ភ្នំពេញៈ ក្រុមហ៊ុន​នាំចេញ​អង្ករ Mekong Oryza Trading បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ​ជាមួយ​ក្រុមហ៊ុន​បរទេស​មកពី​ទីក្រុង​ហុងកុង និង​អាហ្វ្រិក ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន អឺរ៉ុប និង​អាហ្វ្រិក​ខាងត្បូង​ដែល​ទីផ្សារ​ថ្មី​របស់​កម្ពុជា​។

ការចុះ MoU នេះ បានធ្វើ​ឡើង​រវាង​ក្រុមហ៊ុន Mekong Oryza Trade ជាមួយ Hong Kong-based Hong Kong Zhoghui Taifu International និង​ក្រុមហ៊ុន Gree Shield Africa Group នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជា​សាក្សី​ក្នុង​ពិធី​នេះ​។

លោក វេង សាខុន ថ្លែងថា MoU នេះ​នឹង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​លើក​កម្ពស់​ការនាំចេញ​អង្ករ​កម្ពុជា​។ លោក​បន្តថា​៖ «MoU បាន​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​ថ្មី​របស់​ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្នុងការ​រួមចំណែក​លើក​កម្ពស់​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​អឺរ៉ុប ជាពិសេស​អាហ្វ្រិក​ខាងត្បូង​ដែល​ក្លាយជា​ទីផ្សារ​ថ្មី​។

លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ Mekong Oryaza Trade បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការចុះ MoU​នេះ គឺមាន​រយៈពេល​ ៣ ​ឆ្នាំ ដែល​ក្រុមហ៊ុន​លោក​គ្រោង​នឹង​នាំចេញ​អង្ករ​សរុប​ ១០ ​ម៉ឺន​តោន​នៅ​ប្រទេស​ចិន អាហ្រ្វិក​ខាងត្បូង និង​អឺរ៉ុប​។

លោក​បន្ថែម​ថា សម្រាប់​ឆ្នាំ​ដំបូង​នឹង​នាំចេញ​អង្ករ​ចន្លោះ​ពី ៣ ​ម៉ឺន​តោន ទៅ ៥ ​ម៉ឺន​តោន​ដែល​គ្រោង​នឹង​នាំចេញ​នៅ​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩ ​នេះ​ហើយ​ជំហាន​ទី​ ២ មាន​ចំនួន​ ៧​ ​ម៉ឺន​តោន និង​នៅសល់​ប៉ុន្មាន​នឹង​នាំចេញ​នៅ​ជំហាន​ចុងក្រោយ​។ លោក​ថ្លែងថា​៖ «​យើង​នឹង​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែម​ឲ្យ​បាន​ច្រើន ក្រៅពី​ប្រទេស​ចិន ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​របស់ខ្លួន​»​។

ការនាំ​ចេញ​ទៅ​ទីផ្សារ​ចិន​កំពុង​នាំមុខ​ក្នុងចំណោម​ទីផ្សារ​អន្តរជាតិ​ផ្សេងទៀត ចាប់​តាំងពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យកពន្ធ​នាំចូល​អង្ករ​កម្ពុជា​ពី​ដើម​ឆ្នាំ​ ២០១៩ មក​។

របាយការណ៍​នាំចេញ​អង្ករ​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ​សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន ៣៩៨ ៥៨៦ ​តោន​កើន ២,៣ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ ​ការនាំចេញ​អង្ករ​ទៅ​ចិន​កើន ៤៤ ​ភាគរយ ខណៈ​ទៅ​ EU ធ្លាក់​ជិត​ ៣០ ​ភាគរយ​៕LA