ភ្នំពេញៈ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Metfone បាន​បញ្ជាក់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​បណ្ដាញ​ 5G របស់​ Huawei ទោះបី​ជា​ក្រុមហ៊ុន​មេ​របស់​ខ្លួន​បដិសេធ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន​នៅក្នុង​ប្រទេស​ វៀតណាម​ក៏ដោយ​។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ Metfone​។

Metfone ជា​បុត្រសម្ព័ន្ធ​របស់ Viettel Group ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​របស់​​វៀតណាម​គ្រប់គ្រង​ដោយ​យោធា​។

អគ្គនាយក​ក្រុមហ៊ុន Viettel លោក Le Dang Dung បាន​ឲ្យ​ដឹង​នៅក្នុង​បទសម្ភាស​មួយ​នៅ​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង​ហាណូយ​ថា ក្រុមហ៊ុន​នេះ​នឹង​មិន​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន Huawei សម្រាប់​បណ្ដាញ​ 5G របស់​ខ្លួន​នៅ​ប្រទេស​ វៀតណាម​ ទេ​។ នេះ​បើ​តាម​សារព័ត៌មាន Bloomberg ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

លោក Dung បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​នឹង​ពង្រាយ​ឧបករណ៍​របស់​ក្រុមហ៊ុន Ericsson AB នៅ​ទីក្រុង​ហាណូយ និង​បច្ចេកវិទ្យា​របស់ Nokia Oyj នៅ​ទីក្រុង​ហូជីមិញ​។

លោក​បន្ត​ថា​ក្រុមហ៊ុន Viettel នឹង​ប្រើប្រាស់​បន្ទះ​ឈីប​ 5G ពី​ក្រុមហ៊ុន Qualcomm Inc និង​ក្រុមហ៊ុន​អាមេរិក​ផ្សេងទៀត​។

លោក Dung បាន​ប្រាប់ Bloomberg ថា​៖ «​យើង​នឹង​មិន​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន Huawei នោះ​ទេ​នៅពេល​នេះ​វា​ជា​បញ្ហា​រសើប​បន្តិច​ជាមួយ​ក្រុមហ៊ុន Huawei»​។

លោក​បន្តថា​៖ «​មាន​របាយការណ៍​ថា វា​មិនមាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់ Huawei​។ ដូច្នេះ​ជំហរ​របស់ Viettel គឺថា​ដោយសារ​ព័ត៌មាន​ទាំងអស់​នេះ យើង​គួរតែ​ដំណើរការ​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​មាន​សុវត្ថិភាព​។ ដូច្នេះ​យើង​ជ្រើសរើស​ក្រុមហ៊ុន Nokia និង​ក្រុមហ៊ុន Ericsson មកពី​អឺរ៉ុប​»​។

វិធានការ​នេះ​កំពុង​បង្ហាញ​ពី​បំណង​របស់​វៀតណាម​ដែល​បាន​ក្លាយ​ជា​ប្រទេស​អាស៊ាន​ដំបូង​ដែល​ច្រើន​ចោល​បច្ចេកវិទ្យា 5G របស់ Huawei Technologies Inc​។

ទោះបី​យ៉ាង​នេះ​ក្តី Metfone ដែល​ជា​បុត្រសម្ព័ន្ធ​របស់ Viettel នៅ​កម្ពុជា​បានបញ្ជាក់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei ជា​ធម្មតា​។

មន្ដ្រី​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​មិន​ច្បាស់​អំពី​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុនមេ​ថា​នឹង​ត្រូវ​បាន​អនុវត្ត​ចំពោះ​ប្រតិបត្តិការ​របស់​ខ្លួន​ទាំងអស់​នៅ​បរទេស​នោះទេ​។

ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹងថា យោងតាម​ផែនការ​ក្រុមហ៊ុន Metfone នឹង​ដំណើរការ​សាកល្បង​ 5G របស់​ខ្លួន​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Huawei Technologies Co Ltd នៅ​ខែក្រោយ​។

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន Metfone នឹង​ចាប់ផ្ដើម​សាកល្បង 5G ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei នៅ​ថ្ងៃទី​ ៥ ខែ​កញ្ញា​ខែ​ក្រោយ​»​។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ឲ្យ​ដឹងថា កម្ពុជា​គឺជា​ទីផ្សារ​សេរី ដូច្នេះ​ក្រុមហ៊ុន​ជាច្រើន​មាន​ជម្រើស​សម្រាប់​អាជីវកម្ម​របស់​ពួកគេ​។ លោក​ថ្លែង​ថា​៖ «​យើង កម្ពុជា មិន​ហាមឃាត់​បច្ចេកវិទ្យា​របស់​ប្រទេស​ណាមួយ​នោះទេ វា​អាស្រ័យ​លើ​ប្រតិបត្តិករ​ខ្លួនឯង​ក្នុង​ការជ្រើសរើស​បច្ចេកវិទ្យា​ណាមួយ​»​។

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ត្រូវ​បាន​មើលឃើញ​ថា​មាន​ភាពពេញនិយម​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា បន្ទាប់ពី​ទូរស័ព្ទ iPhone និង​ទូរស័ព្ទ Samsung ។

លោក​បញ្ជាក់​ថា​៖ «​យើង​ជា​ប្រទេស​អ្នកប្រើប្រាស់ យើង​មិនមែន​ជា​ប្រទេស​ផលិត​នោះ​ទេ ដូច្នេះ​ការដណ្តើម​គ្នា​រវាង​បណ្ដា​ប្រទេស​ផលិត​គឺជា​រឿង​របស់​ពួកគេ​»​។

ក្រុមហ៊ុន Smart Axiata Co Ltd ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​របស់​កម្ពុជា​កាលពី​ខែ​កក្កដា​សាកល្បង​បណ្តាញ 5G ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Huawei Technologies Co Ltd ដែល​សេវា​នេះ​នឹង​អាច​ដំណើរការ​បណ្ដាញទូរស័ព្ទ​ចល័ត​នៅ​ចុង​ឆ្នាំ​នេះ​។

វៀតណាម​កំពុង​ចូលរួម​ដោយ​ស្ងៀមស្ងាត់​ជាមួយ​រដ្ឋបាល​លោក ត្រាំ ដែល​បាន​ហាមឃាត់​ក្រុមហ៊ុន Huawei មិន​ឲ្យ​ទិញ​បច្ចេកវិទ្យា​អាមេរិក​ដោយសារ​តែ​ការបារម្ភ​សន្ដិសុខ​ជាតិ​។

សេចក្ដី​សម្រេចចិត្ត​របស់​ប្រទេស​នេះ​ក្នុង​ការចៀសវាង​ក្រុមហ៊ុន Huawei គឺ​ខុសពី​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ដូចជា​ហ្វីលីពីន ថៃ ម៉ាឡេស៊ី និង​កម្ពុជា ដែល​បើកចំហ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ Huawei​។

រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែ​មេសា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ Huawei ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ប្រទេស​ចិន​ក្នុង​ការបង្កើត​បណ្ដាញ​ 5G នៅក្នុង​ប្រទេស​ កម្ពុជា​៕LA