ភ្នំពេញៈ ក្រុមហ៊ុន Marvel Garment ដែលជាក្រុមហ៊ុនផលិតខោអាវចាក់មកពីប្រទេសចិនបានចុះកិច្ចសន្យាជួលដីទំហំជាង ៦ ហិកតាទៀត ពីក្រុមហ៊ុនសេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ដែលជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងប៉ោយប៉ែតព្រមទាំងបានចុះបញ្ជីក្នុងផ្សារហ៊ុននៅកម្ពុជាកាលពីឆ្នាំ ២០១៦។
លោក Tan Kak Khun ប្រធានក្រុមហ៊ុន PPSP បានចុះហត្ថលេខាជាមួយលោក Yan Delin អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Marvel Garment Co., Ltd. (Marvel Garment) កាលពីថ្ងៃទី ២៨ ខែឧសភា ដោយភាគីទាំង ២ បង្ហាញពីសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍអាជីវកម្ម។
លោក Tan Kak Khun បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា PPSP កំពុងពង្រីកគម្រោងរបស់ខ្លួនជាបន្តនៅ PPSEZ ដោយក្រុមហ៊ុនកំពុងអនុវត្តគម្រោងក្នុងដំណាក់កាលទី ៣ ដែលបានចាប់ផ្ដើមតាំងពីខែមីនា ឆ្នាំ ២០១៩ គ្របដណ្ដប់លើផ្ទៃដីទំហំ ៤៣ ហិកតា។
លោកបានបញ្ជាក់ថា ក្នុងគម្រោងដំណាក់កាលទី ៣ នេះក្រុមហ៊ុនបានផ្តោតលើការអភិវឌ្ឍបណ្ដុំរោងចក្រផលិតសម្លៀកបំពាក់ រួមមាន ការកាត់ដេរ ការដេរប៉ាក់ ការវេចខ្ចប់ ឃ្លាំងស្ដុកសម្ភារ ការបោះពុម្ព និងការប៉ាក់។
ក្រុមហ៊ុននេះបានឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ PPSP យល់ព្រមជួលដីទំហំ ៦,៤ ហិកតា ឲ្យ Marvel Garment និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងក្រុមហ៊ុនទាំង ២ ក្នុងន័យអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោក Yan Delin អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Marvel Garment បានថ្លែងថា ដោយការពិចារណាលើការស្នាក់នៅ និងការធ្វើដំណើររបស់កម្មករចំនួនច្រើន ក្រុមហ៊ុននេះបានចាប់ផ្ដើមរៀបចំកន្លែងស្នាក់នៅរបស់កម្មករ និងអគារជុំវិញ។ លោករំពឹងថា គម្រោងនេះនឹងរួមចំណែកបង្កើតការងារក្នុងស្រុក ១៧ ០០០ កន្លែង។
លោក Yan Delin ថ្លែងថា៖ «ខណៈដែលការបង្កើតតំបន់ផលិត យើងត្រូវតែរៀបចំអគារស្នាក់នៅជាមុន សម្រាប់កម្មករនៅពេលអនាគត»។
លោក ហាក់ សេរី ប្រធានផ្នែកបម្រើអតិថិជន នៅ PPSP បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៅក្នុងក្រុមហ៊ុនរបស់លោក។ បច្ចុប្បន្ននេះមានក្រុមហ៊ុនសរុប ១០៨ កំពុងប្រតិបត្តិការនៅក្នុងតំបន់ PPSEZ។
លោកលើកឡើងថា៖ «បច្ចុប្បន្នគម្រោងនេះពេញអស់ហើយ ហើយយើងគ្រោងនឹងពង្រីកទៅតំបន់ផ្សេងទៀត»។
PPSEZ បានបង្ហាញទំហំជួញដូរ ១,១៣៩ ពាន់លានដុល្លារកាលពីឆ្នាំមុនកើនឡើង ១៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បង្ហាញថា ការនាំចេញពីតំបន់ពិសេសនេះបានកើនឡើងប្រហែល ២៧ ភាគរយ ជាមួយនឹងតម្លៃសរុបនៃការនាំចេញបានកើនឡើងដល់ ២,៦៨៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។ LA