ភ្នំពេញៈ ក្រុមហ៊ុន​រ៉ែ​​​មាស Mesco Gold ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស ​ឥណ្ឌា រំពឹង​ថា​នឹង​អាច​​​ចម្រាញ់​មាស​នៅ​ប្រទេស ​កម្ពុជា​ ​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​នេះ ​ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​ដំឡើង​ផលិតកម្ម​ចម្រាញ់​មាស​នៅ​​គម្រោង​រ៉ែ​មាស​​ស្ថិត​នៅ​​ភូមិ​ស៊ីយ៉ារុង​ក្នុង​ខេត្ត​រតនគិរី​​របស់​ខ្លួន។

លោក​ស្រី Rita ​Singh​ ប្រធាន​ និង​ជា​នាយិកា​ក្រុមហ៊ុន​ Mesco Steel នៅ​ប្រទេស ​ឥណ្ឌា ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Mesco Gold (Cambodia) បាន​​និង​កំពុង​​​បំពេញ​​បេសកកម្ម​រយៈ​ពេល​មួយ​សប្តាហ៍​នៅ​ប្រទេស ​​កម្ពុជា ​ដែល​​​បញ្ចប់​កាល​ពី​ម្សិលមិញ ​​​សម្រាប់​គម្រោង​ដំឡើង​​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នេះ​។ លោក​ ហ៊ គីមសាយ អ្នក​យក​ព័ត៌មាន​របស់​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ជួប​សម្ភាស​ជា​មួយ​អ្នកស្រី Rita ​Singh អំពី​ដំណើរការ និង​ការ​វិវឌ្ឍ​របស់​គម្រោង​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​ស្ថិត​ភូមិ​ស៊ីយ៉ារុង​នេះ។

១. បន្ទាប់​ពី​ការ​ទិញ​សិទ្ធិ​​អភិវឌ្ឍ​ និង​យក​​​​រ៉ែ​​ក្នុង​គម្រោង​រ៉ែ​​មាស​នៅ​ភូមិ​ស៊ីយ៉ារ៉ុង ពី​ក្រុមហ៊ុន Angkor Gold Corp កាល​ពី​ឆ្នាំ ២០១៣ តើ​ការងារ​របស់​លោក​ស្រី​​រហូត​មក​ដល់​ពេល​នេះ​ដូច​ម្ដេច​ហើយ​?

នៅ​ពេល​នេះ​ យើង​បាន​ធ្វើ​ការងារ​ជា​ច្រើន ហើយ​យើង​ជិត​​នឹង​​​ចាប់​ផ្ដើម​យក​​រ៉ែ។ យើង​ពិត​ជា​បាន​ចាប់​ផ្ដើម​វា​រួច​ហើយ​​នៅ​ក្នុង​លក្ខណៈ​តូច​ៗ។ យើង​នឹង​ចាប់​ផ្ដើម​យក​រ៉ែ​​នៅ​​ ៧ ខែ​ក្រោយ​គិត​ចាប់​ពី​​ពេល​នេះ​ទៅ​។ យើង​បាន​បញ្ជា​ទិញ​ម៉ាស៊ីន​ចម្រាញ់​មាស​​​ពី​ប្រទេស ​ចិន និង​មួយ​ចំនួន​​​ពី​អឺរ៉ុប ដើម្បី​សាងសង់​រោង​ចក្រ​ចម្រាញ់​មាស។ យើង​​សង្ឃឹម​ថា​នឹង​ចាប់​​ផ្ដើម​​ផលិត​​រ៉ែ​មាស​​នៅ​ចុង​ឆ្នាំ​នេះ អាច​និយាយ​ថា​នៅ​​ក្នុង​ខែ​វិច្ឆិ​កា ឬ​ខែ​ធ្នូ។ យើង​នឹង​ដំណើរ​​ការ​ដោយ​​ប្រុង​ប្រយ័ត្ន​បំផុត ដោយ​សារ​តែ​ការ​យក​​រ៉ែ​ ដែល​​ជា​ការ​យក​រ៉ែ​ពី​​​ក្រោម​ដី ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន​បំផុត​លើ​បញ្ហា​នោះ​។​

២. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​គម្រោង​ការ​ផលិត​រ៉ែ​​មាស​នេះ ​ត្រូវ​ការ​រយៈ​ពេល​យូរ?​

ការ​យក​​រ៉ែ​ចាំបាច់​ត្រូវ​ឆ្លង​កាត់​​នីតិ​វិធី​ជា​ច្រើន។ វា​ចំណាយ​​​​រយៈ​ពេល​វែង​ ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត ហើយ​សូម្បី​​នីតិ​វិធី​រុករក​ធម្មតា​ក៏​ត្រូវ​ចំណាយ​ពេល​​វេលា​ដែរ។ បន្ទាប់​ពី​​ការ​ទទួល​បាន​ការ​អនុញ្ញាត​ការ​រុករក​ យើង​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន (EIA) ហើយ​បន្ទាប់​ពី​​អាជ្ញាប័ណ្ណ​ EIA ត្រូវ​បាន​ផ្ដល់​ឲ្យ យើង​ចាំបាច់​ត្រូវ​​មាន​ការ​យល់​ព្រម​ពី​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា (CDC) លើ​គម្រោង​​វិនិយោគ​របស់​យើង​។ ពិត​ហើយ​ យើង​បាន​ទទួល​អាជ្ញា​ប័ណ្ណ​រុករក​រ៉ែ​កាល​ពី​ឆ្នាំ​ ២០១៦។ ចាប់​ពី​ឆ្នាំ​ ២០១៦ មក យើង​ត្រូវ​សាងសង់​​​អណ្ដូង​រ៉ែ​។​

៣. តើ​អ្វីជា​បញ្ហា​ប្រឈម​ដែល​លោកស្រី​​ជួប​ប្រទះ​ នៅ​ពេល​​ដំណើរ​ការ​គម្រោង​នេះ​នៅ​កម្ពុជា​?

បញ្ហា​សម្រាប់​ពួក​យើង​​​​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​នៅ​ទី​នេះ​​មាន​ ២។ ​ទី១​ គឺ​ជា​បញ្ហា​ដែល​យើង​ចាំបាច់​ត្រូវ​បណ្ដុះ​បណ្ដាល​​​បុគ្គលិក។ យើង​បាន​បញ្ជូន​អ្នក​ជំនាញ​ជនជាតិ​ឥណ្ឌា​ឲ្យ​មក​បណ្ដុះ​បណ្ដាល​បុគ្គលិក​នៅ​ទី​នេះ ហើយ​យើង​កំពុង​គិត​ថា យើង​នឹង​បញ្ជូន​បុគ្គលិក​មួយ​ចំនួ​ន​​ទៀត​ទៅ​បណ្ដុះ​បណ្ដាល​នៅ​​ប្រទេស​ឥណ្ឌា​សម្រាប់​ការងារ​​ឯកទេស​។ បញ្ហា​ទី​២ គឺ​អំពី​ការ​ទទួល​បាន​​ហិរញ្ញប្បទាន​។​

នៅ​ពេល​នេះ នៅ​ពេល​យើង​និយាយ​ទៅ​កាន់​ធនាគារ​​ឥណ្ឌា ពួក​គេ​និយាយ​ថា ​ប្រទេស​ កម្ពុជា ​មាន​ហានិភ័យ​ខ្លាំង​ណាស់។ ដូច្នេះ​​ការ​ទទួល​បាន​ហិរញ្ញប្បទាន​​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ។​ ការ​ទទួល​​បាន​មូលនិធិ​​ពី​ធនាគារ​កម្ពុជា​ ​ក៏​មាន​ការ​ពិបាក​ផង​ដែរ​។ ពួក​គេ​​មិន​ផ្ដល់​ហិរញ្ញប្បទាន​លើ​គម្រោង​នេះ​ទេ​ ជា​ពិសេស​​គម្រោង​យក​​​រ៉ែ។ ដូច្នេះ​​មូលនិធិ​ទាំង​អស់​​ដែល​យើង​មាន​សម្រាប់​ធ្វើ​ការងារ​នៅ​ទី​នេះ គឺ​ជា​​​ប្រាក់​ផ្ទាល់​ខ្លួន​របស់​យើង។ យើង​បាន​ចំណាយ​​​​ចំនួន​ប្រហែល​ ២៥ ​លាន​ដុល្លារ​ហើយ។​

