ភ្នំពេញៈ ​ក្រុមហ៊ុន​រ៉ែ​មាស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ឥណ្ឌា ​Mes​co Gold ដែល​ទទួល​បាន​​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែមាស​នៅ​កម្ពុជា​ រំពឹង​ថា​នឹង​អាច​ធ្វើ​ការ​ចម្រាញ់​រ៉ែ​​មាស​នៅ​កម្ពុជា​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​នេះ ​ខណៈ​ក្រុមហ៊ុន​កំពុង​ដំឡើង​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​​គម្រោង​រ៉ែ​មាស ភូមិ​ស៊ីយ៉ារុង ​ក្នុង​ខេត្ត​រតនគិរី​។ នេះ​បើ​យោង​តាម​ការ​​បញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន ​Mesco​ មក​កាន់​ភ្នំពេញ ​ប៉ុស្តិ៍​។

អ្នក​ស្រី Rita ​Singh​ ប្រធាន​ និង​ជា​នាយិកា​ក្រុមហ៊ុន​ Mesco Steel នៅ​ឥណ្ឌា ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Mesco Gold (Cambodia) កំពុង​មាន​បេសកកម្ម​មួយ​សប្តាហ៍​នៅ​កម្ពុជា​​​សម្រាប់​គម្រោង​ដំឡើង​​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស ​ហើយ​​បាន​បញ្ជាក់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ Mesc​o Gold បាន​យក​រ៉ែ​មាស​ មក​​ចម្រាញ់​ជា​​មាស​ក្នុង​ទ្រង់​ទ្រាយ​តូច​រួច​ហើយ​ដើម្បី​​ធ្វើ​តេស្ត​លើ​រ៉ែ​នេះ ហើយ​លទ្ធផល​​បាន​បង្ហាញ​ពី​ផល​វិជ្ជមាន​។ ក្រុមហ៊ុន​​បាន​សម្រេច​ដំឡើង​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ស្តង់ដារ​ដើម្បី​ដំណើរ​ការ​អាជីវកម្ម​នេះ។

អ្នកស្រី​បាន​ថ្លែង​ថា​៖​ «​យើង​បាន​កុម៉្មង់​ទិញ​ម៉ាស៊ីន​រួច​ហើយ​ដើម្បី​ដំឡើង​រោងចក្រ​កែច្នៃ​ដែល​គ្រឿង​ម៉ាស៊ីន​​ទាំង​នោះ​នាំចូល​មក​ពី​ចិន និង​ខ្លះ​ទៀត​កុម៉្មង់​មក​ពី​អឺរ៉ុប​។ យើង​សង្ឃឹម​ថា​នឹង​ចាប់​ផ្តើម​ផលិតកម្ម​ចម្រាញ់​មាស​នៅ​ប្រហែល​អំឡុង​ខែ​វិច្ឆិកា ​ឬ​ខែ​ធ្នូ»។​

អ្នកស្រី​បន្ត​ថា​៖ ​«​ពេល​យើង​ដំណើរការ​​ [​ផលិតកម្ម​ចម្រាញ់​] យើង​នឹង​យក​រ៉ែមាស ៥០០ តោន​ដើម្បី​ធ្វើ​ការ​ចម្រាញ់​ចេញ​ជា​មាស​ក្នុង​មួយ​ថ្ងៃ​ (​យើង​​បាន​ទទួល​​​​សិទិ្ធ​ចម្រាញ់​រ៉ែ​មាស​ត្រឹម​​បរិមាណ​ប៉ុន​ហ្នឹង​ក្នុង​មួយ​ថ្ងៃ​)​ អ៊ីចឹង​​យើង​នឹង​ធ្វើ​ការ​ចម្រាញ់​ ហើយ​នឹង​រង់ចាំ​មើល​ថា​ តើ​យើង​នឹង​អាច​បាន​​មាស​សុទ្ធ​ប៉ុន្មាន​ពី​រ៉ែ​នេះ»។

យោង​តាម​ការ​បញ្ជាក់​របស់ Rita Singh ទិន្នផល​មាស​ច្រើន​ ឬតិច​ វា​អាស្រ័យ​លើ​គុណភាព​​​​​រ៉ែ​​​​។​ អ្នក​ស្រី​​បន្ត​​​ថា រ៉ែ​មាស​​មួយ​តោន​ អាច​ចម្រាញ់​ជា​មាស​បាន​ពី ២ ទៅ ៣ ក្រាម​​​។ ​

