ភ្នំពេញៈ Mastercard ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​ជា​សកល​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​របស់ខ្លួន​ក្នុង​ការផ្តល់​សេវា​បើក​ប្រាក់ខែ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​តាម​បច្ចេកវិទ្យា​ឌីជីថល ដែល​រួម​ទាំង​កម្ពុជា​ផងដែរ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។

ក្រុមហ៊ុន Mastercard និង​ដៃគូ​ជាច្រើន​របស់​ខ្លួន​កំពុង​សម្របសម្រួល​សាកល្បង​នៅក្នុង​ប្រទេស​ កម្ពុជា និង​អេហ្ស៊ីប​ នូវ​ដំណោះស្រាយ​ការទូទាត់​ឌីជីថល​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​បណ្ដា​រោងចក្រ​ដែល​ចូលរួម​នឹង​មាន​ឱកាស​នៅក្នុង​ការដាក់​ប្រាក់​ឈ្នួល​ដោយផ្ទាល់​ទៅក្នុង​គណនី​របស់​កម្មករ​»​។

ក្រុមហ៊ុន​បន្ត​ថា​៖ «​នៅពេល​នោះ​កម្មករ​អាច​ប្រតិបត្តិការ​កាត​ឥណ​ពន្ធ និង​កាត​ទូទាត់​ប្រាក់​ជាមុន ឬ​ហោប៉ៅ​ឌីជីថល​តាមរយៈ​នោះគេ​អាច​បង់ថ្លៃ​វិក្កយបត្រ ឬ​ផ្ញើ​ប្រាក់​ដោយផ្ទាល់​ទៅ​គ្រួសារ​»​។

បើ​តាម​ក្រុមហ៊ុន MasterCard ​បច្ចុប្បន្ន​នៅ​ជុំវិញ​ពិភពលោក មនុស្ស​ពេញវ័យ​ ២៣០ ​លាន​នាក់​ដែល​ជិត ៨៥ ​ភាគរយ​​ នៃ​មនុស្សពេញវ័យ​នៅក្នុង​បណ្ដា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ដែល​ធ្វើ​ការងារ​នៅក្នុង​វិស័យ​ឯកជន​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​សាច់ប្រាក់​។

ជាមួយ​នឹង​កម្មករ​ជាង ៧០ ​ម៉ឺន​នាក់​ដែល​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​នេះ បច្ចុប្បន្ន​កម្មករ​រោងចក្រ​កាត់ដេរ​ជាច្រើន​នៅ​កម្ពុជា​បាន​ផ្លាស់ប្តូរ​រួចហើយ​ពី​ប្រាក់ខែ​ជា​សាច់​ប្រាក់សុទ្ធ​ទៅ​ជា​តាមរយៈ​គណនី​ធនាគារ​។

លោក តូច ចៅចេក នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា (CPBank) ​បាន​ប្រាប់ថា ការប្រើប្រាស់​សេវាកម្ម​បើកប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​យូរ​ឆ្នាំ​មកហើយ​។

លោក​ថ្លែងថា​៖ «​កាលពី​មុន​កម្មករ​ភាគច្រើន​បើក​លុយ​ជា​សាច់ប្រាក់​ផ្ទាល់​ពី​រោងចក្រ​តែ​ពេលនេះ​ប្រាក់ខែ​កម្មករ​ត្រូវ​បាន​វេរ​ចូល​កុង​ធនាគារ​»​។

លោក​បន្តថា CPBank មាន​កម្មករ​កាត់ដេរ​ជិត ១ ​ម៉ឺន​នាក់​បើកប្រាក់​ខែ​តាម​ធនាគារ​។ លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​នៅ​ CPBank កម្មករ​គាត់​មាន​កាត​អេធីអឹម និង App ធនាគារ​មួយ​ដែល​គាត់​អាច​ផ្ទេរប្រាក់​ឲ្យ​ឪពុកម្តាយ​នៅ​ស្រុក ការបង់​ទឹក​ភ្លើង​ជាដើម​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា វា​ហាក់​ដូចជា​លឿន​ពេក​សម្រាប់​កម្មករ ខណៈ​ការយល់ដឹង​របស់​កម្មករ​ពី​ធនាគារ​នៅ​មាន​កម្រិត​ទាប​។

លោក​ថ្លែង​ថា​៖ «​កម្មករ​ខ្មែរ​ចង់​បើក​ប្រាក់ខែ​ជា​ប្រាក់សុទ្ធ ព្រោះ​ពួកគាត់​មិនអាច​ប្រើប្រាស់​វា​នេះ​ភ្លាមៗ​ទេ បើ​ដក​ប្រាក់​តាមរយៈ​ម៉ាស្ទ័រកាត ឬ​តាម​ប្រព័ន្ធ​ធនាគារ​។ ពួកគេ​ត្រូវ​ការដក​ប្រាក់​ពី​ធនាគារ និង​ត្រូវការ​ពិនិត្យ​មើល​សាច់ប្រាក់​ដែល​ផ្ញើ​ទៅ​គណនី​ធនាគារ​ឬ​ក៏​អត់​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រុមហ៊ុន Mastercard កំពុង​បង្កើត​ដំណោះស្រាយ​ឌីជីថល និង​ការផ្ដល់​ការគាំទ្រ​បណ្ដុះបណ្ដាល​ដើម្បី​ផ្ដល់​ឲ្យ​កម្មករ​នូវ​ការគ្រប់គ្រង​កាន់តែ​ច្រើន និង​តម្លាភាព​លើ​ប្រាក់ចំណេញ និង​ប្រាក់​សន្សំ​។

តាម​ទិន្នន័យ​ប្រមូល​បាន​តាមរយៈ​កម្មវិធី HERfinance របស់​គម្រោង​អាជីវកម្ម​ទទួល​ខុសត្រូវ​សង្គម​មាន​រោងចក្រ​កាត់ដេរ​ជាច្រើន​ដែល​ផ្លាស់ប្តូរ​ទៅ​ប្រាក់ខែ​តាម​ប្រព័ន្ធ​ធនាគារ​សន្សំ​ពេលវេលា​បុគ្គលិក​បាន​រហូត​ដល់​ ៥៣% ​ពី​ការចំណាយពេល​បើក​ប្រាក់​ខែ​៕LA