The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - McDonald's ផ្អាក​ទិញ​សាច់​ពី​ក្រុម​ហ៊ុន​នៅ​ចិន

McDonald's ផ្អាក​ទិញ​សាច់​ពី​ក្រុម​ហ៊ុន​នៅ​ចិន

បុគ្គលិក​ហាង McDonald's នៅ ទីក្រុង​ប៉េកាំង កំពុង​រង់​ចាំ​អតិថិជន។
បុគ្គលិក​ហាង McDonald's នៅ ទីក្រុង​ប៉េកាំង កំពុង​រង់​ចាំ​អតិថិជន។ Bloomberg

McDonald's ផ្អាក​ទិញ​សាច់​ពី​ក្រុម​ហ៊ុន​នៅ​ចិន

ចិនៈ ក្រុម​ហ៊ុន McDonald’s Corp និង Yum! Brands Inc បាន​ផ្អាក​ការ​ទិញ​ផលិតផល​ធ្វើ​ពី​សាច់​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់ Shanghai ខណៈ​អាជ្ញាធរ​ស៊ើប​អង្កេត​អំពី​ការ​ចោទ​ប្រកាន់​ថា ក្រុម​ហ៊ុន​នេះ​បាន​លក់​សាច់​មាន់ និង​សាច់​គោ​ផុត​កាល​កំណត់។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​លើ Blog ជា​ភាសា​ចិន​ផ្លូវ​ការ​របស់​ក្រុម​ហ៊ុន​កាល​ពី​ម្សិល​មិញ McDonald បាន​ស្នើ​សុំ​ឲ្យ​ហាង​ទាំង​អស់​របស់​ខ្លួន​បញ្ឈប់​ការ​ប្រើ​ប្រាស់​ផលិតផល​បាន​ពី​ក្រុម​ហ៊ុន Shanghai Husi Food Co។ ហាង KFC និង Pizza Hut របស់ Yum! Brand បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដាច់​ពី​គ្នា​ថា ពួក​គេ​ក៏​បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ។ ភោជនីយដា្ឋន​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា វិធានការ​នេះ​នឹង​បណ្ដាល​ឲ្យ​មាន​កង្វះ​មុខ​ម្ហូប​នៅ​ក្នុង​បញ្ជី​រាយ​នាម​មុខ​ម្ហូប និង​បាន​សុំ​អភ័យទោស​ដល់​អតិថិជន​ចំពោះ​បញ្ហា​នេះ។

អាជ្ញាធរ ក្រុង​ស៊ាងហៃ បាន​ផ្អាក​ប្រតិបត្តិការ​នៅ​ក្រុម​ហ៊ុន Shanghai Husi នៅ​ថ្ងៃ​ដដែល។ ប៉ុស្ដិ៍​ទូរទស្សន៍​ក្នុង​ស្រុក​រាយការណ៍​ថា កម្មករ​របស់​ក្រុម​ហ៊ុន Husi កំពុង​វេច​ខ្ចប់​ជា​ថ្មី និង​កំពុង​លក់​សាច់​មាន់ និង​សាច់​គោ​ដែល​បាន​ផុត​កាល​បរិច្ឆេទ​ដោយ​ខ្លួន​ឯង។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ជា​ថ្មី​អំពី​អាហារ​មិន​មាន​សុវត្ថិភាព​ក្នុង ប្រទេស​ចិន។

នេះ​ជា​លើក ទី២ ក្នុង​រយៈ​ពេល​មិន​ដល់ ២ ឆ្នាំ​ផង ដែល​ហាង​អាហារ​ទាន់​ចិត្ត​ពីរ​ត្រូវ​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​សុវត្ថិភាព​អាហារ ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ចិន។ កាល​ពី ខែ​ធ្នូ ឆ្នាំ​២០១២ អាជ្ញាធរ ស៊ាងហៃ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ដ​បាន​ធ្វើ​ឡើង​ចាប់​ពី ឆ្នាំ​២០១០ ដល់ ឆ្នាំ​២០១១ ដោយ​ភ្នាក់ងារ​ភាគី ទី៣ បាន​រក​ឃើញ​កម្រិត​អង់ទីប៊ីយ៉ូទិក​ខ្ពស់​នៅ​ក្នុង​ក្រុម​សាច់​មាន់ ៨ ក្រុម​ដែល​បាន​ផ្គត់​ផ្គង់​ឲ្យ Yum ដោយ​ក្រុម​ហ៊ុន Liuhe Group Co។ ក្រុម​ហ៊ុន​នេះ​ក៏​បាន​ផ្គត់​ផ្គង់​ដល់​ក្រុម​ហ៊ុន McDonald នៅ ប្រទេស​ចិន នៅ​ពេល​នោះ​ផង​ដែរ។

លោក​ស្រី Mei He លោក Yaoxin Huang និង​លោក Haiyan Guo អ្នក​វិភាគ​នៅ​ក្រុម​ហ៊ុន China International Capital Corp. Ltd បាន​ថ្លែង​នៅ​ក្នុង​របាយ​ការណ៍​ស្រាវ​ជ្រាវ​កាល​ពី​ម្សិល​មិញ​ថា៖ «រឿង​អាស្រូវ​គុណភាព​អាហារ​ចុង​ក្រោយ​នេះ​នឹង​មាន​ប៉ះ​ពាល់​មាន​កម្រិត និង​ប៉ះ​ពាល់​បណ្ដោះ​អាសន្ន​លើ KFC នៅ​ក្នុង ប្រទេស​ចិន»។ ក្រុម​អ្នក​វិភាគ​នេះ​បន្ត​ថា៖ «ការ​គ្រប់​គ្រង​តាម​មូលដ្ឋាន​ដែល​ជា​មេរៀន​គួរ​ឲ្យ​ភ័យ​ខ្លាច​ដោយ​សារ «សាច់​មាន់​ឆ្អិន​ស្រាប់» កាល​ពី ឆ្នាំ​២០១២ នឹង​ចាត់​វិធាន​ការ​បន្ទាន់ និង​វិធាន​ការ​បង្ខំ​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ជា​សាធារណៈ និង​បិទ​ចន្លោះ​ប្រហោង​នៅ​ក្នុង​នីតិវិធី​ធានា​គុណភាព​ណា​មួយ»។

យោង​តាម​ភ្នាក់ងារ​សារ​ព័ត៌មាន ស៊ីនហួ ផ្លូវ​ការ​របស់ ចិន លោក Yang Liqun អ្នក​គ្រប់​គ្រង​ទូទៅ​ទទួល​បន្ទុក​ខាង​ការ​កែច្នៃ​អាហារ​នៅ​ក្រុម​ហ៊ុន OSI China ថ្លែង​ថា ក្រុម​ហ៊ុន Shanghai Husi ដែល​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន OSI Group មាន​មូលដ្ឋាន​នៅ​ទីក្រុង Aurora រដ្ឋ Illinois បាន​រឹត​បន្ដឹង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គុណភាព និង​សហការ​ជាមួយ​ការ​ស៊ើប​អង្កេត​នេះ។

តាម​និយតករ​អាជ្ញាធរ​ខាង​អាហារ និង​ឱសថ បាន​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ដែល​កំពុង​ទទួល​ទំនិញ​ពី​ក្រុម​ហ៊ុន Shanghai Husi ត្រូវ​ដក​យក​ផលិតផល​របស់​ខ្លួន​ចេញ​ពី​ការ​លក់។ McDonald និង Yum ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ស៊ើប​អង្កេត​ក្រុម​ហ៊ុន Shanghai Husi៕

អត្ថបទគួរចាប់អារម្មណ៍