ភ្នំពេញៈ ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) នៅ​ថ្ងៃ​ព្រហស្បត្តិ៍​​​នេះ ​បាន​ចេញ​ផ្សា​យ​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​​មួយ​ដោយ​បញ្ជាក់​ថា ​មាន​តែ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ ៧ ប៉ុណ្ណោះ​​ដែល​បាន​ទទួល​អា​ជ្ញា​ប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​ NBC ហើយ​អាច​ទទួល​យក​ប្រាក់​បញ្ញើ​ពី​សារធារណៈ​ជន​ដោយ​ស្រប​ច្បាប់។

សេច​ក្តី​បញ្ជាក់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្រ្តី​ NBC បាន​ទទួល​ដំ​ណឹង​ថា មានប្រ​តិ​បត្ត​ករ​ឥណ​ទាន​ជន​បទ​មួយ​ចំ​នួន​ ដែល​ទើប​កម្លាយ​ខ្លួន​ពី​អង្គ​កា​រ​មិន​មែន​រដ្ឋា​ភិ​បាល​ បាន​កំ​ពុង​អូស​ទាញ​ប្រ​ជាពល​រដ្ឋ​តាម​រយៈ​ការ​ប្រ​មូល​ប្រាក់​បញ្ញើពី​សា​ធារណៈ​ជន​ក្រោម​រូប​ភាព​ផ្សេងៗ​ ដោយ​សន្យា​ផ្តល់អត្រា​ចំ​ណេញ​ខ្ពស់។

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​បញ្ជាក់​ថា​៖​«​[គ្រឹះ​ស្ថាន​ទាំង​នោះ​]​ កំ​ពុង​អូស​ទាញ​ប្រ​ជា​ពល​រដ្ឋ​តាម​រយៈ​ការ​ប្រ​មូល​ប្រាក់​បញ្ញើ​ពី​សា​ធារណៈ​ជន​ក្រោម​រូប​ភាព​ កិច្ច​សន្យា​ខ្ចី​ប្រាក់​ និង​ការ​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​ ព្រម​ទាំង​ការ​ផ្តល់​ប្រាក់​កម្ចី​ល្មើស​ច្បាប់​`»។​

NBC មិន​បាន​បញ្ជាក់​ពី​អត្ត​សញ្ញាណ​គ្រឹះ​ស្ថាន​ទាំងនោះ​ទេ ហើ​យ​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ មាន​តែ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​៧ ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុ​ញ្ញាត​ពី​ NBC ក្នុង​ការ​ទទួល​បាន​ប្រាក់​បញ្ញើស្របច្បាប់​។​​

គ្រឹះ​ស្ថាន​ទាំង​នោះ​រួម​មាន គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ វី​សិន​ហ្វាន់ (ខេម​បូ​ឌា) ហត្ថា​កសិករ អេ​អឹម​ខេ ក្រេ​ឌីត អម្រឹត​ និង​ អិល​អូ​អិល​ស៊ី។

ក្រៅ​ពី​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវ​ត្ថុ​ទាំង​៧ ខាង​លើ​នេះ គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវ​ត្ថុ​ និង​គ្រឹះ​ស្ថានឥ​ណ​ទាន​ជន​បទ​ [ផ្សេង​ៗ បើ​ទោះ​បី​ជា​] ​ស្ថិ​ត​ក្រោម​ការ​ត្រួត​ពិ​និត្យ​របស់ NBC [ក៏​ដោយ​] ​មិន​ត្រូវ​បាន​អនុ​ញ្ញាតឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារ​ណៈ​ជន​ឡើយ​ ទោះ​ជា​ក្រោម​រូប​ភាព​ណា​ក៏​ដោយ»៕