ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទនៅថ្ងៃទី ១៥ ខែតុលានេះបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនសមាគមឯកជននានាយ៉ាងហោចណាស់ ៦ លើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងជំរុញខ្សែចង្វាក់តម្លៃបន្លែសុវត្ថិភាពតាមស្តង់ដាការអនុវត្តកសិកម្មល្អ (GAP) ដើម្បីបំពេញតម្រូវការបន្លែក្នុងស្រុក និងឆ្ពោះទៅនាំចេញ។
ការចុះអនុស្សរណៈនោះត្រូវបានធ្វើឡើងរវាងរដ្ឋ និងក្រុមហ៊ុនឯកជន ព្រមទាំងក្រុមហ៊ុនឯកជនជាមួយបណ្តាសមាគមផ្សេងៗដែលប្រើប្រាស់បន្លែ ដូចជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា ព្រមទាំងក្រុមហ៊ុនភូមិកសិករធម្មជាតិដែលជាក្រុមហ៊ុនចែកបន្លែសុវត្ថិភាព ក្រុមហ៊ុន Tropicam Irrigation Solutions Co. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកសិកម្មទំនើប និង តំណាងកសិករគំរូមកពីបណ្តាខេត្តមួយចំនួនផងដែរ។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានថ្លែងក្នុងពិធីចុះ MoU កាលពីថ្ងៃពុធថានេះជាសមិទ្ធផលថ្មីមួយទៀតដែលជាកិច្ចខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្មក្នុងការឆ្លើយតបទៅនឹងគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទំនើបកម្មកសិកម្ម និងការពង្រឹងខ្សែចង្វាក់តម្លៃដំណាំបន្លែរបស់កម្ពុជា។
លោកថ្លែងថា៖ «ការវិនិយោគពីវិស័យឯកជនជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពបន្លែ ព្រមទាំងការធ្វើទំនើបកម្មកសិកម្ម»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd បានថ្លែងក្នុងពិធីនេះថា ក្រុមហ៊ុនបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពនៅក្នុងស្ថានីយពិសោធន៍កសិកម្មបន្ទាយដែកស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ លើផ្ទៃដីចំនួន ៦ ហិកតា។
លោកជឿថាមជ្ឈមណ្ឌលនេះនឹងជួយជំរុញផលិតកម្មបន្លែ ស្លឹក ផ្លែឈើ មើម ប្រកបដោយសុវត្ថិភាពតាមស្តង់ដា GAP ព្រមទាំងគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបបម្រើឱ្យវិស័យបន្លែសុវត្ថិភាព។
លោកថ្លែងថា៖ «ពិធីចុះហត្ថលេខានេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនានាក្នុងវិស័យបន្លែមកផ្តោតជាសំខាន់ការផលិតបន្លែសុវត្ថិភាពដែលមានស្តង់ដាត្រឹមត្រូវរហូតដល់មានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័នសាធារណៈ»៕ LA