ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្រុមហ៊ុន Huawei នៅកម្ពុជា បានចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G ដល់កម្ពុជាដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលជាគោលដៅរបស់រដ្ឋាភិបាលក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ការចុះហត្ថលេខាត្រូវបានធ្វើឡើងរវាង លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេស កម្ពុជា ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។
លោក ត្រាំ អ៊ីវតឹក បានថ្លែងថា ខណៈដែលប្រទេស កម្ពុជា ទទួលបាននូវកំណើនរឹងមាំ និងមានស្ថិរភាពក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះជាមួយនឹងការលេចចេញនូវសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី ៤ ហើយប្រទេសកម្ពុជាត្រូវតែពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីទ្រទ្រង់កំណើនដ៏ខ្ពស់ និងរឹងមាំជាមួយចក្ខុវិស័យយូរអង្វែង។
លោក ត្រាំ អ៊ីវតឹក បានឱ្យដឹងទៀតថា៖ «ក្រសួងប្រៃសណីយ៍មានតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់រដ្ឋាភិបាលដើម្បីសម្រេចបាននូវចក្ខុវិស័យគោលនយោបាយជាយុទ្ធសាស្ត្រដើម្បីទទួលបាននូវសេដ្ឋកិច្ចឌីជីថល ក៏ដូចជាត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤»។
លោកបន្ថែមថា «ផលិតផល និងសេវាកម្មដែលប្រគល់ជូនក្រសួងប្រៃសណីយ៍ ថ្ងៃនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាអតិបរមាប្រកបដោយប្រសិទ្ធភាព ហើយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និង Huawei នឹងរីកចម្រើនកាន់តែខ្លាំងឡើងៗថែមទៀត»។
លោក Yao បានឲ្យដឹងដែរថាក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ឈានមុខគេលើពិភពលោក និងជាអ្នកទទួលខុសត្រូវសង្គមនៅកម្ពុជា Huawei បានឆ្លើយតបយ៉ាងសកម្មទៅតាមរដ្ឋាភិបាលកម្ពុជា ដើម្បីជ្រោមជ្រែងដល់យុទ្ធសាស្ត្រឌីជីថលកម្ពុជា និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ការបណ្តុះបណ្តាល ទេពកោសល្យឌីជីថល។
លោក Yao បានបន្ថែមទៀតថា៖ «ផ្អែកលើកិច្ចព្រមព្រៀងពីមុនរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយផ្តល់សម្ភារបរិក្ខារ និងសេវាកម្មសម្រាប់មជ្ឈមណ្ឌលទិន្នន័យខា្នតតូច ប្រព័ន្ធវីដេអូនៃសន្និសីទ និងកុំព្យូទ័រយួរដៃម៉ាក Huawei សម្រាប់ការិយាល័យរដ្ឋាភិបាលថ្នាក់កណ្តាល និងខេត្ត»។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចឌីជីថលនៅថ្ងៃទី ១១ ខែមីនា ឆ្នាំមុនថា បច្ចេកវិទ្យាឌីជីថលនឹងផ្តល់ឱកាសដល់ប្រទេស កម្ពុជា ដើម្បីឈានដល់ដំណាក់កាលឈានទៅមុខនៃការអភិវឌ្ឍ ប៉ុន្តែកម្ពុជាត្រូវការពេលយ៉ាងហោចណាស់ ១០ ឆ្នាំដើម្បីធ្វើឲ្យការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថលពេញលេញ។
កាលពីឆ្នាំមុនរដ្ឋាភិបាលបានផ្តល់ថវិកា ៥ លានដុល្លារ ដើម្បីជំរុញការចាប់ផ្តើមឌីជីថលសម្រាប់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលរំពឹងថានឹងមានកត្តាជំរុញថ្មីសម្រាប់កំណើនរយៈពេលវែង៕