
គម្រោងសាងសង់ ដែលជាកាវិនិយោគរបស់ចិននៅក្រុងព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន Moody''s Investors Services បានឲ្យដឹងថា កម្ពុជាដែលនៅតែរក្សាបានចំណាត់ថ្នាក់ឥណទានស្ថិរភាព B2 ជាប្រទេសមួយ ដែលនឹងទទួលបានសក្ដានុពលធំបំផុតសម្រាប់កំណើនសេដ្ឋកិច្ចពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេស ចិន។ នេះបើយោងតាមការស្រាវជ្រាវរបស់ខ្លួន។
ក្នុងរបាយការណ៍ស្រាវជ្រាវថ្មីមួយនេះ Moody បានផ្ដោតលើសក្ដានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែង និងហានិភ័យស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលខ្លី និងរយៈពេលមធ្យម របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្ដាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍មធ្យមទាំង ១២ នៅអាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីកណ្ដាល។
Moody បានឲ្យដឹងថា កម្ពុជាកំពុងស្ថិតក្នុងចំណោមបណ្ដាប្រទេសទាំងនោះ ដែលនឹងទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពលធំបំផុតសម្រាប់កំណើនសេដ្ឋកិច្ចពីគម្រោងនេះ។
លោក William Foster អនុប្រធាន និងជាមន្ដ្រីឥណទានជាន់ខ្ពស់របស់ Moody បានឲ្យដឹងនៅក្នុងការស្រាវជ្រាវនេះថា ខណៈ BRI ផ្ដោតភាគច្រើនលើការវិនិយោគលើគម្រោងដឹកជញ្ជូន និងគម្រោងថាមពលធំៗ ដែលភ្ជិតគម្លាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ គម្រោងនេះជួយបង្កើនសមត្ថភាពផលិតភាព និងរួមចំណែកដល់សក្ដានុពលកំណើនរយៈពេលខ្លី និងកំណើនរយៈពេលវែង នៅក្នុងបណ្ដាប្រទេសអ្នកទទួល។
លោកថ្លែងថា៖ «យើងមើលឃើញកំណើនសេដ្ឋកិច្ចដែលមានសក្ដានុពលធំបំផុតសម្រាប់ប្រទេស ប៉ាគីស្ថាន ម៉ុងហ្គោលី កាហ្សាក់ស្ថាន និងកម្ពុជា»។
ប៉ុន្តែ Moody ក៏ព្រមានប្រទេសដែលពឹងផ្អែកខ្លាំងពេកលើមូលនិធិរបស់ប្រទេស ចិន ដោយលើកឡើងថា ខណៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិនគាំទ្រកំណើនជំរុញដោយហេដ្ឋារចនាសម្ព័ន្ធ គម្រោងនេះអាចបន្ថែមហានិភ័យសារពើពន្ធ និងហានិភ័យខាងក្រៅសម្រាប់ប្រទេសទន់ខ្សោយ។
Moody បានឲ្យដឹងថា៖ «ការអនុវត្តគម្រោងគ្មានប្រសិទ្ធភាព និងអវត្តមានម៉ាក្រូសេដ្ឋកិច្ច និងលក្ខខណ្ឌតម្រូវកែទម្រង់រចនាសម្ព័ន្ធ នៅក្នុងកម្ចីរបស់ប្រទេស ចិន ជាច្រើន អាចកាត់បន្ថយអត្ថប្រយោជន៍ឥណទានរយៈពេលវែងសម្រាប់ប្រទេសមួយចំនួន»។
លោកអគ្គនាយក និងជាប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជា (BRIC) បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ខណៈពេលនេះប្រទេស ចិន កំពុងប្រឈមនឹងសម្ពាធខ្លាំង ពិសេសពីអាមេរិក ប្រទេសកម្ពុជាផ្ញើសារវិជ្ជមានមួយទៅប្រទេស ចិន ហើយកម្ពុជាអាចទទួលបានកាន់តែច្រើនពីប្រទេស ចិន។ លោកថ្លែងថា៖ «ខ្ញុំចាប់អារម្មណ៍ការចរចាដ៏ល្អ ដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន»។
លោក Suzuki បានឲ្យដឹងថា ទាក់ទងនឹង «អន្ទាក់បំណុល» ប្រទេស កម្ពុជា ខុសគ្នាពីបណ្ដាប្រទេសផ្សេងទៀត ដូចជាប្រទេស ម៉ាល់ឌីវ ប៉ាគីស្ថាន និងស្រីលង្កា។
លោកថ្លែងដោយសំដៅដល់តួលេខដែលបង្ហាញនៅក្នុងព្រឹត្តិបត្រព័ត៌មានស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីខែមីនាមុនថា៖ «កម្រិតបំណុលរបស់ប្រទេស កម្ពុជា គឺទាបខ្លាំងនៅឡើយ»។
