ភ្នំពេញៈ ផ្ទះបាយ​ចល័ត ឬ Mobile Kitchen ដ៏ទំនើប​មួយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ចុង​ខែ​សីហា​មុន ដោយ​ចុងភៅ សេង ហុកហេង ខណៈ​ផ្ទះបាយ​ចល័ត​នេះ​កំពុង​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ជាច្រើន​ពី​សំណាក់​អ្នក​មាន​បំណង​រៀបចំ​ពិធី​ផ្សេងៗ​។

ផ្ទះបាយ​ចល័ត​ដែល​មាន​តម្លៃ​ប្រមាណ ៥ ​ម៉ឺន​ដុល្លារ និង​មាន​សមត្ថភាព​បម្រើ​អាហារ​ភ្ញៀវ​ចំនួន ២០០ ​នាក់​ក្នុង ១ ​កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​ទូកុងតឺន័រ​មួយ​ដែល​មាន​កម្ពស់ ៤,៤ ​ម៉ែត្រ បណ្តោយ ៦,៨ ​ម៉ែត្រ និង​ទទឹង ២,៤ ​ម៉ែត្រ​ (​អាច​ពង្រីក​ដល់ ៦,៨ ​ម៉ែត្រ​)​។

ផ្ទះបាយ​ចល័ត មាន​បំពាក់​នូវ​ឧបករណ៍​ដែល​មាន​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ដូចជា ចង្ក្រាន​ខ្យល់​ប្រើ​ឧស្ម័ន​ហ្គាស ដែល​ផ្តល់​កម្តៅ​ខ្លាំង​ចំនួន​ ២ ចង្ក្រាន​ខ្ទះត្នោត​ ៤ ចង្ក្រាន​អេឡិចត្រូនិក ធុង​ស្តុកទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះបាយ ម៉ាស៊ីនបូមទឹក និង​ខ្យល់​ចេញ-ចូល ម៉ាស៊ីន​បូមទឹក​កខ្វក់​ចេញ កន្លែង​លាង​បន្លែ ទូក្លាស្សេ ទូ​ចំហុយ និង​សម្ភារ​បង្ការ​គ្រោះ​អគ្គិភ័យ ជាដើម​។

លោក ទូច រដ្ឋា នាយក​គ្រប់គ្រង​ចុងភៅ សេង ហុកហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ជាទូទៅ​នៅពេល​ត្រូវការ​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ​ក្នុង​ពិធី​អ្វីមួយ គេ​តែង​ធ្វើ​រោង​ចុងភៅ​ដើម្បី​ចម្អិន​ម្ហូបអាហារ ប៉ុន្តែ​ឆ្លងកាត់​បទពិសោធ​បម្រើ​សេវាកម្ម​នេះ​ជាច្រើន​ឆ្នាំ​រួច​មក​ចុងភៅ សេង ហុកហេង បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ថ្មី​ ១ ​ទៀត​គឺ​ផ្ទះបាយ​ចល័ត​ដែល​ត្រូវបាន​រៀបចំ​ក្នុង​ទូ​កុងតឺន័រ​តែម្តង​។ ផ្ទះបាយ​ចល័ត​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​ ២២ ខែសីហា ឆ្នាំ​ ២០២០​។

លោក​បន្តថា ការរៀបចំ​ផ្ទះបាយ​ក្នុង​ទូកុងតឺន័រ​បែបនេះ មិន​ត្រឹម​តែ​មាន​ភាពងាយស្រួល​សម្រាប់​ការចល័ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វីដែល​មាន​លក្ខណពិសេស​នោះ គឺ​ភាព​ឆាប់រហ័ស និង​ស្តង់ដា​អនាម័យ​ខ្ពស់​ផងដែរ​។

លោក​ថ្លែងថា​៖ «​ផ្ទះបាយ​ចល័ត​នេះ គឺជា​នវានុវត្តន៍​ថ្មី​មួយ (​គំនិត​ច្នៃប្រឌិត​ខ្ពស់​) ​ដើម្បី​ធ្វើ​ទំនើបកម្ម និង​ជា​ការចាប់ផ្តើម​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស និង​លក្ខខណ្ឌ​ការងារ​ក្នុង​កន្លែង​ធ្វើ​ជា​ចុងភៅ​ចល័ត​»​។

លោក​បន្ថែមថា ផ្ទះបាយ​ចល័ត​មិន​ត្រឹមតែ​មិន​ត្រូវការ​ទីតាំង​សង់រោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​មិន​បង្ក​ឲ្យ​មាន​ជា​សំណល់​ផ្សេងៗ និង​សំរាម​នៅ​រាយប៉ាយ​នៅ​ទីតាំង​ក្បែរៗ​នោះ​ទៀតផង​។ លោក​បន្តថា​៖ «​ផ្ទះបាយ​ចល័ត​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ជុំវិញ​កន្លែង​រៀបចំ​ពិធី​ឡើយ​»​។

បច្ចុប្បន្ន​ផ្ទះបាយ​ចល័ត​នេះ​ក៏​ត្រូវបាន​អតិថិជន​ជួល​ឲ្យ​ទៅ​បម្រើ​សេវាកម្ម​ម្ហូបអាហារ​នៅ​តាម​បណ្តា​ខេត្ត​ផងដែរ​។ នេះ​បើ​តាម​លោក រដ្ឋា​។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​បាន​ទៅ​ទស្សនា​ផ្ទះបាយ​ចល័ត​របស់​ចុងភៅ សេង ហុកហេង កាលពី​ពេល​ថ្មីៗ​នេះ​បាន​ទទួលស្គាល់​ថា ផ្ទះបាយ​ក្នុង​កុងតឺន័រ​នេះ​ពិតជា​ល្អ និង​មាន​គុណភាព​អនាម័យ​ខ្ពស់​កម្រិត​ស្តង់ដា​។

យោង​តាម​លោក រដ្ឋា ជាមួយ​នឹង​ផែនការ​ផ្តល់នូវ​ផ្ទះបាយ​ដ៏ទំនើប និង​មាន​អនាម័យ​ខ្ពស់​ដល់​ប្រជាជន​ខ្មែរ ព្រម​ជាមួយ​នឹង​ការវិវឌ្ឍ​របស់​សង្គម​នោះ ចុងភៅ សេង ហុកហេង ក៏មាន​ផែនការ​នឹង​បន្ថែម​ផ្ទះបាយ​ទំនើប​នេះ​ចំនួន ៥ ទៀត​ផង​ដែរ​៕ LA