ភ្នំពេញៈ ភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន Moody''s Investors Service Inc បាន​រក្សា​ការ​ព្យាករ​របស់ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំនេះ​នៅក្នុង​អត្រា​ជា​មធ្យម​ ៥,៥ ​ភាគរយ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ក្រុមហ៊ុន​នេះ​កាលពី​ថ្ងៃ​អង្គារ​។

Moody បាន​ឲ្យ​ដឹងថា អត្រា​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សេចក្ដី​សម្រេចចិត្ត​ពេល​ថ្មីៗ​របស់​គណៈកម្មការ​អឺរ៉ុប​ (EC) ក្នុង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ១ ​ភាគ​ ៥ ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប ខណៈ​ផលប៉ះពាល់​អវិជ្ជមាន​នឹង​អាច​កើត​ឡើងលើ​វិស័យ​ទេសចរណ៍​ពី​ការរីក​រាលដាល​នៃ​វីរុស Covid-19 ជា​ជំងឺ​ដែល​បណ្ដាល​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​។

Moody ក៏បាន​រក្សា​ការផ្ដល់​ចំណាត់ថ្នាក់​ឥណទាន​របស់​កម្ពុជា​ក្នុង​កម្រិត B2 ជាមួយ​នឹង​ចក្ខុវិស័យ​ប្រកប​ដោយ​ស្ថិរភាព​។

ការព្យាករ​ឆ្នាំ​ ២០២០ របស់​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ពិភពលោក​មួយ​នេះ​បាន​ខុស​គ្នា​ពី​ការព្យាករ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ថា​នឹងមាន​កំណើន​សេដ្ឋកិច្ច ៦,៥ ​ភាគរយ ខណៈ​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ធនាគារ​ពិភពលោក​ក្នុង​រង្វង់ ៦,៨ ​ភាគរយ​។

រួមផ្សំ​ជាមួយ​នឹង​ការព្យួរ​ផ្នែក​ខ្លះ​នៃ EBA ការបង្កើន​ប្រាក់​ឈ្នួល​ប្រចាំខែ​អប្បបរមា​របស់​កម្ពុជា និង​ការដាក់​សម្ពាធ​ធៀប​នឹង​សមត្ថភាព​ប្រកួតប្រជែង​ដែល​នឹង​កាត់បន្ថយ​ភាពទាក់ទាញ​របស់ខ្លួន ដោយសារ​តែ​មូលដ្ឋាន​ផលិត​នឹង​រារាំង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI) ​ថ្មីៗ​។ នេះ​បើ​យោងតាម Moody​។

Moody បន្តថា​៖ «​លំហូរ​ចូល FDI ប្រកប​ដោយ​និរន្តរភាព ដោយ​យ៉ាងហោចណាស់​មាន​សារៈសំខាន់​ក្នុង​ការផ្ដល់​មូលនិធិ​មួយផ្នែក​ដល់​ឱនភាព​គណនី​ចរន្ត​ដែល​កើនឡើង​។ FDI និង​ការវិនិយោគ​ក្នុងស្រុក​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​ជា​កត្តា​ជំរុញ​ដ៏សំខាន់​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​នៅពេល​ថ្មីៗ​របស់​កម្ពុជា​។

Moody បាន​បញ្ជាក់ថា​៖ «EU គឺជា​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា និង​ជា​អតិថិជន​ធំជាងគេ​សម្រាប់​សម្លៀកបំពាក់ និង​វាយនភណ្ឌ​របស់ខ្លួន ដែល​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ឥណទាន​អវិជ្ជមាន​»​។

ការព្យួរ​មួយផ្នែក​ដែល​មិនទាន់​ត្រូវ​បានផ្ដល់​សច្ចាប័ន​ដោយ​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប គឺ​គ្រោង​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​ ១២ ​ខែ​សីហា បន្ទាប់ពី​បាន​សម្រេច​កាលពី​ថ្ងៃទី​ ១២ កុម្ភៈ​។

ភ្នាក់ងារ​នេះ​បាន​បន្តថា កាលពី​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​បាន​បង្កើន​ប្រាក់​ឈ្នួល​ប្រចាំខែ​អប្បបរមា សម្រាប់​កម្មករ​កាត់ដេរ និង​ស្បែកជើង​ពី​ ១៧០ ​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨ ដល់ ​១៨២ ​ដុល្លារ និង​ពី​ ១៥៣ ​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៧​។ រដ្ឋាភិបាល​គ្រោង​នឹង​បង្កើន​ប្រាក់​ឈ្នួល​ដល់​ ២៥០ ​ដុល្លារ​ ត្រឹម​ឆ្នាំ​ ២០២៣​។

ផ្ទុយទៅវិញ​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់ ដូចជា​ប្រទេស​បង់ក្លាដែស និង​វៀតណាម​ទទួល​អត្ថប្រយោជន៍​ពី​ទំហំ​សេដ្ឋកិច្ច​ក្នុង​ការផលិត​សម្លៀកបំពាក់​ច្រើន​ជាង​កម្ពុជា និង​ការចំណាយ​លើ​កម្លាំង​ពលកម្ម​កាន់តែ​ទាប​។

ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់ដេរ​រួមចំណែក ១១ ​ភាគរយ ​នៃ GDP របស់​ប្រទេស​កម្ពុជា និង​ជា​កត្តា​ជំរុញ​មួយ​នៃ​កំណើន​ដ៏សំខាន់​របស់​សេដ្ឋកិច្ច​។ ប្រហែល​ ៤៥ ​ភាគរយ ​នៃ​ការនាំចេញ​សរុប​របស់​ខ្លួន​កាលពី​ឆ្នាំ​ ២០១៨ គឺ​ទៅ​អឺរ៉ុប​ដែល​ជិត​ ៩៦ ​ភាគរយ​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការអនុគ្រោះ​ពន្ធ​នាំចូល​ពាណិជ្ជកម្ម EBA​។

ផ្អែកលើ​ការគណនា​របស់ Moody ដែល​ប្រើប្រាស់​ស្ដង់ដា​ពន្ធ​នាំចូល​របស់​អឺរ៉ុប ពន្ធ​ជា​មធ្យម​ស្ថិតក្នុង​អត្រា​ ១២ ​ភាគរយ​ សម្រាប់​សម្លៀក​បំពាក់ និង​ ១៦ ​ភាគរយ ​សម្រាប់​ស្បែកជើង​ដែល​ការព្យួរ ២០ ​ភាគរយ​ នៃ EBA នេះ​នឹង​ធ្វើឲ្យ​កម្ពុជា​ខាតបង់​ប្រមាណ​ជាង ១០០ ​លាន​ដុល្លារ​។

Moody ឲ្យ​ដឹងថា​៖ «​ដោយសារ​ការអភិវឌ្ឍ​ទាំងនេះ និង​ទំនង​ជា​ផលប៉ះពាល់​អវិជ្ជមាន​លើ​ទេសចរណ៍ និង​ការប្រើប្រាស់ ព្រោះ​ការរីក​រាលដាល​វីរុស​កូរ៉ូណា ការ​ព្យាករ​កំណើន​របស់​យើង​សន្មត​ក្នុង​ចំនួន​មធ្យម​ ៥,៥ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០ ធៀប​នឹង ៧ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៩»៕LA

Sangeetha Amarthalingam