ភ្នំពេញៈ ធនាគារ​មេយប៊ែង (Maybank) ​បាន​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ទី​ ២ ​នៅ​កម្ពុជា​ដែល​បានប្រកាស​ជា​ផ្លូវការ​ក្នុង​ការជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​របស់ខ្លួន​ដែល​បាន​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នេះ​។

កាលពី​ដើម​ខែមេសា ឆ្នាំ​ ២០២០ ​នេះ​ធនាគារ Campu Bank ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ពី​ប្រទេស​ម៉ាឡេស៊ី​បានប្រកាស​ជា​សាធារណៈ​ក្នុង​ការរៀបចំ​ឥណទាន​ដល់​អតិថិជន​ខ្លួន​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​ ផងដែរ​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ធនាគារ​មេយប៊ែង​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ចាប់តាំងពី​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ធនាគារ​បានចាប់ផ្តើម​ផ្តល់​សេវា​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយ​រោគរាតត្បាត​បន្ថែម​លើ​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ និង​ការកំណត់​ពេលវេលា​ឡើងវិញ​សម្រាប់​ការសង​ឥណទាន​ក៏ដូចជា​ការផ្អាក​ការសង​ប្រាក់កម្ចី​ជាដើម​។

លោក Dato Mohd Hanif Suadi នាយក​ប្រតិបត្តិ​នៃ​ធនាគារ​មេយប៊ែង​បាន​មាន​ប្រសាសន៍ថា ជាមួយ​នឹង​គោលការណ៍​ថ្មីៗ​ស្តីពី​ការរៀបចំ​ឥណទាន​ឡើងវិញ​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា គឺជា​ចលករ​ដែល​គួរ​ឲ្យ​កក់ក្តៅ​មួយ​ក្នុង​ការរួមចំណែក​ក្នុង​ការជួយ​កាត់បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម និង​អតិថិជន​ជា​បុគ្គល​ដែល​រងផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ជាពិសេស​សម្រាប់​វិស័យ​អាទិភាព​ ៤ ​ដែល​រួមមាន វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​ដឹកជញ្ជូន​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​បាន​យល់ច្បាស់​ហើយ​ថា ការផ្ទុះ​ឡើង​ភ្លាមៗ​នៃ​វីរុស​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អតិថិជន​របស់​យើង​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​សង្គម ហើយ​ពួកគេ​ពិតជា​ត្រូវការ​គម្លាត​ពេលវេលា​ខ្លះ សម្រាប់​ការបំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់​ពួកគេ​សម្រាប់​ពេលនេះ​»​។

លោក​បាន​បន្ថែមទៀតថា​អាជីវកម្ម និង​អតិថិជន​បុគ្គល​ដែល​រង​ផលប៉ះពាល់​ចាំបាច់​ត្រូវតែ​យល់ និង​អាច​ទទួល​យក​បាន​នូវ​ការប្រាក់​ដែល​ត្រូវបាន​បង្គរ និង​ចំនួន​ទឹកប្រាក់​នៃ​ការសង​សំណង ឬ​រយៈពេល​​នៃ​ការសង​បន្ទាប់ពី​ការពន្យារពេល ហើយ​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ហ្មត់ចត់​នូវ​លក្ខខណ្ឌ​នៃ​ហិរញ្ញប្បទាន​ដែល​បាន​កែសម្រួល​។

ការប្រកាស​របស់​ធនាគារ​នេះ​ធ្វើឡើង​បន្ទាប់ពី​សេចក្តីណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី​ ២៧ ខែមីនា ​ដល់​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​រៀបចំឡើង​វិញ​នូវ​ឥណទាន​ដល់​អតិថិជន​ដែល​ងាយ​រងគ្រោះ​ក្នុង​វិស័យ​អាទិភាព​ចំនួន ៤ រួមមាន​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​ដឹកជញ្ជូន​។

លោក Dato Hanif បាន​ថ្លែងថា អតិថិជន​ដែល​រង​ផលប៉ះពាល់​នឹងត្រូវ​បាន​ស្វាគមន៍​ក្នុង​ការទាក់ទង​ទៅកាន់​មន្ត្រី​ប្រចាំ​សាខា ឬ​ប្រធាន​ផ្នែក​គ្រប់គ្រង​ទំនាក់ទំនង​អតិថិជន ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​ដែល​អាច​ធ្វើបាន ដើម្បី​ជម្នះ​រាល់​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ពួកគេ​កំពុង​ប្រឈមមុខ​។

លោក​បាន​ថ្លែង​បន្តទៀត​ថា​៖ «​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ គឺជា​ស្ថានភាព​អកុសល ហើយ​ធនាគារ​បាន​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​រឿង​ដ៏ត្រឹមត្រូវ​ស្រប​តាម​បេសកកម្ម​របស់​យើង​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​អរិយភាព​។ ធនាគារ មេយប៊ែង ប្តេជ្ញាចិត្ត​ក្នុង​ការបន្ធូរបន្ថយ​ភាពតានតឹង​របស់​អតិថិជន​របស់ខ្លួន​ក្នុង​គ្រា​លំបាក​នេះ និង​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​ផ្តោតលើ​អ្វីដែល​សំខាន់បំផុត​សម្រាប់​ពួកគេ​គឺ​ក្រុមគ្រួសារ និង​សុខភាព​របស់​ពួកគេ​»៕''