ឌការងារនៅទីនេះ។ ដូច្នេះខ្ញុំសង្ឃឹមថា នេះនឹងជួយនាំយកក្រុមហ៊ុនបរទេសកាន់តែច្រើន និងជាពិសេសការវិនិយោគ និងអ្នកជំនាញរបស់ប្រទេសអាល្លឺម៉ង់ចូលមកប្រទេសកម្ពុជា។
តម្លៃថាមពលនៅកម្ពុជាខ្ពស់ជាងប្រទេសក្នុងតំបន់ ប៉ុន្តែយើងនៅតែមិនមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់ការវិនិយោគក្នុងវិស័យនេះទេ តើអ្វីជាការចាប់យករបស់អ្នកនៅក្នុងវិស័យនេះ?
ពិតហើយ តម្លៃថាមពលគឺខ្ពស់ខ្លាំង ធៀបនឹងប្រទេស ឡាវ ថៃ និងមីយ៉ាន់ម៉ា។ លក្ខខណ្ឌក្នុងការនាំយកក្រុមហ៊ុនបរទេសក្នុងវិស័យនេះ ដែលខ្ញុំជឿជាក់ថា មានតម្លាភាព ក្របខ័ណ្ឌបទប្បញ្ញត្តិដែលវាអាចផ្ដល់ហិរញ្ញប្បទាន និងការវិនិយោគ។ មានន័យថា ត្រូវតែមានតម្លៃគួរឲ្យទាក់ទាញដែលថាមពលអាចលក់បាន ហើយត្រូវតែមានការធានាថា វានឹងត្រូវបានទទួលយកតាមរបៀបត្រឹមត្រូវ។ បើយ៉ាងនោះ ខ្ញុំជឿជាក់ថាក្រុមហ៊ុនបរទេសនឹងចូលរួមកាន់តែខ្លាំងក្នុងការចូលរួមការអភិវឌ្ឍវិស័យថាមពលនៅទីនេះ។
រដ្ឋាភិបាលបានកំណត់បង្កើនថាមពលសូឡាឲ្យបាន ១៥ ភាគរយ ក្នុងរយៈពេល ២-៣ ឆ្នាំក្រោយ តើអ្នកគិតថាកម្ពុជាគឺជាកន្លែងដ៏ល្អសម្រាប់ការអភិវឌ្ឍលើថាមពលនេះដែរឬទេ? ហេតុអ្វី?
ច្បាស់ណាស់ កម្ពុជា គឺជាកន្លែងដ៏ល្អសម្រាប់ការអភិវឌ្ឍថាមពលសូឡា ហើយនៅទីនេះអ្នកមានពន្លឺព្រះអាទិត្យគ្រប់ពេលវេលា។
បច្ចុប្បន្នតម្លៃលើការវិនិយោគក្នុងការបង្កើតរោងចក្របន្ទះសូឡាធៀបនឹងថាមពលផ្សេងទៀត មិនខ្ពស់ទៀតទេ។ ដូច្នេះជាឧទាហរណ៍ប្រសិនបើអ្នកសម្លឹងមើលតម្លៃប្រតិបត្តិការនៅក្នុងតំបន់ដាច់ស្រយាលក្នុងការប្រតិបត្តិការដោយម៉ាស៊ីនភ្លើងប្រើម៉ាស៊ូតក្នុងរយៈពេល ២-៣ ឆ្នាំគឺខ្ពស់ខ្លាំងជាងការវិនិយោគលើថាមពលសូឡា។
ដោយសារកម្ពុជាកំពុងប្រឈមនឹងកង្វះថាមពល តើអ្នកនឹងអំពាវនាវឲ្យក្រុមវិនិយោគិនអាល្លឺម៉ង់វិនិយោគនៅក្នុងវិស័យនេះទេ? តើមានក្រុមហ៊ុនអាល្លឺម៉ង់ណាមួយវិនិយោគនៅកម្ពុជាហើយឬនៅនៅពេលនេះ?
ច្បាស់ណាស់ យើងកំពុងជំរុញក្រុមវិនិយោគិនអាល្លឺម៉ង់ ឲ្យវិនិយោគលើវិស័យថាមពលសូឡានៅកម្ពុជា។ យើងជឿជាក់ថា មានឱកាសដ៏ល្អមួយដែលក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់កំពុងគិតដូចនោះ ដូច្នេះនេះជាមូលហេតុដែលយើងសម្រេចចិត្តក្នុងការនាំយកក្រុមហ៊ុនអាល្លឺម៉ង់មកទីនេះដើម្បីពិនិត្យមើលទីផ្សារដោយផ្ទាល់ ខណៈពួកគេមានឱកាសជាច្រើននៅក្នុងសន្និសីទនៅថ្ងៃនេះ ក្នុងការភ្ជាប់ទំនាក់ទំនង និងស្វែងរកឱកាសអាជីវកម្ម។
ខ្ញុំគិតថា មានក្រុមហ៊ុនអាល្លឺម៉ង់មួយចំនួនដែលពួកគេកំពុងសម្លឹងមើលយ៉ាងសកម្មនៅក្នុងទីផ្សារនេះ និងមានក្រុមហ៊ុនមួយដំណើរការរួចហើយនៅកម្ពុជា។
ប្រទេសកម្ពុជាមានកំណើនថេរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដូច្នេះមានប្រតិបត្តិការឧស្សាហកម្មកាន់តែច្រើនឡើងៗនៅក្នុងប្រទេសនេះ ហើយប្រជាជនកម្ពុជាកំពុងប្រើប្រាស់ថាមពលកាន់តែច្រើន ដូច្នេះយើងជឿជាក់ថា វាជាពេលវេលាត្រឹមត្រូវសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ក្នុងការវិនិយោគនៅពេលនេះ៕LA