ភ្នំពេញៈ ក្រុមហ៊ុន MVL TADA (Cambodia) Co., Ltd មាន​គម្រោង​បញ្ចេញ​ថវិកា​ដំបូង​ប្រមាណ ២០ ​លាន​ដុល្លារ ​វិនិយោគ​លើ​ការសាងសង់​រោងចក្រ​ដំឡើង​ម៉ូតូកង់ ៣ (​តុក តុក​) ​ដែល​ដំណើរការ​ដោយ​អគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុជា ​នា​ចុង​ឆ្នាំ​ ២០២០ ឬ​ដើមឆ្នាំ​ ២០២១ ខាងមុខ ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ទីផ្សារ​ក្នុង​តំបន់​ផងដែរ​។

គម្រោង​នេះ​ត្រូវបាន​លើក​មក​បង្ហាញ​ក្នុង​ឱកាស​នៃ​ការជួប​ពិភាក្សា​គ្នា​រវាង​លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ជាមួយ​នឹង​លោក Kay Woo ស្ថាបនិក​ក្រុមហ៊ុន MVL នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ចន្ទ​។

MVL TADA (Cambodia) Co., Ltd គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង MVL និង​បាន​ចុះបញ្ជី​នៅ​កម្ពុជា កាលពី​ដើម​ឆ្នាំ​ ២០១៩​។

លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន TADA កំពុង​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ភាពរីកចម្រើន​របស់​ប្រទេស​កម្ពុជា ពិសេស​នារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ផលិតផល​ផ្នែក​សេវាកម្ម​ (TADA App) របស់​ក្រុមហ៊ុន​ក៏​កំពុង​ទទួល​បាន​នូវ​ភាពជោគជ័យ​យ៉ាងខ្លាំង​ផងដែរ​។

លោក​បាន​បន្តថា ជាមួយ​នឹង​ភាពជោគជ័យ​ទីផ្សារ​នេះ ក្រុមហ៊ុន​ក៏មាន​បំណង​ពង្រីក​ការវិនិយោគ​របស់ខ្លួន​លើ​ការសាងសង់​រោងចក្រ​ដំឡើង​ម៉ូតូកង់៣ នៅ​កម្ពុជា​ផង​ដែរ​។

លោក​ប្រាប់ថា​៖ «​ក្រុមហ៊ុន​កំពុង​ធ្វើ​ការវិវឌ្ឍ​ខ្លួន​ពី​សេវាកម្ម​ទៅ​កាន់​ការសាងសង់​រោងចក្រ​ដំឡើង​ម៉ូតូកង់៣​ដំណើរការ​ដោយ​អគ្គិសនី នៅ​កម្ពុជា​តែម្តង​នាពេល​ឆាប់ៗ​នេះ​»​។

លោក​លើកឡើង​ថា ក្នុង​នាម​ពលរដ្ឋ​ខ្មែរ លោក​ពិតជា​រីករាយ​ណាស់​ដែល​កម្ពុជា​កំពុង​ទទួល​បាន​នូវ​កំណើន​នៃ​អ្នក​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់ ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ភាពទាក់ទាញ​ច្រើន​សម្រាប់​ការវិនិយោគ​។

លោក ជីម ប៉ូលី ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន MVL TADA (Cambodia) Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​លើ​ការដាក់​ឲ្យ​ប្រើប្រាស់ (App) ​សេវា​កក់​យានយន្ត​ជំនិះ​ធ្វើ​ដំណើរ​នៅ​កម្ពុជា​រួចមក នៅពេល​នេះ​ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ការវិនិយោគ​ទៅលើ​ការសាងសង់​រោងចក្រ​ដំឡើង​ម៉ូតូកង់៣​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​បន្ថែមទៀត​។

លោក​បន្តថា ការសិក្សា​របស់​ក្រុមហ៊ុន​ទៅលើ​ទីតាំង​សម្រាប់​សាងសង់​រោងចក្រ​ដំឡើង​ម៉ូតូកង់៣ និង​ស្ថានីយ​បញ្ចូល​អគ្គិសនី​ដល់​យានយន្ត​ទាំងអស់ បាន​បញ្ចប់​ស្ទើរ​ទាំងស្រុង​ហើយ ដោយ​អាច​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​។

លោក​ប្រាប់ថា​៖ «​ក្រុមហ៊ុន​មាន​គម្រោង​បើក​ដំណើរការ​រោងចក្រ​ដំឡើង​ម៉ូតូកង់៣​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​នៅ​ចុងឆ្នាំ​នេះ ឬ​យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំក្រោយ ហើយ​ការប្រកាស​ដាក់លក់​នៅ​លើ​ទីផ្សារ​នឹង​ធ្វើ​នៅ​មុន​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ខាងមុខ​»​។

ទោះបី​យ៉ាងណា​លោក ប៉ូលី បាន​បដិសេធ​ក្នុង​ការផ្តល់​ព័ត៌មាន​ពី​ទីតាំង​ដែល​គ្រោង​នឹង​សាងសង់​រោងចក្រ​ថ្មី​នោះ​។

លោក​បាន​បន្ថែមថា គម្រោង​នេះ​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការបង្កើត​ការងារ​ថ្មីៗ​បន្ថែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការធ្វើឲ្យ​តម្លៃ​ម៉ូតូកង់៣​មាន​តម្លៃ​ទាប​ជាង​មុន ការចំណាយ​តិច ព្រម​ជាមួយ​នឹង​ការចូលរួម​ជួយ​ដល់​កិច្ចការពារ​បរិស្ថាន​ផងដែរ​។

បច្ចុប្បន្ន​ក្រុមហ៊ុន MVL ក៏​កំពុង​មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​វៀតណាម និង​សិង្ហបុរី​ផងដែរ​។ នេះ​បើ​យោង​តាម​លោក ប៉ូលី​៕ LA