Mesco Gold (Cambodia​) បាន​ទទួល​ការ​អនុញ្ញាត​ដើ​ម្បី​​ប្រតិបត្តិការ​អាជីវកម្ម រួម​​មាន​​​​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​​​សង្គម ​ដោយ​ក្រសួង​បរិស្ថាន ​ទទួល​បាន​​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​រ៉ែ​ពាណិជ្ជកម្ម ​និង​​ទទួល​បាន​ការ​អនុម័ត​គម្រោង​វិនិយោគ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ពី​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

Mesco​ Gold​ (Cambodia) បាន​ទិញ​សិទ្ធិ​ដើម្បី​អភិវឌ្ឍ​អណ្ដូង​រ៉ែ​​ និង​​រុករក​រ៉ែ​នៅ​ភូមិ​ស៊ីយ៉ារុង​ពី​​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​ កាណាដា Angkor Gold Corp កាល​ពី​ឆ្នាំ ២០១៣ ​ក្នុង​កិច្ច​ព្រមព្រៀង​លក់​មាន​តម្លៃ​ ១,២ ​លាន​ដុល្លារ​។ ​ក្រុមហ៊ុន​ Angkor Gold Corp ប៉ាន់​ប្រមាណ​ថា រ៉ែ​​​នៅ​ក្រោម​ដី​នៅ​ក្នុង​ភូមិ​ស៊ីយ៉ារុង​ទាញ​យក​រ៉ែមាស​រហូត​ដល់​ ១០ ​ឆ្នាំ​ ដែល​​អាច​ផលិត​មាស​បាន​ ​១០ ​០០​០​ អោសន៍​ក្នុង​មួយ​ឆ្នាំ​។

លោក ​យស ​មុនីរ៉ាត់ ​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ ​និង​ថាម​ពល ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ថា ​ក្រុមហ៊ុន Mesco បាន​ទទួល​ការ​អនុញ្ញាត​ចាំបាច់​ទាំង​អស់​ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម​នេះ​។ ​លោក​បន្ថែម​ថា វា​នឹង​ជា​​ក្រុមហ៊ុន​ដំបូង​ ក្នុង​ការ​ផលិត​រ៉ែ​មាស​នៅ​កម្ពុជា​ ប៉ុន្តែ​​វា​នៅ​តែ​ជា​គម្រោង​រ៉ែ​មាស​ទ្រង់ទ្រាយ​មធ្យម​ ហើយ​​ប្រាក់​ចំណូល​បាន​ពី​ផលិតកម្ម​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​សម្រាប់​​កម្ពុជា​។

លោក​បន្ត​ថា ​ការ​វាយ​តម្លៃ​បរិស្ថាន ​និង​​ផល​ប៉ះពាល់​សង្គម​ (ESIA) ​របស់​ក្រុមហ៊ុន ​Mesco ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ ១២​ គីឡូ​ម៉ែត្រ​ក្រឡា ប៉ុន្តែ​អាជ្ញា​ប័ណ្ណ​រុករក​រ៉ែ​​គ្រប​ដណ្ដប់​លើ​ការ​ផលិត​លើ​ផ្ទៃ​ដី ១​​គីឡូ​ម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ​។​

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​បាន​ចំណូលពី​សួយ​សារ​អាករ ​ពន្ធ និង​ថ្លៃ​ជួល​ដី​សម្រាប់​គម្រោង​នេះ​ ដែល​វា​នឹង​ផ្តល់​ការងារ​ និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ផង​ដែរ។ ​

លោក​ថ្លែង​ថា​៖ «ក្នុង​ពេល​ឆាប់​ៗ យើង​នឹង​រក​ប្រាក់​ចំណូល​​បាន​ពី​រ៉ែមាស ​ប្រេង​ ដូច្នេះ​យើង​កំពុង​ចាប់​ផ្ដើម​ជា​បណ្ដើរ​ៗ​ ក្នុង​ការ​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​វិនិយោគ​​នេះ​»។​

Emerald Resources ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ប្រទេស ​អូស្ដ្រាលី ​នៅ​ពី​ក្រោយ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​​​​ក្នុង​ខេត្ត​មណ្ឌល​គិរី ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្ដើម​គម្រោង​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​របស់​ខ្លួន ​នៅ​ដើម​ឆ្នាំ ២០២០​ បន្ទាប់​ពី​ការ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​រុករក​រ៉ែ​ឧស្សាហ​កម្ម​កាល​ពី​ខែ​កក្កដា​៕​LA