ភ្នំពេញៈ​ ក្រុមហ៊ុន​កាស៊ីណូ​ Naga ​World​ បាន​បង្ហាញ​ពី​​ប្រាក់​ចំណេញ​សុទ្ធ​​កើន​ឡើង​យ៉ាង​ខ្លាំង​​កាល​ពី​ឆ្នាំ​មុន​ ​គឺ​ចំណេញ​បន្ទាប់​ពី​បង់​ពន្ធ​រួច​មាន​​​រហូត​​ ៣៩០,៦ លាន​ដុល្លារ​កាល​ពី​​ឆ្នាំ ២០១៨​ ​ស្ទើរ​តែ​​ប្រហាក់​ប្រហែល​នឹង​ប្រាក់​ចំណេញ​ ​១ ​ឆ្នាំ​ពេញ​របស់​គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ទាំង​អស់​បូក​បញ្ចូល​គ្នា​។

ក្រុមហ៊ុន NagaCorp ជា​ក្រុមហ៊ុន​មេ​របស់​​កាស៊ីណូ Naga World ​​បាន​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​​ហុងកុង​ ហើយ​បាន​​ចេញ​ផ្សាយ​​របាយការណ៍​​ហិរញ្ញវត្ថុ​​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ឆ្នាំ ​២០១៨ ដោយ​បាន​បង្ហាញ​ថា Naga World​ ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​​កើន​ឡើង​ ​៥៣ ​​​ភាគរយ​នៅ​ឆ្នាំ ២០១៨ ដែល​មាន​រហូត​ដល់​ទៅ ​៣៩០​,៦​ លាន​ដុល្លារ​។

ក្រុមហ៊ុន​ដែល​ទទួល​បា​ន​​សិទិ្ធ​វិនិយោគ​លើ​អាជីវកម្ម​កាស៊ីណូ​ផ្តាច់​មុខ​​តែ ​១ ​​គត់​នៅ​​​​​ទីក្រុង​​ភ្នំពេញ​​​មួយ​នេះ​ក៏​ទទួល​ បាន​​ប្រាក់​ចំណូល​ពី​ការ​លេង​ល្បែង​ដុល​ (GGR) រហូត​ដល់​ទៅ ​១,៤​ ពាន់​លាន​ដុល្លារ​កាល​​ពី​ឆ្នាំ ២០១៨ ​កើន​ឡើង​ ​៥៥ ​ភាគរយ​ធៀប​​​ឆ្នាំ ២០១៧​។

របាយ​ការណ៍​បង្ហាញ​ថា កាស៊ីណូ NagaCorp ​បាន​រាយការណ៍​​ពី​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ ​៨,​៨១ ​លាន​ដុល្លារ​​​កាល​ពី​ឆ្នាំ​មុន​។​

លោក ​ម៉ី វ៉ាន អគ្គ​នាយក​អគ្គ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​ឲ្យ​ដឹង​ថា តួលេខ​របស់​កាស៊ីណូ​ NagaWorld នៅ​ក្នុង​ឯកសារ​នេះ ​គឺ​ជា​របាយការណ៍​​មិន​ទាន់​ធ្វើ​សវនកម្ម ខណៈ​​ការ​ប្រមូល​ពន្ធ​ពី​អាជីវកម្ម​នេះ​របស់​​រដ្ឋាភិបាល​​ពឹង​​ផ្អែក​លើ​របាយ​ការណ៍​ដែលធ្វើ​សវនកម្ម​រួច។​

លោក​​​រំពឹង​ថា ​ចំណូល​ពន្ធ​​នឹង​មាន​ច្រើន​ជាង ​៨,៨១ ​លាន​ដុល្លារ ដោយ​សារ​ថា ​ក្រុមហ៊ុន​នេះ​នឹង​ចាំ​បាច់​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​​ពី​​ប្រតិបត្តិការ​មិន​មែន​ល្បែង​​ទៀត​ដែល​​សំដៅ​ដល់​​ប្រាក់​ចំណូល​​​បាន​មក​​ពី​ថ្លៃ​​​បន្ទប់​សណ្ឋាគារ ​ចំណូល​ពី​ប្រតិបត្តិការ​ភោជនីយដ្ឋាន​ និង​ចំណូល​ពី​​សេវា​ផ្សេងៗ​ទៀត។

