ក្រុងមុយនិចៈ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃសៅរ៍បានហៅវោហារស័ព្ទពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងប្រកាសថា ការនាំចូលរថយន្តរបស់អឺរ៉ុប គឺជាការគំរាមផ្នែកសន្តិសុខជាតិនោះថាជារឿង «គួរឲ្យខ្លាច»។
លោកស្រីបានមានប្រសាសន៍ថា៖ «ប្រសិនបើរថយន្តទាំងនេះ ភ្លាមៗបង្កការគំរាមកំហែងដល់សន្តិសុខអាមេរិក ពេលនោះវាជារឿងដ៏គួរឲ្យខ្លាច ចំពោះយើង»។
លោកស្រី Merkel បានចង្អុលបង្ហាញថា រោងចក្រផលិតរថយន្តធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តទំនើប BMW របស់អាល្លឺម៉ង់ មិនស្ថិតនៅរដ្ឋ Bavaria របស់អាល្លឺម៉ង់ទេ ប៉ុន្តែស្ថិតក្នុងរដ្ឋ South Carolina របស់សហរដ្ឋអាមេរិក ជាទីដែលក្រុមហ៊ុននាំចេញរថយន្តទៅកាន់ប្រទេស ចិន។
លោកស្រីថ្លែងនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិចថា៖ «អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថា វានឹងល្អប្រសិនបើយើងអាចបន្តការចរចាសមស្របឡើងវិញជាមួយគ្នា»។
លោកស្រីបន្ថែមថា៖ «នៅពេលនោះ យើងនឹងស្វែងរកដំណោះស្រាយមួយ»។
មនុស្ស ២ នាក់ដែលបានដឹងពីបញ្ហានេះបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នៅសប្តាហ៍មុនថា របាយការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិបានសន្និដ្ឋានថា ការនាំចូលរថយន្តគំរាមកំហែងដល់សន្តិសុខជាតិ ដែលបង្កើតឲ្យមានដំណាក់កាលនៃការដកហូតពន្ធដែលអាចកើតមានដោយសេតវិមាន។
ប្រភពមួយពីវិស័យរថយន្តរបស់អឺរ៉ុបបានឲ្យដឹងថា ការស៊ើបអង្កេតដែលបញ្ជាឲ្យធ្វើឡើងដោយលោក ដូណាល់ ត្រាំ កាលពីខែឧសភា គឺជា «ភាពវិជ្ជមាន» ទាក់ទងនឹងសំណួរសំខាន់មួយថា តើការនាំចូល «ប៉ះពាល់» ដល់សន្តិសុខជាតិអាមេរិកដែរឬយ៉ាងណា?
មន្ត្រីមួយរូបរបស់ក្រុមហ៊ុន ផលិតរថយន្តមួយផ្សេងទៀតបានថ្លែងថា៖ «នឹងមានការនិយាយថា ការនាំចូលរថយន្ត គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ»។
របាយការណ៍នេះត្រូវបានរំពឹងថា នឹងបញ្ជូនទៅកាន់សេតវិមាននៅថ្ងៃអាទិត្យម្សិលមិញ ត្រូវបានគេមើលឃើញថាជាហានិភ័យធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តបរទេស។
លោក ត្រាំ បានគំរាមដកហូតពន្ធគយ ២៥ ភាគរយលើការនាំចូលរថយន្តអឺរ៉ុប ជាពិសេសផ្តោតលើប្រទេស អាល្លឺម៉ង់ ដែលលោកនិយាយថាបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តអាមេរិក។
តាមនីតិវិធី បន្ទាប់ពីទទួលបានរបាយការណ៍ខាងលើនេះ ប្រធានាធិបតីអាមេរិកនឹងមានពេល ៩០ ថ្ងៃដើម្បីសម្រេចថា តើត្រូវចាត់វិធានការបន្តទៅមុខទៀតឬយ៉ាងណាតាមរយៈការដកពន្ធគយ។
លោក ត្រាំ កាលពីខែកក្កដាបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពពាណិជ្ជកម្មមួយជាមួយលោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប ដោយភាគីទាំង ២ បានប្តេជ្ញាថា មិនមានការដកហូតពន្ធគយរវាងគ្នានឹងគ្នា ខណៈពេលដែលការចរចាបានបន្តធ្វើឡើង៕ AFP/KC