ភ្នំពេញ: លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ស្នើឱ្យ​រោងចក្រ MEDTECS Cambodia បង្កើន​បរិមាណ​ផលិត​សម្ភារ​បរិក្ខារ​ការពារ​ផ្ទាល់ខ្លួន​ (PPE) ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​ការការពារ​រោគ​ឆ្លង​ Covid-19 នៅ​កម្ពុជា​។

ការស្នើសុំ​របស់​រដ្ឋមន្ត្រី​រូបនេះ​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក Clement Yang ប្រធាន​ក្រុមហ៊ុន​រោងចក្រ MEDTECS Cambodia ដែលមាន​មូលដ្ឋាន​ខេត្តកំពង់ចាម និង​ជា​អ្នកវិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតថេន​(Manhattan ) ក្រុង​បាវិត ខេត្តស្វាយរៀង​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃ​សុក្រ​កន្លងមក​។

លោក ចម ប្រសិទ្ធ បាន​ចាត់ទុក​លោក Clement Yang គឺជា​អ្នកវិនិយោគទុន​មាន​ភាពជោគជ័យ​មួយ​នៅ​កម្ពុជា​មាន​រយ:ពេល​ ២១ ​ឆ្នាំ​មកហើយ ដោយ​បាន​រួមចំណែក​ផងដែរ​ក្នុង​ចំណែក​សេដ្ឋកិច្ច ទីផ្សារការងារ និង​ការទទួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា​។

ជាពិសេស​នៅពេល​ពិភពលោក​ក៏ដូចជា​កម្ពុជា​កំពុង​រងគ្រោះ និង​ផលប៉ះពាល់​ពី​មេរោគ Covid-19 ក្រុមហ៊ុន​រោងចក្រ MEDTECS របស់​លោក Yang ដែល​​មាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម​បាន​បង្កើន​ការផលិត​របស់ខ្លួន​ដោយ​ផ្តោតជាសំខាន់​ទៅ​លើ​សម្ភារ​បរិក្ខារ​ការពារ​ផ្ទាល់ខ្លួន​ (PPE) ហើយ​ក៏បាន​ធ្វើ​​ការឧបត្ថម្ភ​ជា​ម៉ាស់ និង​សម្លៀកបំពាក់​ពេទ្យ សម្រាប់​ការពារ​រោគ​ឆ្លង​ Covid-19 ដល់​តម្រូវការ​របស់​កម្ពុជា រួមទាំង​ប្រទេស​មួយចំនួន​ទៀត​ផងដែរ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រុមហ៊ុន​រោងចក្រ​គួរ​បង្កើន​ការផលិត​សម្ភារ​បរិក្ខារ​ការពារ​Covid-19 ឱ្យបាន​កាន់តែ​ច្រើន សម្រាប់​ផ្គត់ផ្គង់​ឱ្យ​គ្រប់​តម្រូវការ​ទីផ្សារ ពីព្រោះ​មេរោគ​នៅ​គំរាមកំហែង​ពិភពលោក​នៅឡើយ​» ។

លោក Clement Yang បាន​ថ្លែងថា លោក​ពេញចិត្ត​ចំពោះ​ការវិនិយោគ​វិស័យ​រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ទោះបី​មាន​ឧបសគ្គ​បន្តិចបន្តួច​ក៏ដោយ ប៉ុន្តែ​កម្ពុជា​ជា​ទីតាំង​វិនិយោគ​ដ៏មាន​សក្តានុពល ដែល​បច្ចុប្បន្ន​លោក​កំពុង​មានបំណង​ពង្រីក​ដើមទុន​ក្នុង​រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​របស់លោក ពីព្រោះ​ព្រំដែន​កម្ពុជា-វៀតណាម ជា​ច្រករបៀង​សេដ្ឋកិច្ច​ដ៏សំខាន់​។

គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​ ១៨ ខែតុលា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន ២៨៣ ​ករណី ដោយ​ក្នុងនោះ​ចំនួន ២៧៨ នាក់​បានជា​សះស្បើយ និង​គ្មាន​ករណី​ស្លាប់​ឡើយ​។

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការនាំចេញ​សម្ភារ​ពេទ្យ​ (PPE) ​របស់​កម្ពុជា​មាន​តម្លៃ​សរុប ១៩១,៣ ​លាន​ដុល្លារ ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំនេះ​កើនឡើង ១៣០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ចំនួន ៨៣,៣៦ ​លាន​ដុល្លារ​។ ទិន្នន័យ​នេះ​បង្ហាញ​ទៀតថា នៅក្នុង​រយៈពេល​នេះ ការនាំចេញ​ម៉ាស់​ពី​កម្ពុជា​សម្រេច​បាន​ចំនួន ២,៥៣ ​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០១៩ ពុំមាន​ទិន្នន័យ​នាំចេញ​ផលិតផល​ម៉ាស់​នោះទេ​។

បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បច្ចុប្បន្ន​មាន​រោងចក្រ​ចំនួន​ ៧ និង​សិប្បកម្ម​ចំនួន ៧ ​មូលដ្ឋាន ដោយ​មួយ​ចំនួន​ក្នុង​ចំណោម​នេះ​កំពុង​ផលិត​សម្ភារ​បរិក្ខារ​ការពារ​ជំងឺឆ្លង​រួចស្រេច​ទៅ ហើយ​និង​មួយចំនួន​ទៀត​បាន​សុំ​ចុះបញ្ជី​ផលិត​ម៉ាស់ និង​សម្លៀកបំពាក់​ពេទ្យ​។

ទិន្នន័យ​នេះ​បង្ហាញថា ប្រសិនបើ​រោងចក្រ​នឹង​សិប្បកម្ម​ទាំងនោះ​ដំណើរការ​ផលិត​ពេញលេញ កម្ពុជា​នឹង​មាន​សមត្ថភាព​ផលិត​ម៉ាស់​ប្រមាណ ១៣៨ ​លាន សម្លៀកបំពាក់​ពេទ្យ​ប្រមាណ ២០,៧ ​លាន និង​មួក​ពេទ្យ​ប្រមាណ ៩,៦ ​លាន​ក្នុង ១​ ខែ​។

ទិន្នន័យ​ដដែល​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ប្រទេស​កម្ពុជា​បាន​ធ្វើការ​នាំចេញ​ម៉ាស់ និង​សម្ភារ​ពេទ្យ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ជប៉ុន អាមេរិក និង អឺរ៉ុប​។

គួររំឭកថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមេសា បាន​ថ្លែងថា រដ្ឋាភិបាល​ត្រូវការ​ម៉ាស់​ក្នុង​ស្តុក​យ៉ាងតិច​ចំនួន​ ១០ ​លាន​ម៉ាស់ សម្លៀកបំពាក់​ពេទ្យ​យ៉ាងតិច ៥ ០០០ ​សម្រាប់​។

បើ​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យ​ដឹង​ថា ការនាំចេញ​សម្ភារ​ពេទ្យ​របស់​កម្ពុជា​មាន​ចំនួន​ប្រមាណ ១៩០,៩៨ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩៕ LA