
កាស៊ីណូ និងសណ្ឋាគារ NagaWorld នៅកណ្តាលទីក្រុងភ្នំពេញ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ក្រុមហ៊ុន Nagacorp ដែលជាប្រតិបត្តិករកាស៊ីណូ និងសណ្ឋាគារ NagaWorld នៅកណ្តាលទីក្រុងភ្នំពេញបានបោះមូលបត្របំណុលលក់ជាលើកដំបូងនៅក្រៅប្រទេស ដើម្បីប្រមូលដើមទុនបន្ថែម ៣០០ លានដុល្លារ សម្រាប់ពង្រីកអាជីវកម្មល្បែង និងការកែលម្អបន្ទប់សណ្ឋាគារនៅភ្នំពេញ។
តាមសេចក្តីជូនដំណឹង Nagacorp ដែលបានចេញផ្សាយនៅផ្សារហ៊ុនក្រុងហុងកុង Nagacorp បានសម្រេចកិច្ចព្រមព្រៀងទិញ-លក់មូលបត្របំណុលជាមួយក្រុមហ៊ុន ២ គឺ ក្រុមហ៊ុន Credit Suisse (Hong Kong) Ltd និងក្រុមហ៊ុន Morgan Stanley ក្នុងគម្រោងបោះផ្សាយលក់មូលបត្របំណុលដែលមានទឹកប្រាក់សរុប ៣០០ លានដុល្លារ។
មូលបត្របំណុលដែលបោះលក់ដោយក្រុមហ៊ុន Nagacorp នឹងមានរយៈពេល ៣ ឆ្នាំរហូតដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ ដោយមានអត្រាការប្រាក់ ៩,៣៧ ភាគរយក្នុងមួយឆ្នាំ។ បន្ទាប់ពីកាត់ថ្លៃជើងសា និងចំណាយផ្សេងៗ ក្រុមហ៊ុន Nagacorp អាចប្រមូលបានដើមទុនសុទ្ធពីការបោះផ្សាយលក់មូលបត្របំណុល ២៩០ លានដុល្លារ។
សេចក្តីជូនដំណឹងរបស់ Nagacorp បញ្ជាក់ថា៖ «ក្រុមហ៊ុនគ្រោងប្រើប្រាស់ដើមទុនសុទ្ធដែលប្រមូលបាននេះទៅគាំទ្រដល់កំណើនអាជីវកម្មល្បែងរបស់យើង ជាពិសេសទីផ្សារល្បែងសម្រាប់ភ្ញៀវ VIP និងធ្វើការកែលម្អបន្ទប់សណ្ឋាគារនៅ Naga 1»។
ក្រុមហ៊ុនចុះបញ្ជីនៅទីក្រុងហុងកុងមួយនេះមានអាជ្ញាប័ណ្ណផ្ដាច់មុខក្នុងការប្រតិបត្តិការកាស៊ីណូនៅក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុននេះបានចាប់ផ្ដើមប្រតិបត្តិការ NagaWorld ដែលនាពេលនេះត្រូវបានគេហៅថា Naga 1 ដែលបានបើកដំណើរការកាលពីឆ្នាំ ២០០៦។
អគារ Naga1 ពេលនេះត្រូវបានភ្ជាប់ជាមួយ Naga 2 ដែលត្រូវបានបើកដំណើរការកាលពីខែតុលាឆ្នាំមុន។ Naga 1 និង Naga 2 បានភ្ជាប់គ្នានាពេលនេះដែលត្រូវបានគេហៅថា NagaWorld Complex ហើយត្រូវបានភ្ជាប់តាមរយៈហាងក្រោមដី ឬ NagaCity Walk។
កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន NagaCorp បានរាយការណ៍ពីប្រាក់ចំណេញរហូតដល់ ២៥៥ លានដុល្លារក្នុងនោះចំណូលដុលមានរហូតដល់ទៅ ៩២៦ លានដុល្លារ។ ក្រុមហ៊ុន NagaCorp ត្រូវបានរាយការណ៍ថា បានបង់ពន្ធតែ ៨,១២ លានដុល្លារក្នុងឆ្នាំ ២០១៧។
យោងតាមកម្រិតដែលមូលបត្របំណុលបានបោះផ្សាយនៅផ្សារហ៊ុនហុងកុង មូលបត្របំណុលត្រូវបានរំពឹងថា នឹងផ្តល់ចំណាត់ថ្នាក់ក្នុងកម្រិត B1 ពីក្រុមហ៊ុន Moody និង កម្រិត B ពី Standard & Poor។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities (Cambodia) បានលើកឡើងកាលពីម្សិលមិញថា មូលបត្របំណុលដែលនឹងត្រូវបោះផ្សាយ ហើយត្រូវចាត់ថ្នាក់ក្នុងកម្រិត B1 ដោយក្រុមហ៊ុន Moody នឹងក្លាយជាចំណាត់ថ្នាក់ល្អជាងមួយពិន្ទុ ធៀបនឹងចំណាត់ថ្នាក់ឥណទានរបស់ប្រទេសកម្ពុជា។
លោក Han Kyung Tae បានលើកឡើងថា៖ «វាបានបង្ហាញថាក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាអាចទទួលបានចំណាត់ថ្នាក់ឥណទានល្អជាងប្រសិនបើមូលបត្របំណុលរបស់ពួកគេត្រូវបានបោះផ្សាយលក់ជារូបិយប័ណ្ណបរទេស ឧទាហរណ៍ដូចជាប្រាក់ដុល្លារ»៕ LA