ភ្នំពេញៈ NagaCorp ជាប្រតិបត្តិករ និងក្រុមហ៊ុនអភិវឌ្ឍន៍កាស៊ីណូដែលចុះបញ្ជីនៅផ្សារហ៊ុនហុងកុងជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនកាស៊ីណូ NagaWorld ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានប្រកាសថា ខ្លួននឹងបែងចែកភាគលាភ ១០០ ភាគរយនៃប្រាក់ចំណេញសុទ្ធដែលរកបាននៅឆមាសទី២ ឆ្នាំ ២០២០ ដល់ភាគទុនិកដែលស្មោះត្រង់ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩។
ការបែងចែកភាគលាភសម្រាប់ភាគទុនិកគឺមានចំនួន ១,៨៨ សេនដុល្លារ ក្នុង ១ ភាគហ៊ុន ដែលតំណាងឱ្យអនុបាតការបែងចែក ១០០ ភាគរយដោយពឹងផ្អែកលើប្រាក់ចំណេញសុទ្ធដែលរកបានអំឡុងឆមាសទី២ ឆ្នាំ ២០២០។
ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលចេញផ្សាយកាលពីថ្ងៃទី ៨ ខែមីនាថា៖ «ជាការផ្ដល់រង្វាន់ដល់ភាគទុនិកដែលជឿជាក់លើកំណើនរយៈពេលវែងរបស់ក្រុមហ៊ុននេះ ទោះបីជាពេលវេលាដ៏ពិបាកនៅថ្ងៃនេះ ក្រុមប្រឹក្សាភិបាល បានផ្ដល់អនុសាសន៍ឱ្យបែងចែកភាគលាភ ១០០ ភាគរយ ដែលមិនធ្លាប់មាននៃប្រាក់ចំណេញសុទ្ធ ដែលរកបានក្នុងអំឡុងពេលឆមាសទី២ ឆ្នាំ ២០២០ ជាភាគលាភចុងក្រោយគិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០»។
ក្រុមហ៊ុនបន្តថា ខ្លួននឹងរៀបចំកិច្ចប្រជុំរៀងរាល់ ៦ ខែម្តង ដើម្បីត្រួតពិនិត្យវាយតម្លៃ និងពេលវេលាដ៏សមរម្យ សម្រាប់កែតម្រូវគោលនយោបាយភាគលាភរបស់ខ្លួនស្របជាមួយប្រាក់ចំណូលក្រុមហ៊ុន សេដ្ឋកិច្ចពិភពលោក ស្ថានភាពជំងឺកូវីដ១៩។
ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ បានកំពុងប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោករួមទាំងកម្ពុជាបានបណ្ដាលឱ្យក្រុមហ៊ុន Naga បិទទ្វារបណ្ដោះអាសន្នរយៈពេល ៣ ខែកាលពីឆ្នាំមុន តែក្រុមហ៊ុនបានអះអាងថា ចំនួនករណីឆ្លងកូវីដ ១៩ ត្រូវបានទប់ស្កាត់បានល្អប្រសើរនៅកម្ពុជា។
ក្រុមហ៊ុន Naga បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្ដើមបើកដំណើរការជាថ្មីនៃអាជីវកម្មកាស៊ីណូកាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ ក្រុមហ៊ុនមួយនេះបានកត់ត្រាអត្រាការស្ទុះងើបឡើងវិញលើកដំបូង (បើធៀបនឹងអំឡុងពេលមុនការបិទដំណើរការកាលពីត្រីមាសទី១ ឆ្នាំ ២០២០) ប្រហែលជា ៩៥ ភាគរយនៃផ្នែកអតិថិជនលេងល្បែងទូទៅ និងប្រហែល ៦៩ ភាគរយនៃអ្នកលេងល្បែងវីអាយភី។
ចាប់តាំងពីការចាប់ផ្ដើមបើកដំណើរការជាថ្មីនៃអាជីវកម្មកាស៊ីណូកាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុននេះបានកត់ត្រាកម្រិតប្រកបដោយចីរភាពនៃការស្ទុះងើបឡើងវិញទំហំអាជីវកម្ម»៕ LA