លោក​ពន្យល់​ថា គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០១៤ ដែល​ពេល​នោះ​ប្រាក់​ចំណូល​​របស់​កាស៊ីណូ Naga World ​ទាប​ជាង​​ឆ្នាំ ​២០១៨ ផង​ រដ្ឋាភិបាល​​បាន​ប្រមូល​​ពន្ធ​ដល់​ទៅ​​ជាង ២០ ​លាន​ដុល្លារ​​រួច​ទៅ​ហើយ​​។ ​

លោក វ៉ាន់​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​​ថា​៖ «​យើង​មិន​ទាន់​​បាន​បញ្ចប់​ដំណើរ​ការ​សវនកម្ម​នៅ​ឡើយ​​ទេ​។ ​​ចាំ​មើល​សិន​​ នៅ​ពេល​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និង​អគ្គ​នាយកដ្ឋាន​ពន្ធដារ បញ្ចប់​របាយការណ៍​ដែល​ធ្វើ​សវនកម្ម​រួច​ ចំា​មើល​​ក្រុមហ៊ុន​នេះ​នឹង​កែ​តម្រូវ​របាយការណ៍​របស់​ខ្លួន​​នៅ​ផ្សារហ៊ុន​យ៉ាង​ម៉េច​​​»​។

​លោក​បន្ត​ថា​៖ «​ចំណូល​ពន្ធ​ជាក់​​ស្ដែង ​ដែល​ក្រុមហ៊ុន​នេះ​បង់​ដល់​ពួក​​យើង​ គឺ​នឹង​ច្រើន​ជាង​ចំនួន​ដែល​​គាត់​​​ចេញ​ផ្សាយ​នៅ​ផ្សារហ៊ុន​​»។​

តាម​លោក វ៉ាន់​ សេចក្ដី​ព្រាង​ច្បា​ប់​ស្តីពី​អាជីវកម្ម​កាស៊ីណូ​ បាន​ធ្វើ​សេចក្តី​ព្រាង​រួច​ហើយ​ និង​​កំពុង​រង់ចាំ​​ការ​អនុម័ត​​​ពី​រដ្ឋាភិបាល និង​រដ្ឋសភា​។

ប្រាក់​ចំណេញ​សុទ្ធ​របស់​​កាស៊ីណូ Naga World កាល​ពី​ឆ្នាំ ​២០១៨​ ដែល​ទើប​​ចេញ​ផ្សាយ​ គឺ​ស្មើ​ប្រមាណ​​ ៩០ ​ភាគរយ​ នៃ​ប្រាក់​ចំណេញ​សុទ្ធ​​កាល​ពី​ឆ្នាំ ២០១៧ របស់​គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ទាំង​អស់​​ បូក​​បញ្ចូល​គ្នា​។ វា​ក៏​​​ស្មើ​នឹង​​ជិត​៣ ដង​នៃ​ប្រាក់​ចំណេញ​សុទ្ធ​​របស់​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ (MFI) នៅ​​កម្ពុជា​បូក​បញ្ចូល​គ្នា​​។​

របាយការណ៍​ត្រួត​ពិនិត្យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) បង្ហាញ​ថា​ ធនាគារ​ពាណិជ្ជ​ទាំង​ ​៣៩ នៅ​កម្ពុជា​បូក​បញ្ចូល​គ្នា​ រក​ប្រាក់​ចំណេញ​សុទ្ធ​បាន ៤៣៥,​៧ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១៧ ខណៈ​ MFI​ រក​បាន ១៣៧,​៥​ ​​លាន​ដុល្លារ​។ របាយការណ៍​ត្រួត​ពិនិត្យ​របស់​ NBC សម្រាប់​ឆ្នាំ ​២០១៨ ​មិន​ទាន់​ចេញ​ផ្សាយ​នៅ​ឡើយ​ទេ។​

