វ៉ាស៊ីនតោនៈ ភាព​ស្រដៀង​គ្នា​នៃ​ការ​ធ្លាក់​​របស់​យន្តហោះ​​​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ Lion Air និង​ក្រុមហ៊ុន Ethiopian Airlines ដែល​​​បញ្ជាក់​​ដោយ​​ទិន្នន័យ​ពី​ប្រអប់​ខ្មៅ បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រព័ន្ធ​ប្រឆាំង​ការ​រលត់​ម៉ាស៊ីន​ដែល​បាន​បំពាក់​លើ​យន្តហោះ​ 737 Max 8 ​ថ្មី​របស់​ក្រុមហ៊ុន​ Boeing។

ប្រព័ន្ធ​បង្ការ​​រលត់​ម៉ាស៊ីន​ (MCAS) ​គឺ​ជា​លក្ខណ​ពិសេស​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ស្វ័យ​ប្រវត្តិ​ដែល​មាន​បំពាក់​​​លើ​យន្តហោះ​ Boeing 737 Max 8 ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​យន្តហោះ​មិន​ឲ្យ​រលត់​ម៉ាស៊ីន​ ឬ​ដាច់​ការ​ទាក់ទង​។​

ទាំង​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ដែល​​ធ្លាក់​កាល​ពី​ខែ​តុលា​ ដោយ​សម្លាប់​មនុស្ស ១៨៩ ​នាក់ ​និង​យន្តហោះ​​របស់​ក្រុមហ៊ុន Ethiopian Airlines ​ដែល​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ ​១ សប្ដាហ៍​កន្លង​មក ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ១៥៧ ​នាក់​ស្លាប់​គឺ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​នេះ។

យន្តហោះ​ទាំង ​២ បាន​ជួប​ប្រទះ​ការ​ស្ទុះ​ឡើង​ល្បឿន​លឿន​មិន​ទៀង​ទាត់​ស្រដៀង​គ្នា​ និង​ការ​ប្រែប្រួល​ល្បឿន​ហោះហើរ​មុន​ពេល​ធ្លាក់​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​ហោះហើរ។

ការ​ខូច​មុខងារ​របស់​ប្រព័ន្ធ​នេះ​មាន​ភាព​​ស្មុគស្មាញ​​ក្នុង​គ្រោះ​ថ្នាក់​របស់​​ក្រុមហ៊ុន​ Lion Air នៅ​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី។

រដ្ឋបាល​អាកាស​ចរណ៍​សហព័ន្ធ​អាមេរិក ​(​FAA) ​បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នៅ​​កន្លែង​ធ្លាក់​ និង «​ទិន្នន័យ​ពី​ផ្កា​រណប​ដែល​ទើប​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​​» ​អាច​ «​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​អំពី​លទ្ធភាព​នៃ​មូលហេតុ​រួម​សម្រាប់​គ្រោះថ្នាក់​ទាំង​ ២ ​នេះ»។​

យន្តហោះ​ Boeing 737 Max 8 ​និង 737 Max 9​ ត្រូវ​បាន​ហាមឃាត់​ការ​ហោះហើរ​នៅ​ទូទាំង​ពិភព​លោក​ចាប់​​តាំង​ពី​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ប្រទេស ​អេត្យូពី ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​ប្រភព​ពី​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Boeing ​គ្រោង​នឹង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​ MCAS ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។

ប្រព័ន្ធ​ MCAS ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន Boeing នៅ​លើ​យន្តហោះ​​ប្រភេទ 737 Max 8 ព្រោះ​វា​មាន​ទម្ងន់​ធ្ងន់ តែ​ម៉ាស៊ីន​ស៊ី​សាំង​កាន់​តែ​តិច និង​មាន​កម្លាំង​​ខ្លាំង ដែល​អាច​បណ្ដាល​ឲ្យ​ក្បាល​របស់​យន្តហោះ​​ងើប​ឡើង​ខ្ពស់​ក្នុង​អំឡុង​ពេល​ហោះហើរ​។

ទិដ្ឋភាពអ្នក​ដំណើរ​កំពុង​រង់ចាំចុះឈ្មោះនៅព្រលានយន្ត​ហោះ​ ក្រុងវ៉ាស៊ីនតោន​។ AFP

ទិសដៅ​នៃ​ឧបករណ៍​ចាប់​សញ្ញា​នៅ​លើ​យន្តហោះ​បាន​ប្រាប់​ប្រព័ន្ធ​ MCAS ឲ្យ​ចង្អុល​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​ក្បាល​របស់​យន្តហោះ​ធ្លាក់​ចុះ​ ប្រសិន​បើ​វា​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​រលត់​ម៉ាស៊ីន​។

ឧបករណ៍​នេះ​ត្រូវ​បាន​ធ្វើ​រួច​ហើយ​តាម​រយៈ​ឧបករណ៍​រក្សា​លំនឹង​ដែល​ផ្ដេក​នៅ​កន្ទុយ​របស់​យន្តហោះ ​ដែល​ត្រូវ​បាន​ដំណើរការ​ដោយ​កុំព្យូទ័រ​គ្រប់គ្រង​ការ​ហោះហើរ​របស់​យន្តហោះ។

ក្រុមហ៊ុន​ Boeing ​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​ MCAS​ មិន​គ្រប់គ្រង​យន្តហោះ​ក្នុង​អំឡុង​ការ​ហោះហើរ​ធម្មតា​ទេ ប៉ុន្តែ​វា ​«​​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ដំណើរការ​របស់​យន្តហោះ​» ​ក្នុង​អំឡុង ​«​ស្ថានការណ៍​មិន​ធម្មតា»​។

បើ​តាម​ការ​កត់ត្រា​ពី​ទិន្នន័យ​នៃ​ការ​ហោះហើរ គឺ​ក្រុម​អ្នក​បើកបរ​ជើង​ហោះហើរ​ Flight 610 នៃ​ក្រុមហ៊ុន​ Lion Air ​បាន​ព្យាយាម​ជម្នះ​គ្រប់គ្រង​យន្តហោះ​ ដោយសារ​​ប្រព័ន្ធ​ MCAS ​ស្វ័យ​ប្រវត្តិ​បាន​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ក្បាល​យន្តហោះ​សំយុង​ចុះ​ក្រោម​ បន្ទាប់​ពី​ការ​ចេញ​ដំណើរ​។​

ក្រុម​អ្នក​បើកបរ​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines ​ក៏​បាន​​រាយការណ៍​ពី​ការ​ពិបាក​ស្រដៀង​គ្នា​​មុន​ពេល​យន្តហោះ​នេះ​បាន​ធ្លាក់​ដល់​ដី​ភ្លាមៗ បន្ទាប់​ពី​ការ​ហោះ​ឡើង​បាន​បន្តិច។

ក្រុមហ៊ុន​ត្រូវ​គេ​រិះគន់​

របាយការណ៍​បឋម​ស្ដីពី​គ្រោះ​ថ្នាក់​ជើង​ហោះហើរ Flight 610 របស់​ក្រុមហ៊ុន​ Lion Air បាន​រិះគន់​ក្រុមហ៊ុន Boeing ​ថា ជា​ផ្នែក​មួយ​ដោយ​សារ​តែ​កំហុស​ឧបករណ៍​ចាប់​សញ្ញា​ដែល​បាន​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ MCAS ​បង្ខំ​ឲ្យ​ក្បាល​យន្តហោះ​សំយុង​ចុះ​​ក្រោម​។

ក្រុម​អ្នក​បើកបរ​យន្តហោះ​របស់​ក្រុមហ៊ុន​ Lion Air ​ដូច​គ្នា​កាល​ពី​ថ្ងៃ​មុន​ បាន​បដិសេធ​ប្រព័ន្ធ​គ្រប់គ្រង​ជើង​ហោះហើរ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ​។

ក្រុមហ៊ុន​ Boeing​ បាន​ទទួល​រង​ការ​រិះគន់​មួយ​ចំនួន​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន​ Lion Air​ ដោយ​ចោទ​ប្រកាន់​ពី​បទ​មិន​បាន​ជូន​ដំណឹង​គ្រប់គ្រាន់​ដល់​ក្រុម​អ្នក​បើកបរ​យន្តហោះ​ 737 អំពី​មុខងារ​របស់​ប្រព័ន្ធ​ MCAS​ ឬ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​អំពី​ប្រព័ន្ធ​មួយ​​នេះ។​

បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន​ Lion Air ​ក្រុមហ៊ុន​ Boeing ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​ប្រតិបត្តិការ​យន្តហោះ​ 737 Max 8 ​ដោយ​ផ្ដល់​យោបល់​ដល់​ក្រុម​អ្នក​បើកបរ​យន្តហោះ​ ពី​របៀប​ក្នុង​ការ​បដិសេធ​ប្រព័ន្ធ​ MCAS​។

ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​មួយ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​លើក​ឡើង​ថា ​វា​ឆាប់​រហ័ស​ពេក​នៅ​ក្នុង​ការ​យល់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ Ethiopian Airlines។

ក្រុមហ៊ុន​ Boeing ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​​កំពុង​ធ្វើ​ការងារ​ដើម្បី​​​ធ្វើ​ឲ្យ​ប្រសើរ​ចំពោះ​សូហ្វវែរ​របស់​ប្រព័ន្ធ​ MCAS​ ដែល​នឹង​ត្រូវ​យក​ទៅ​បំពាក់​នៅ​លើ​យន្តហោះ​ប្រភេទ​ 737 Max។​

កាល​ពី​ថ្ងៃ​អាទិត្យ លោក Dennis Muilenberg អគ្គ​នាយក​ក្រុមហ៊ុន Boeing ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​​កំពុង​​បញ្ចប់​ការ​ធ្វើ​ឲ្យ​ប្រសើរ​សូហ្វវែរ និង​ការ​បណ្ដុះបណ្ដាល​អ្នក​បើកបរ​យន្តហោះ​ ដែល​ជាប់​ទាក់ទង​នឹង​ប្រព័ន្ធ​ MCAS។

លោក​ Muilenburg បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា៖ «​​ក្រុមហ៊ុន​ Boeing ​កំពុង​បញ្ចប់​ការ​អភិវឌ្ឍ​របស់​ខ្លួន​​ដែល​បាន​ប្រកាស​លើក​មុន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សូហ្វវែរ ​និង​ការ​ពិនិត្យ​ឡើង​វិញ​ពី​ការ​រៀបចំ​បណ្ដុះបណ្ដាល​អ្នក​បើកបរ​យន្តហោះ​នេះ​។​

ក្រុមហ៊ុន​ Boeing ​បាន​ឲ្យ​ដឹង​កាល​ពី​​មុន​ថា នីតិវិធី​មាន​រួច​ហើយ​ដើម្បី ​«ដោះ​ស្រាយ​ដោយ​សុវត្ថិភាព​នូវ​ព្រឹត្តិការណ៍​ដែល​មិន​ទំនង​នៃ​ទិន្នន័យ​មិន​ត្រឹមត្រូវ​ពី​ទិសដៅ​នៃ​ឧបករណ៍​ចាប់​សញ្ញា​វាយ​ប្រហារ ​(AOA)​» ជា​មូលហេតុ​សង្ស័យ​នៃ​ការ​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន​ Lion Air​។

ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​៖​ «​អ្នក​បើកបរ​យន្តហោះ​ នឹង​បដិសេធ​ច្បាប់​គ្រប់គ្រង​ជើង​ហោះហើរ (MCAS) ​នេះ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អគ្គិសនី​ ឬ​បញ្ជា​ដោយ​ដៃ»​។​

ក្រុមហ៊ុន Boeing បាន​ហៅ​​យន្តហោះ​ស៊េរី​ Max​ នេះថា​ ជា​​យន្តហោះ​ដែល​លក់​ដាច់​រហ័ស​បំផុត​របស់​ខ្លួន ​ដោយ​មាន​ការ​បញ្ជា​ទិញ​ជាង​​ ៥ ​ពាន់​​គ្រឿង​មក​ដល់​ពេល​នេះ​​​ពី​អតិថិជន​ប្រហែល​ ១០០ ​ក្រុមហ៊ុន៕ AFP/LA