ភ្នំពេញៈ ក្រុមហ៊ុន Marvel Garment Co. ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Shenzhou International Group Holdings មាន​មូលដ្ឋាន​ផលិត​សម្លៀកបំពាក់​ដ៏ធំ​នៅ​ប្រទេស​ចិន ​នឹង​គ្រោង​ចាប់ផ្តើម​ប្រតិបត្តិការ​ផ្លូវការ​នៅ​ដើម​ខែ​ក្រោយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភុំ្នពេញ ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ​នៅតែ​បន្ត​បំភ័យ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា បន្ទាប់ពី​ការសាងសង់​បាន​ ១ ​ឆ្នាំ​កន្លះ ក្រុមហ៊ុន Marvel Garment Co. ​បាន​បញ្ចប់​គម្រោង​សាងសង់​រោងចក្រ​ដំណាក់កាល​ទី​ ១ ​របស់​ខ្លួន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

ក្រុមហ៊ុន Marvel Garment Co. នឹង​ចាប់ផ្តើម​ជ្រើសរើស​កម្មករនិយោជិត​ដើម្បី​ដំណើរការ​ចង្វាក់​ផលិត​ម៉ាស់​មុខ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​។

លោក YAN DELIN អគ្គនាយក​ក្រុមហ៊ុន​ Marvel Garment Co. ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្ដើម​រៀបចំ​កន្លែង​ស្នាក់​របស់​កម្មករ និង​អគារ​ជុំវិញ ហើយ​លោក​រំពឹងថា គម្រោង​នេះ​នឹង​បង្កើត​ការងារ​ក្នុង​ស្រុក ១៧ ០០០ ​នាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​ក៏ដោយ ក៏​យើង​បាន​សម្រេច​ចិត្ត​ឈានទៅ​មុខ ដូច្នេះ​យើង​អាច​រៀបចំខ្លួន​សម្រាប់​ក្រោយពេល​ស្ថានភាព​កូវីដ​១៩​។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​បន្ត​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ក្រុមហ៊ុន Marvel បាន​បន្ត​ពង្រីក​គម្រោង​របស់ខ្លួន​នៅក្នុង PPSEZ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ទី​ ៣ ​នៃ​ការអភិវឌ្ឍ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ ៤៣ ​ហិកតា​។

គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ជា​ចង្កោម​នៃ​រោងចក្រ​ផលិត​សម្លៀកបំពាក់ ដោយ​មាន​ការកាត់ដេរ បោះពុម្ព ប៉ាក់ វេចខ្ចប់ និង​ឃ្លាំង​សន្និធិ​ទំនិញ​។

ប្រតិបត្តិការ​នេះ​ជាប់ទាក់ទង​នឹង​ការជួល​ដី​ទំហំ​ ៦,៤ ​ហិកតា ហើយ​ជា​និមិត្តរូប​មួយ​ផ្សេងទៀត​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ ២ ​ក្នុង​ការពង្រឹងកម្លាំង​រួម​ការងារ និង​សេដ្ឋកិច្ច​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) កាលពី​ខែ​មិថុនា​បាន​ឲ្យ​ដឹងថា រោងចក្រ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ ប្រហែល​ ២៥០ បាន​ផ្អាក​ប្រតិបត្តិការ ហើយ​កម្មករ​ជាង​ ១៣០ ០០០ ​នាក់​ នៅក្នុង​វិស័យនេះ ភាគច្រើន​ជា​ស្ដ្រី​បាន​បាត់បង់​ការងារ​របស់​ពួកគេ ហើយ​ចំនួន​នេះ​ទំនង​ជា​នឹង​កើនឡើង​ខ្លាំង​។

លិខិត​នោះបាន​បន្តថា កាលពី​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ អ្នកទិញ​ជាច្រើន​បាន​លុបចោល​ការបញ្ជាទិញ បន្ទាប់ពី​ទំនិញ​ទាំងនោះ​ត្រូវ​បាន​បញ្ចប់ ឬ​កំពុង​ដំណើរការ​ផលិត​។ គេ​ប៉ាន់ប្រមាណ​ថា ការលក់​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​ទំនង​ជា​នឹង​ធ្លាក់​ចុះមក​នៅ​ត្រឹម​ពី​ ៥០ ទៅ​ ៦០ ​ភាគរយ​ប៉ុណ្ណោះ​ប្រចាំ​ឆ្នាំ​។

លោក ហាក់ សេរី អ្នកគ្រប់គ្រង​សេវា​បម្រើ​អតិថិជន​នៅ PPSP ​ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSEZ) បាន​ឲ្យ​ដឹងថា PPSP មាន​ក្រុមហ៊ុន​សរុប ​១០៨ កំពុង​ប្រតិបត្តិការ​នៅក្នុង PPSEZ​។

PPSEZ បាន​ឲ្យ​ដឹងថា ខ្លួន​ទទួល​បាន​ទំហំ​ពាណិជ្ជកម្ម​ ១,១៣៩ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​កើនឡើង​ ១៤ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា ប្រទេស​កម្ពុជា​ បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ២,៦៨៨ ​ពាន់​លាន​ដុល្លារ តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs) កាលពី​ឆ្នាំមុន កើនឡើង​ ២៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

មាន​ក្រុមហ៊ុន​ចំនួន​ ៤៦៥ កំពុង​ប្រតិបត្តិការ​នៅក្នុង​ SEZs ទាំង​ ៥៤ របស់​ប្រទេស​កម្ពុជា ដោយ​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង ១០០ ០០០ ​នាក់​៕LA