៤. ​វា​ជា​មូលនិធិ​វិនិយោគ​ដ៏​ធំ​​មួយ។ តើ​លោក​ស្រី​នឹង​​ទទួល​​បាន​ប្រយោជន៍​ធំ​ប៉ុនណា​ពី​​ការ​វិនិយោគ​​នេះ?

វា​ស្មុគស្មាញ​ខ្លាំង​ណាស់។ យើង​កំពុង​ធ្វើ​​ការ​យក​​រ៉ែ​ពី​​​ក្រោម​ដី ដែល​មាន​ការ​ពិបាក​បំផុត។ យើង​​​ត្រូវ​ចុះ​ទៅ​ក្រោម​ដី​ជម្រៅ​ ១០០ ម៉ែត្រ។ ត្រូវ​ ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព ហើយ​យើង​​ត្រូវតែ​​ចាត់​វិធានការ​ជា​ច្រើន​ដំណាក់​កាល។​ វា​ពិបាក​ ដោយ​សារ​តែ​វា​​មិនមែន​គ្រាន់​តែ​ចូលទៅ​ក្រោម​ដី ​ហើយ​យក​រ៉ែ​មាស​ចេញ​មក​នោះ​ទេ​។​ រ៉ែ​ស្ថិត​​​នៅ​ក្នុង​ថ្ម។ វា​ត្រូវ​ការ​ការ​ចម្រាញ់ ដើម្បី​យក​មាស​ទាំង​នោះ​ចេញ​មក​។ ​

មាន​​មាស​ប្រហែល​ពី ២ ទៅ​ ៣ ក្រាម​នៅ​ក្នុង​ថ្ម​ ១ តោន។​ ​ ខ្ញុំ​មិន​ដឹង​ថា​ តើ​​ការ​យក​រ៉ែ​​​​នឹង​​ទទួល​បាន​​ជោគជ័យ​ឬ​​អត់​​​​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​មាន​សុទិដ្ឋិ​និយម​ថា វា​នឹង​ជោគជ័យ​។ នៅ​ពេល​យើង​ចាប់​ផ្ដើម​ចម្រាញ់​យក​មាស​ ​យើង​នឹង​ត្រូវ​ជីក​រ៉ែ​ ៥០០ តោន​ក្នុង​ ១ ​ថ្ងៃ​។ នោះ​គឺ​ការ​អនុញ្ញាត​ដែល​យើង​ទទួល​បាន​។​ តើ​យើង​នឹង​ទទួល​បាន​​មាស​ប៉ុន្មាន​នោះ វា​អាស្រ័យ​​លើ​​​មាស​ដែល​មាន​នៅ​ក្នុង​​រ៉ែ​​។​​

៥. តើ​​​​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​ដូចម្តេច​ ពី​អាជីវកម្ម​របស់​ក្រុមហ៊ុន​របស់​លោកស្រី​​?​

ក្រុមហ៊ុន​យើង​បង់​ពន្ធ​សួយសារ​អាករ​ដល់​រដ្ឋាភិបាល​។ យើង​បង់​ពន្ធ​​រួម​ទាំង​ពន្ធ​នាំចេញ​ និង​អាករ​លើ​តម្លៃ​បន្ថែម​​ (VAT) ​និង​ពន្ធ​លើ​ប្រាក់​ចំណេញ​ផង​ដែរ​៕ ​LA