ភ្នំពេញៈ NagaCorp ជា​ក្រុមហ៊ុន​មេ​របស់​កាស៊ីណូ​ Naga World នៅ​កម្ពុជា​ និង​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ការអភិវឌ្ឍ រមណីយដ្ឋាន​រួម​បញ្ជូល​គ្នា​ (Integrated Resort-IR) នៅ​តំបន់​ជាច្រើន​របស់​ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ​។ នេះ​បើ​យោងតាម​គេហទំព័រ GGRAsia​។

គេហទំព័រ និង​ជា​ទីភ្នាក់ងារ​ព័ត៌មាន GGRAsia បាន​រាយការណ៍​ព័ត៌មាន​អំពី​ឧស្សាហកម្ម​កាស៊ីណូ​បាន​កត់សម្គាល់​ថា​ពាក្យ​ «IR» ​ឬ​រមណីយដ្ឋាន​រួម​បញ្ជូល​គ្នា​ (IR) ត្រូវបាន​ប្រើប្រាស់​ជាធម្មតា​នៅក្នុង​ឧស្សាហកម្ម​ភ្នាល់​ល្បែង​ដើម្បី​ពណ៌នា​កាស៊ីណូ​មាន​លក្ខណពិសេស​ទ្រង់ទ្រាយ​ធំ ព្រមទាំង​ជា​ទីកន្លែង​ទេសចរណ៍ និង​សន្និសីទ​ផងដែរ​។ ពាក្យ​នេះ​ជួនកាល​ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ពណ៌នា​ពី​រមណីយដ្ឋាន​មួយ​មាន​លក្ខណពិសេស ប៉ុន្តែ​មិនមាន​កាស៊ីណូ​។

NagaCorp ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង មាន​សិទ្ធិ​ផ្ដាច់មុខ​កាស៊ីណូ​រយៈពេល​វែង​នៅ​ភ្នំពេញ​បាន​លើកឡើង​ពី​គោលបំណង​របស់ខ្លួន​ពង្រីក​ទីផ្សារ​កម្ពុជា​នៅក្នុង​លទ្ធផល​បណ្ដោះអាសន្ន​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បត៍​។

ក្រុមហ៊ុន​នេះ​បញ្ជាក់ថា​៖ «​វា​ជា​គោលបំណង​របស់​ក្រុមហ៊ុន​ដែល​ត្រូវបាន​គេ​យល់ថា ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​រួមបញ្ចូល​គ្នា​មាន​លក្ខណៈ​ទូលំទូលាយ និង​ប្រកប​ដោយ​គុណភាព ដែល​សង្កត់ធ្ងន់​លើ​ប្រភព​ប្រាក់ចំណូល​ដែល​មិនមែន​ជា​ការភ្នាល់​ល្បែង​»​។

NagaCorp បានកត់សម្គាល់​បន្ថែម​ទៀតថា​៖ «​វា​ជា​គោលបំណង​របស់​ក្រុមហ៊ុន​ក្នុង​ការស្វែងរក​ការអភិវឌ្ឍ IR ដែល​សម្រេចបាន និង​ទទួលបាន​ប្រាក់ចំណេញ​នៅ​តំបន់​សៀមរាប និង​ក្រុងព្រះសីហនុ​។ នៅពេល​នោះ​យើង​ជឿជាក់ថា ក្រុមហ៊ុន​នេះ​នឹង​ទទួលបាន​ទីតាំង​ឈរជើង​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ​IR លំដាប់​ពិភពលោក​ដែលមាន​លក្ខណៈ​ជា​យុទ្ធសាស្ដ្រ និង​ទូលំទូលាយ​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​»​។

លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មិន​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​ដឹង​រឿងនេះ​ទេ​។ ខ្ញុំ​មិនដឹងថា​គេ​ទទួលបាន​ព័ត៌មាន​ពី​ណា​នោះទេ​។ នៅក្នុង​ច្បាប់​យើង​គេ​ហាម​បើក​កាស៊ីណូ​នៅ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប ប៉ុន្តែ​បើ​ក្រុមហ៊ុន​ចង់​អភិវឌ្ឍ​រមណីយដ្ឋាន​ចម្រុះ​ត្រូវសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទេសចរណ៍​»​។

លោក តុប សុភ័ក្រ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា លោក​ក៏​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​ក្រសួង​អាច​ពិចារណា ប្រសិនបើ​ក្រុមហ៊ុន​នេះ​ចង់​វិនិយោគ​លើ​រមណីយដ្ឋាន​រួម​បញ្ជូល​គ្នា​ (IR) បម្រើ​ដល់​វិស័យ​ទេសចរណ៍​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​គាត់​ចង់​បើក​រមណីយដ្ឋាន​ដែលមាន​សាលសន្និសីទ​គាត់​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម មុននឹង​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួងទេសចរណ៍​»​។

ក្រុមហ៊ុន Nagacorp ដែល​គ្រប់គ្រង​កាស៊ីណូ Naga World ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​តែមួយគត់​របស់​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន​កំពុង​អភិវឌ្ឍន៍​គម្រោង Naga3 មាន​តម្លៃ​ ៤ ​ពាន់​លាន​ដុល្លារ​នៅលើ​ទីតាំង​អតីត​ «​ប៊ុលឌីងស​» នៅ​សង្កាត់​ទន្លេបាសាក់​។

NagaCorp បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៧ ​ខែ​សីហា ថា ក្រុមហ៊ុន​បាន​រកប្រាក់​ចំណេញ​សុទ្ធ​ជាង​ ២០,៦ ​លានដុល្លារ​អាមេរិក​នៅ​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំនេះ ដោយ​ធ្លាក់ចុះ​ ៩១,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ព្រោះ​វិបត្តិ​កូវីដ​។ ចំណែកឯ​ប្រាក់ចំណូល​ក៏បាន​ធ្លាក់ចុះ​ ៥៧,៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​មក​ត្រឹម​ ៣៧៧,៥ ​លាន​ដុល្លារ​៕LA