ភ្នំពេញ: ក្រុមហ៊ុន Muuve ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ក្នុងស្រុក​បានប្រកាស​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​មូលធន​វិនិយោគ​រួម Ooctane គ្រប់គ្រង​ដោយ WorldBridgeGroup ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​នៅ​កម្ពុជា​។ នេះ​បើតាម​នាយកប្រតិបត្តិ​ក្រុមហ៊ុន Muuve​។

លោក ប៉ាញ ផានិត្យ នាយកប្រតិបត្តិ​ក្រុមហ៊ុន​ Muuve បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​លោក​ចង់​ផ្តល់​ឲ្យ​អតិថិជន​នូវ​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​ប្រភេទ​ថ្មី​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​យើង​ផ្ដោត​សំខាន់​ទៅលើ​ការផ្ដល់​សេវាកម្ម​អតិថិជន​ប្រកប​ដោយ​ភាព​ងាយស្រួល​នៅក្នុង​កម្មវិធី App របស់​យើង​ដូចជា​ការដាក់​ទីតាំង​នៅលើ​ផែនទី​ដែល​អ្នក​ចង់​ឲ្យ​យើង​ដឹកជញ្ជូន​អាហារ​ទៅ​ឲ្យ​គ្រប់​ទីកន្លែង​។ យើង​សង្កេតឃើញថា អតិថិជន​ពិតជា​ពេញចិត្ត​ចំពោះ​ព័ត៌មាន​លម្អិត​ដូចនេះ ជាពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​អាសយដ្ឋាន​ពិបាក​រក​»​។

លោក សៀ ឫទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridgeGroup និយាយថា ការយកចិត្ត​ទុកដាក់​របស់​ក្រុមហ៊ុន Muuve ចំពោះ​ការផ្តល់​សេវាកម្ម​ល្អ​ដល់​អតិថិជន​នូវ​ជម្រើស​អាហារ​ជាច្រើន​មុខ​ និង​បុគ្គលិក​ប្រកប​ដោយ​ទេពកោសល្យ​ គឺជា​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​ប្លែក​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ផ្សេងទៀត​។ លោក​ថ្លែងថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ស្វាគមន៍ Muuve ចូលមក​កាន់ WorldBridgeGroup ហើយ​យើង​នឹង​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ធនធាន និង​បណ្តាញ​យើង​ដែល​មាន​ដើម្បី​គាំទ្រ និង​ជួយ​ពួកគេ​»​។

លោក ជួន វឌ្បនៈ សហស្ថាបនិក និង​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ក្រុមហ៊ុន Muuve បាន​ឲ្យ​ដឹងថា​៖ «​ភាពខុសគ្នា និង​ចំណុច​ពិសេស​របស់​យើង​ពី​សេវាកម្ម​ដឹកជញ្ជូន​ម្ហូប​ផ្សេងៗ​ទៀត​គឺ យើង​ផ្តល់ជូន​នូវ​សេរីភាព​ក្នុងការ​ដឹកជញ្ជូន​របស់​ដៃគូ​ដឹកជញ្ជូន​របស់​យើង​ដែល​យើង​ហៅ​គាត់​ថា Muuvers​។ យើង​ផ្ដល់​ឱកាស​សម្រាប់​ពួកគេ​រកប្រាក់​ចំណូល​បន្ថែម​ដោយ​ទទួល​បាន​ការងារ​បន្ថែម​លើ​អ្វីដែល​ពួកគេ​ធ្វើ​ប្រចាំថ្ងៃ​»​។

លោក​បន្តថា​៖ «​យើង​បាននិង​កំពុង​រិះរក​ដំណោះស្រាយ​ជួយ Muuvers ក្នុងការ​ស្វែងរក​យាន​ជំនិះ​ឲ្យ​ពួកគាត់​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​អាហារ ប្រសិន​បើ​ពួកគេ​មិនទាន់​មាន​យានជំនិះ​ដរាបណា​ពួកគាត់ បង្ហាញ​ចំណាប់អារម្មណ៍​នៅក្នុង​ការចូលរួម​ជា​សមាជិក​គ្រួសារ Muuver របស់​យើង​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា Muuve ជា​កម្មវិធី App សេវាកម្ម​កុម្ម៉ង់ និង​ដឹកជញ្ជូន​អាហារ​ដែល​មាន​ការគាំទ្រ​ដល់​អាជីវកម្ម​ក្នុងស្រុក និង​ប្រជាជន​កម្ពុជា​តាមរយៈ​ការផ្តល់ជូន​នូវ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​សម្រាប់​សេវា ដើម្បី​សម្រួល​ដល់​របៀប​រស់នៅ​ពេលបច្ចុប្បន្ន​នេះ​។ Muuve ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​ត្រូវបាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រគល់​ពានរង្វាន់ «​ការចាប់ផ្តើម​អាជីវកម្ម​ប្រចាំឆ្នាំ​» នៅ​ឆ្នាំ​ ២០១៩៕LA