លោក​ Timothy Patrick McNally ប្រធាន NagaCorp បាន​ឲ្យ​ដឹង​​នៅ​​ក្នុង​ឯកសារ​នេះ​ថា ​ការ​មើល​ឃើញ​ភាព​ជោគជ័យ និង​កំណើន​ដ៏​រហ័ស​របស់​ Naga2 ​ក្រុមហ៊ុន​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​រៀបចំ​ផែនការ​សម្រាប់​ការ​អភិវឌ្ឍ​ Naga3​។​

លោក​បន្ថែម​ថា កំណើន​ភ្ញៀវ​ទេសចរ​​ក្រៅ​ស្រុក ជា​ពិសេស​​មក​ពី​ប្រទេស ​ចិន និង​​បរិយាកាស​នយោបាយ​​ប្រកប​ដោយ​ស្ថិរភាព ជា​មូលហេតុ​ដ៏​សំខាន់​ផ្សេង​ទៀត​ ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​កាន់​តែ​ច្រើន​ថែម​ទៀត​។​

លោក ​សន ​ជ័យ ​ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម ​បាន​ឲ្យ​ដឹង​ថា ​កំណើន​​ចំនួន​​កាស៊ីណូ​ និង​ប្រាក់​ចំណូល​របស់​កាស៊ីណូ ជា​និន្នាការ​គួរ​ឲ្យ​​បារម្ភ​មួយ​ ដោយ​​សារ​តែ​កត្តា​ហានិភ័យ​សង្គម​ ខណៈ​លោក​បាន​ឲ្យ​ដឹង​ថា ​មាន​​​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ ដោយ​សារ​​កំណើន​ចំនួន​អ្នក​លេង​ល្បែង។​

លោក​ថ្លែង​ថា​៖ «​​កម្ពុជា​មិន​ទាន់​​មាន​ការ​អនុវត្ត​ច្បាប់​លើ​អាជីវកម្ម​កាស៊ីណូ​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ ខ្ញុំ​តែង​តែ​បារម្ភ​ថា ​នៅ​ពី​ក្រោយ​កំណើន​ប្រាក់​ចំណេញ​ដ៏​ច្រើន​របស់​ប្រតិបត្តិករ​កាស៊ីណូ​នេះ តើ​អ្វី​ជា​ផល​ប៉ះពាល់​​​​នៅ​ពី​ក្រោយ​​នេះ​។​ ​

លោក​បញ្ជាក់​ថា​៖ «​​​កម្ពុជា​ចាំាបាច់​ត្រូវ​​​បង្កើន​ល្បឿន​​បញ្ចេញ​​​ច្បាប់​កាស៊ីណូ​ ដើម្បី​ប្រមូល​ពន្ធ​កាន់​តែ​ច្រើន​ ដើម្បី​​ប៉ះប៉ូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ដ៏​ធំ​ដោយ​សារ​តែ​អាជីវកម្ម​លេង​ល្បែង​»។ លោក​បន្ត​ថា​៖ «​​រហូត​មក​ដល់​​ពេល​នេះ ខ្ញុំ​មិន​ទាន់​ជឿជាក់​ថា ​ប្រាក់​ចំណូល​ពន្ធ​​បាន​ពី​​ក្រុមហ៊ុន​កាស៊ីណូ​​កំពុង​រួម​ចំណែក​ដល់​ដំណោះ​ស្រាយ​​របស់​បញ្ហា​នេះ​នោះ​ទេ​»។

តាម​របាយការណ៍​ពី​ខាង​អគ្គ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​​ជា​​និយតករ​អាជីវកម្ម​កាស៊ីណូ​​ រដ្ឋាភិបាល​បាន​ផ្តល់​​អាជ្ញាប័ណ្ណ​អាជីវកម្ម​កាស៊ីណូ​​ ៥២ ​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​ ២០១៨​ ដែល​​ធ្វើ​ឲ្យ​​​ចំនួន​កាស៊ីណូ​នៅ​កម្ពុជា​​​កើន​ឡើង​​​​ដល់​​ចំនួន​សរុប​ ១៥០ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០១៨។​ គ្រាន់​តែ​ខេត្ត​ព្រះ​​សីហនុ​មួយ​ មាន​ទីតាំង​អាជីវកម្ម​កាស៊ីណូ​ស្រប​ច្បាប់ ៨៨ ​ទីតាំង៕ LA