ដោយលើកឡើងពីឧទាហរណ៍ នៃគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលមានតម្លៃប្រមាណ ២ ពាន់លានដុល្លារ លោក Suzuki បានឲ្យដឹងថា ការចំណាយត្រូវរ៉ាប់រងដោយក្រុមហ៊ុនឯកជនរបស់ចិន ហើយរដ្ឋាភិបាលកម្ពុជាមិនពាក់ព័ន្ធនឹងបំណុលនេះទេ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីចៀសផុតពីការកើនឡើងបំណុលតាមរយៈការប្រើប្រាស់វិធីសាស្ដ្រសាងសង់ ប្រតិបត្តិការ ផ្ទេរ (BOT)»។ ទោះបីយ៉ាងនេះក្តីលោកលើកឡើងថា មានការបារម្ភខ្លះ ដោយសារតែការវិនិយោគរបស់ប្រទេស ចិន និងការផ្ដល់កម្ចីកំពុងកើនឡើង។
លោកថ្លែងថា៖ «ប្រជាជននៅក្រុងព្រះសីហនុ កំពុង ប្រឈមនឹងការពិបាកដូចជាកំណើនកម្ចី សម្ពាធដ៏ខ្លាំងសម្រាប់ការរកទីតាំងថ្មី ដោយការវិនិយោគរបស់ចិន បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខ»។ លោកបន្តថា៖ «វាត្រូវបានគេនិយាយថា វាជាប្រភពនាំឲ្យមានកំហឹងកើតឡើង។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាចមានវិធានការមួយចំនួន ដើម្បីចៀសពីការផ្ទុះកំហឹងរបស់ប្រជាជន»។
សម្រាប់ប្រទេស កម្ពុជា ការវិនិយោគរបស់គម្រោង BRI ត្រូវបានផ្ដោតភាគច្រើនលើវិស័យថាមពល ទាំងវារីអគ្គិសនី និងរោងចក្រថាមពលដំណើរការដោយធ្យូងថ្ម និងគម្រោងដឹកជញ្ជូន។
ជារួម កំណើនការវិនិយោគរបស់ប្រទេស ចិន នៅក្នុងវិស័យថាមពលរបស់ប្រទេស កម្ពុជា សរុបជាង ១១,៥ ពាន់លានដុល្លារ ឬ ៩០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ ២០១៨ ក្នុងនោះប្រហែល ៥,៣ ពាន់លានដុល្លារ កើតឡើងចាប់តាំងពីឆ្នាំ ២០១៣។ នេះបើយោងតាមក្រុមហ៊ុន Moody។
Moody បានបន្ថែមថា៖ «យើងរំពឹងថា គម្រោងវិស័យថាមពលនឹងជួយកាត់បន្ថយបញ្ហាផ្នែកផ្គត់ផ្គង់ គម្រោងដឹកជញ្ជូនមួយចំនួនកំពុងដំណើរការដែលរួមមានផ្លូវល្បឿនលឿនភ្នំពេញ និងក្រុងព្រះសីហនុ មានតម្លៃ ២ ពាន់លានដុល្លារ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងការចំណាយលើការចរាចរទំនិញទៅកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេស កម្ពុជា»។
Moody បញ្ជាក់ថា៖ «ជារួមយើងជឿជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជួយបង្កើនសក្ដានុពលកំណើនរបស់ប្រទេស កម្ពុជា»។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ខណៈម្ចាស់ជំនួយផ្សេងទៀត មិនបានធ្វើគ្រប់គ្រាន់ក្នុងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស កម្ពុជា ដែលត្រូវបានបំផ្លាញដោយសង្គ្រាមស៊ីវិលរយៈពេល ៣ ទសវត្សរ៍ និងបានផ្ដោតភាគច្រើនតែលើហេដ្ឋារចនាសម្ព័ន្ធទន់ ប្រទេស ចិន ជាអ្នកជួយដល់កិច្ចការនេះ។
លោកថ្លែងថា៖ «កម្ពុជាកំពុងទទួលអត្ថប្រយោជន៍ពីការវិនិយោគរបស់ប្រទេស ចិន មកដល់ពេលនេះ ដែលរួមមានគម្រោង BRI នៅក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ដែលជាអាទិភាពឈានមុខគេមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច»។
លោកបន្តថា៖ «ពេលអនាគត ប្រទេស កម្ពុជា នឹងនៅតែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការបង្កើនសមត្ថភាពបុគ្គល និងស្ថាប័ន ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងដោយស្មើភាព និងប្រសើរ នៃគម្រោងទាំង-នេះ ដែលបានផ្ដល់ហិរញ្ញប្បទានដោយចិន និងប្រភពផ្សេងទៀត»។
ទោះបីយ៉ាងនេះក្តី លោកបានឲ្យដឹង ថា ហានិភ័យនៅតែមាន រួមទាំងការពឹងផ្អែកខ្លាំងពេកលើប្រទេស ចិន និងបំណុលនៅក្នុងរយៈពេលវែង៕ LA