ភ្នំពេញៈ ក្រុមហ៊ុន​ទូរគមនាគមន៍ ​Metfone ​ដែល​គ្រប់គ្រង​ដោយ​​យោធា​របស់​វៀតណាម ​បាន​បង្ហាញ​ប្រាក់​ចំណូល​​​រួម​ជាង​ ២,២ ​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​រយៈពេល ​១០ ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ជា​មួយ​នឹង​ប្រាក់​ចំណេញ​​ ៣០០ ​លាន​ដុល្លារ។​ នេះ​បើ​តាម​កាសែត​ ​Vietnam News​​។

ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស ​វៀតណាម ​​មួយ​នេះ ​បាន​ដក​ស្រង់​សម្តី​លោក​ Lê Đăng Dũng ​ប្រធាន​ស្ដីទី​ក្រុមហ៊ុន ​Viettel ​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ Metfone ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​ប្រតិបត្តិ​ការ​រយៈពេល ​១០ ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Metfone ​នៅ​កម្ពុជា ​កាល​ពី​សប្ដាហ៍​មុន​ ដែល​បាន​និយាយ​ថា ​ត្រឹម​ចុង​ឆ្នាំ ​២០១៨​ ក្រុមហ៊ុន ​Metfone ​បាន​ជួយ​រក​ចំណូល​​​ឲ្យ​​ ​Viettel ​ជិត ​២៥០ ​លាន​​ដុល្លារ ឬ​ជិត ​៦ ​ដង​ខ្ពស់​ជាង​​ទុន​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​​។

លោក​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Viettel ​ចាត់​ទុក​​បេសកកម្ម​ថ្មី​របស់​ក្រុមហ៊ុន​ Metfone ជា​ការ​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​ជា​មួយ​បច្ចេកវិទ្យា​ទំនើប ​ដែល​រួមមាន ​ប្រព័ន្ធ ​5G​ បញ្ញា​​សិប្បនិម្មិត ​និង​ទិន្នន័យ​អ៊ីនធឺណិត។​ ​

លោក Dũng ​​​បាន​ថ្លែង​ថា៖ «​បន្ទាប់​​ពី​រយៈ​ពេល ​១០ឆ្នាំ ​នៃ​ការ​អភិវឌ្ឍ ​យើង​បាន​ដឹង​ពី​ទិសដៅ​របស់​ក្រុមហ៊ុន ​Metfone ​ក្នុង​ការ​ធ្វើ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ ​ក្នុង​ការ​បង្កើត ​សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​នៅ​ក្នុង​ប្រទេស ​កម្ពុជា​»។​

ក្រុមហ៊ុន ​Metfone ​បាន​រាយការណ៍​ថា ​ខ្លួន​បាន​រួម​ចំណែក​បង់​ពន្ធ ​៥០០ ​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​បាន​ចំនួន ​៣ ​០០០ ​នាក់​។​

ក្រុមហ៊ុន Metfone បាន​ចាប់​ផ្ដើម​ផ្ដល់​សេវា​នៅ​​​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី ​១​៩ ខែ​កុម្ភៈ ​ឆ្នាំ ២០០៩​។ ​ Metfone ​បាន​ប្រកាស​ថា​ បន្ទាប់​ពី​រយៈ​ពេល​ ​២ ឆ្នាំ​នៃ​ប្រតិបត្តិការ​នៅ​​​កម្ពុជា ​ខ្លួន​គ្រប់គ្រង​ទីផ្សារ​ ៤៨ ​ភាគរយ។​

លោក​ អ៊ឹម​​ វុត្ថា អ្នក​នាំ​ពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អាជីវកម្ម​ទូរគមនាគមន៍​កម្ពុជា​កំពុង​រីក​ចម្រើន ​ហើយ​ភាព​ជោគជ័យ​របស់​ប្រតិបត្តិករ​ទូរគមនាគមន៍​បាន​រួម​ចំណែក​ដល់​ប្រាក់​ចំណូល​រដ្ឋាភិបាល​តាម​រយៈ​ពន្ធ ​តម្លៃ​អាជ្ញាប័ណ្ណ​ប្រចាំ​ឆ្នាំ និង​ប្រាក់​ចំណូល​​មិនមែន​​ពន្ធ​ផ្សេង​ទៀត​។​

លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​របស់​​វិស័យ​នេះ ​បាន​រួម​ចំណែក​​​ក្នុង​ការ​ជំរុញ​ឲ្យ​វិស័យ​ផ្សេង​ទៀត ​ដូច​ជា​ការ​អប់រំ អាជីវកម្ម ​ដោយ​សារ​តែ​វា​​ផ្ដល់​ការ​ទំនាក់ទំនង​កាន់​តែ​ងាយ​ស្រួល​ និង​ធ្វើ​​ឲ្យ​ជីវិត​​ប្រជាជន​កាន់​តែ​ងាយ​ស្រួល​។​ ​

លោក​ថ្លែង​ថា​៖ «​និន្នាការ​​​សេដ្ឋកិច្ច​នៅ​ពេល​អនាគត​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ឌីជីថល​ ដូច្នេះ​យើង​ជឿជាក់​ថា ក្រុមហ៊ុន​នេះ​ នឹង​ប្រើប្រាស់​​ប្រាក់​ចំណេញ​នេះ ដើម្បី​វិនិយោគ​កាន់​តែ​ច្រើន​ លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហើយ​នឹង​ជួយ​កាន់​តែ​ច្រើន​ដល់​ការ​បង្កើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​»។​

តួលេខ​បាន​ពី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​​ដល់​ចុង​ឆ្នាំ ​២០១៨ ​ចំនួន​ស៊ីមកាត​​ចុះ​បញ្ជី​ ដែល​បាន​ផ្ដល់​ដោយ​​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ចំនួន​ ៦ បាន​​កើន​​ឡើង​ដល់ ​១៩,៣ ​លាន​ស៊ីម​កាត​។ ចំនួន​នេះ​​បាន​កើន​ឡើង​ជិត ​៤ ​ភាគរយ​បើ​ធៀប​នឹង​កាល​​ពី​ចុង​ឆ្នាំ ​២០១៧​។​ ចំនួន​នេះ​ស្មើ​នឹង ១២០ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​ កម្ពុជា ​ជាង ​១៦​ លាន​នាក់​៕ LA