ភ្នំពេញ៖ ធនាគារ Mizuho Bank របស់​​ប្រទេស ជប៉ុន កាល​ពី​​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​​ថា ខ្លួន​បាន​រៀបចំ​កិច្ច​ព្រមព្រៀង​គម្រោង​ហិរញ្ញប្បទាន​ជា​លើក​ដំបូង​នៅ​កម្ពុជា​ ដោយ​នឹង​ផ្ដល់​ហិរញ្ញប្បទាន​​ទៅ​ដល់​គម្រោង​បណ្តាញ​បញ្ជូន​អគ្គិសនី​របស់​ក្រុមហ៊ុន​ Cambodian Transmission Limited (CTL)។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​​​បាន​ឲ្យ​ដឹង​ថា ធនាគារ Mizuho Bank បាន​សហការ​ជាមួយ​ធនាគារ​ ING Bank NV ផ្ដល់​កម្ចី​​ចំនួន​ ៥៥ ​លាន​ដុល្លារ ​សម្រាប់​គម្រោង​​បញ្ជូន​ថាមពល​នៅ​កម្ពុជា ដើម្បី​​ឆ្លើយ​តប​នឹង​តម្រូវការ​អគ្គិសនី​ដែល​កំពុង​កើន​ឡើង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា គម្រោង​នេះ​ត​ភ្ជាប់​អនុស្ថានីយ ​២ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​​កំពង់ចាម ជាមួយ​នឹង​ខ្សែ​ថាមពល​សរុប​ ២៣០ ​គីឡូវ៉ុល ដែល​មាន​​ប្រហែល​សរុប​ជាង ១០០ ​គីឡូម៉ែត្រ​។ «​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា ​បាន​ជំរុញ​ឲ្យ​មាន​​កំណើន​តម្រូវការ​ការ​ផ្គត់ផ្គង់​​ថាមពល​ប្រកប​ដោយ​ស្ថិរភាព។​ ​វិស័យ​ថាមពល​នៅ​ពេល​នេះ​​ គឺ​ជា​វិស័យ​ដ៏​សំខាន់​នៅ​ក្នុង​​គោល​នយោបាយ​សេដ្ឋកិច្ច»។ នេះ​បើ​​តាម​​សេចក្ដី​​ប្រកាស​ព័ត៌មាន​។​​

ធនាគារ​ទាំង ២ បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃទី ១២​ ខែ​មីនា លើ​កម្ចី​រយៈពេល ​១០ ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​​ CTL​។

ខ្សែ​បញ្ជូន​ថាមពល​នៅ​កម្ពុជា​ ​គ្រប់គ្រង​ទាំង​មូល​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ HNG Capital Sdn Bhd ដែល​បាន​ចាប់​ផ្ដើម​គម្រោង​បញ្ជូន​ថាមពល​ទៅ​តំបន់​ជាយ​ទីក្រុង​ភ្នំពេញ ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​រយៈពេល​ ២៥ ​ឆ្នាំ​ ដែល​​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​​នឹង​អគ្គិសនី​កម្ពុជា ដែល​ជា​​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​គ្រប់គ្រង​ដោយ​រដ្ឋ​កាល​ពី​ខែ​សីហា​ ឆ្នាំ ​២០១៣។​​

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​៖ ​​«​ហិរញ្ញប្បទាន​កម្ចី​ថ្មី​របស់​យើង​ដល់​គម្រោង​នេះ គឺ​សហការ​​ផ្ដល់​ហិរញ្ញប្បទាន​ជាមួយ​ធនាគារ ING Bank N.V និង​ត្រូវ​បាន​គាំទ្រ​ការ​ធានា​​ហានិភ័យ​នយោបាយ​រយៈពេល​ ១០ ឆ្នាំ ​ពី​ទីភ្នាក់ងារ​ធានា​ការ​វិនិយោគ​ពហុភាគី (MIGA)​ របស់​ធនាគារ​ពិភព​លោក​ បន្ថែម​លើ​ការ​ធានា​ពី​រដ្ឋាភិបាល​កម្ពុជា​​លើ​រយៈពេល​នៃ​គម្រោង​នេះ​»។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា នេះ​ក៏​ជា​ការ​ធានា​លើក​ដំបូង​របស់ MIGA ​នៅ​កម្ពុជា​។

លោក វិចទ័រ ហ្សូនា អ្នក​នាំពាក្យ​ក្រសួង​​រ៉ែ និង​ថាមពល ​បាន​ឲ្យ​ដឹង​​កាល​ពី​លើក​មុន​ថា តម្រូវការ​អគ្គិសនី​​នឹង​កើន​ឡើង​ជា​មធ្យម​ពី ​១៦ ទៅ ១៨ ​ភាគរយ​ប្រចាំ​ឆ្នាំ​ ទោះបី​ជា​វា​បាន​កើន​ឡើង ​២៥ ​ភាគរយ ​កាល​ពី​ឆ្នាំ​មុន​ធៀប​នឹង​ឆ្នាំ ​២០១៨ ​ក៏​ដោយ​។ លោក​បន្ត​ថា ​ប្រទេស ​កម្ពុជា នៅ​ពេល​​បច្ចុប្បន្ន​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ប្រហែល​ពី ​៧០-​៨០ ​ភាគរយ ​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ស្រុក​សរុប។

កម្ពុជា​ផលិត​អគ្គិសនី ​១១ ២៦១ គីឡូវ៉ាត់​ម៉ោង​ កាល​ពី​ឆ្នាំ​មុន​កើន​ឡើង ​២១ ​ភាគរយ​ បើ​ធៀប​នឹង​ ៩ ​៤២៧ ​គីឡូវ៉ាត់​ម៉ោង ​កាល​ពី​ឆ្នាំ ​២០១៨។ នេះ​​បើ​យោង​តាម​ក្រសួង​រ៉ែ៕ ​LA​